ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្ត្រ​ អ៊ុំ សំអាន​ មិន​ឆ្លើយ​​សំណួរ​តុលាការ​ដោយ​សំអាង​​អភ័យ​ឯកសិទ្ធិ


លោក​សំ​ សុខគង់ ជា​មេធាវីការពារក្តី​ម្នាក់​ទៀត​ ឲ្យអ្នកតំណាងរាស្ត្រ​ អ៊ុំ សំអាន​ ប្រាប់​អ្នកសារព័ត៌មាន​ កាល​ពីថ្ងៃ​ទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៦ ថា​ ពាក្យ​បណ្តឹង​សុំ​នៅក្រៅឃុំ​របស់​កូន​ក្តីលោក​ បាន​ទៅដល់​ដៃ​តុលាការ​កំពូល​កាលពីថ្ងៃ​ច័ន្ទ​សប្តា​ហ៍នេះ​។​ (ហ៊ុល​ រស្មី/VOA)

​នៅ​មុន​ពេល​តុលាការ​ធ្វើ​ការ​​ចោទ​ប្រកាន់​រូប​លោក​ ​លោក អ៊ុំ​ សំអាន​ ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ផែនទី​ និង​ការ​បោះ​​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​បន្ត​ការ​សាកសួរ​លោក ​អ៊ុំ ​សំអាន​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ ​ក្នុង​សំណុំ​រឿង​ការ​ប្រើប្រាស់ផែនទី​កម្ពុជា-វៀតណាម ​បន្ទាប់​ពីសាលាឧទ្ធរណ៍បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាងរាស្ត្រ​រូប​នេះកាល​ពី​សប្តាហ៍​មុន។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ អ៊ុំ ​សំអាន។​

លោក​ សំ​ សុខគង់​ មេធាវី​ការពារក្តី​លោក​ អ៊ុំ ​សំអាន​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​សាលាដំបូងរាជធានី​ភ្នំពេញ​ថា​ ចៅក្រម​ស៊ើបសួរ​លោក​ តុប​ ឈុនហេង​ បាន​សួរ​កូន​ក្តី​លោកពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ​កូន​ក្តី​របស់​លោកបាន​បដិសេធ​មិន​ឆ្លើយ​រាល់​សំណួរ​ទាំង​អស់។​ លោក​បញ្ជាក់​ថា​ ​ក្រុម​មេធាវី​នឹង​ស្វះស្វែង​រក​ការ​បកស្រាយ​ផ្លូវ​ច្បាប់​ទៅ​លើមាត្រា​៨០​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​និយាយពី​អភ័យឯកសិទ្ធិ​របស់តំណាងរាស្ត្រ។​

លោក​ សំ​ សុខគង់ បញ្ជាក់​ថា៖

«គោលបំណង​របស់​មេធាវី​ចង់​ស្នើ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​បកស្រាយ​មាត្រា​៨០​ហ្នឹង​ ហើយ​និង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ចំពោះ​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន​ដែល​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញហ្នឹង»។​

​មេធាវី​ការពារក្តីលោក​ អ៊ុំ​ សំអាន​ ម្នាក់​ទៀត​ គឺ​លោក​ ហែម សុជាតិ​ បាន​និយាយ​ស្រដៀង​គ្នាប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា​ តុលាការ​បាន​សួរ​កូន​ក្តី​លោក​ ថា​តើ​ហេតុ​អ្វី​បាន​ជាកូន​ក្តី​លោក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុករិះគន់​រឿង​ព្រំដែន​ ខណៈ​ដែល​រដ្ឋាភិបាល​ មាន​គណៈកម្មការ​ព្រំដែន​និង​ក្រុម​ការងារ​បច្ចេកទេស​សម្រាប់​ពិនិត្យ​លើ​កិច្ចការព្រំដែន។ លោក​ ហែម​ សុជាតិ​ បន្ថែម​ថា​ ​កូន​ក្តី​របស់​លោក​បាន​រក្សា​ជំហរ​មិន​ឆ្លើយ​រាល់​សំណួរ​ទាំង​អស់​ ​ដោយ​សំអាង​ថា ​លោក​នៅ​មាន​អភ័យឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ។

លោក ​មេធាវី​ ហែម សុជាតិ​ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅសាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៦​ អំពី​លោក​ អ៊ុំ សំអាន​ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ ដែល​បដិសេធ​មិន​ផ្តល់​ចម្លើយ​នៅ​មុខ​ចៅក្រម​ស៊ើប​អង្កេត​ ក្នុង​សំណុំ​រឿង​ផែនទី និងព្រំដែន​កម្ពុជា​វៀតណាម​។​ (ហ៊ុល រស្មី/​VOA)
លោក ​មេធាវី​ ហែម សុជាតិ​ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅសាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៦​ អំពី​លោក​ អ៊ុំ សំអាន​ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ ដែល​បដិសេធ​មិន​ផ្តល់​ចម្លើយ​នៅ​មុខ​ចៅក្រម​ស៊ើប​អង្កេត​ ក្នុង​សំណុំ​រឿង​ផែនទី និងព្រំដែន​កម្ពុជា​វៀតណាម​។​ (ហ៊ុល រស្មី/​VOA)

អ្នក​តំណាងរាស្ត្រ​ អ៊ុំ​ សំអាន​ បាន​បដិសេធ​មិន​ឆ្លើយ​រាល់​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្រ្ត។​ ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ អ៊ុំ​ ​សំអាន​ និយាយ​ថា​ ពួក​គេ​នឹង​ស្នើ​ឲ្យ​ស្ថាប័ន​ច្បាប់​កំពូល​ផ្សេង​ទៀត​ពិនិត្យ​លើ​នីតិវិធី​ច្បាប់​ទាក់ទងការ​ចាប់​ខ្លួន​លោក​ អ៊ុំ សំអាន។​

លោក​ អ៊ុំ ​សំអាន​ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​សៀម​រាប​ ​នៅ​យប់​ថ្ងៃអាទិត្យ​ទី​៩​ខែ​មេសា ឆ្នាំ​២០១៦​ គឺ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ស.រ.អា.វិញ។​ លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១០ ​ខែ​មេសា ហើយ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ» ​និង​«ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។​

​នៅ​មុន​ពេល​តុលាការ​ធ្វើ​ការចោទ​ប្រកាន់​រូប​លោក​ ​លោក អ៊ុំ​ សំអាន​ ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ផែនទី​ និង​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

បន្ទាប់​ពី​លោក ​អ៊ុំ​ សំអាន​ ត្រូវ​បាន​ចាប់​ និង​ឃុំ​ខ្លួន​ សភា​ដែល​មាន​តែ​តំណាងរាស្រ្ត​៦៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពីថ្ងៃ​អង្គារ​ទី​១២​ ​ខែ​មេសា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ឃុំ​ខ្លួន​លោក​ អ៊ុំ សំអាន។​ ក្នុង​ថ្ងៃ​ដដែល​នោះ​ លោក​ តុប ឈុនហេង​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញដីកា​សម្រេច​ឃុំខ្លួន​លោក​ អ៊ុំ​ សំអាន​ ជា​បណ្តោះ​អាសន្ន​រយៈ​ពេល​អតិបរមា​៤​ខែ។​

​VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ តុប ឈុនហេង​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​សុំ​ការ​អធិប្បាយ​ទៅ​លើ​ការ​បដិសេធ​មិន​ឆ្លើយ​សំណួរ​ ដែល​ធ្វើ​ឡើង​ដោយ​ លោក​ អ៊ុំ ​សំអាន​ តែនៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

​ប៉ុន្តែ​លោក​ លី ​សុផាន់ណា​ អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ VOA ​ថា​ លោក​ អ៊ុំ ​សំអាន​ បាន​ធ្វើ​ឲ្យ​បាត់​ឱកាសក្នុង​ការ​ឆ្លើយ​ដោះ​បន្ទុក​លើ​ខ្លួន​លោក​ ​នៅ​ពេល​លោក​មិន​ព្រម​ឆ្លើយ​សំណួរ​របស់​ចៅ​ក្រម​ស៊ើបសួរ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖

«ជន​ត្រូវ​ចោទ​ អ៊ុំ​ សំអាន​ ហ្នឹង​ដែល​គាត់​មិន​ឆ្លើយ​ទាំង​អស់​ចំពោះ​សំណួរ​ដែល​ចៅក្រម​ស៊ើបសួរ​បាន​ សួរ​ មិន​បាន​ប៉ះពាល់​ទៅ​ដល់​នីតិវិធី​នៃ​កិច្ច​ស៊ើប​សួរ​របស់​ចៅក្រម​ស៊ើបសួរ​ទេ​ ហើយ​វា​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ​ខ្លួនឯង​ហ្នឹង​ បាត់​បង់​នូវ​ប្រយោជន៍​ ដោយ​សារ​តែ​គាត់​អត់​បាន​ឆ្លើយ​ដោះ​បន្ទុក​ទៅ​លើ​ខ្លួន​គាត់​ នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ»។

កាល​ពី​សប្ដាហ៍​មុន​ ​បន្ទាប់​ពី​ដើរ​ចេញ​ពី​អង្គ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​លោក​ អ៊ុំ សំអាន​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​មិន​មាន​សង្ឃឹម​ថា​នឹង​បាន​នៅ​ក្រៅ​ឃុំ​ទេ​ ហើយ​បាន​ចោទ​តុលាការ​ថា​ បាន​រំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក។​ លោក​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​ដោយ​លោក​បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី​ថា​ បាន​រំលោភ​ទៅ​លើ​មាត្រា​ ៨០​នៃ​រដ្ឋ​ធម្មនុញ្ញ។​

​យ៉ាង​ណា​ក៏​ដោយ​លោក​ ហ៊ុន សែន​ បាន​ថ្លែង​ខ្លាំងៗ​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ខែ​មេសា​ថា​ លោក​នឹងចាប់​ខ្លួន​អ្នក​ទាំង​ឡាយ​ណា​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ។

​លោក​ សុខ​ ឥសាន​ អ្នកនាំ​ពាក្យគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បាន​បញ្ជាក់​សារ​ជាថ្មី​ថា​ ការ​ចាប់​ឃុំ​ខ្លួន​លោក​ អ៊ុំ​ សំអាន​ គឺ​ធ្វើ​ឡើង​ដោយ​តំណាងរាស្ត្រ​រូប​នេះ​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង។​ លោក​បន្ថែម​ថា​ សកម្មភាព​របស់​លោក អ៊ុំ​ សំអាន ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ មិនមែន​ជា​ការ​សម្តែង​មតិ​នោះ​ទេ​ ហើយ​ថា​ ការ​ចោទ​ប្រកាន់​របស់​លោក​ អ៊ុំ​ សំអាន​ដែលថា​ រដ្ឋាភិបាល​បាន​ប្រើ​ផែនទី​ក្លែងក្លាយ គឺ​ជា​ការប្រមាថ​ស្ថាប័ន​កំពូល​របស់​ជាតិ។​

លោក​ សុខ​ ឥសាន ថ្លែង​ថា៖

«ផែន​ទី​ដែល​រដ្ឋាភិបាល​ប្រើ​គឺ​អនុម័ត​ដោយ​រដ្ឋសភា​ ព្រឹទ្ធសភា​ ហើយ​មាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​ លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ ​ហើយ​បើ​ អ៊ុំ​ សំអាន​ ថា​ផែនទី​ក្លែងក្លាយ​ អា​ហ្នឹង​មាន​ព្រះ​មហាក្សត្រ​ក្លែង​ក្លាយ​ សភា​ក្លែងក្លាយ​ ព្រឹទ្ធសភា​ក្លែងក្លាយ​ អា​ហ្នឹង​ហើយ​ជា​ការ​ប្រមាថ​ស្ថាប័ន​របស់​ជាតិ»។​

បច្ចុប្បន្ន​នេះ ​មាន​សមាជិក​ និងសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​រូប​ហើយ ​បាន​ជាប់​ឃុំឃាំង ​ក្នុង​នោះ​ក៏​មាន​លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ ដែល​ជាប់​ចោទ​ក្នុង​រឿង​ផែនទី ​និង​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដូច​លោក​ អ៊ុំ សំអាន​ដែរ។​ ក្រុម​មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ សំអាន​ បាន​បញ្ជាក់​ថា​ ពួកគេ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​សុំ​ឲ្យ​លោក​ អ៊ុំ​ សំអាន​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ៕

XS
SM
MD
LG