មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាជំរុញឱ្យមានការស៊ើបអង្កេតបន្តទៀតពាក់ព័ន្ធនឹងករណីភ្លើងឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីសប្តាហ៍មុន ដើម្បីឱ្យមានអ្នកទទួលខុសត្រូវលើករណីភ្លើងឆេះសម្លាប់មនុស្សយ៉ាងតិច២៦នាក់នេះ។
កាលពីយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មានករណីភ្លើងឆេះអគារកាស៊ីណូនិងសណ្ឋាគារ Grand Diamond ដែលបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ភាគច្រើនជាជនជាតិថៃ។ កាស៊ីណូមួយនេះមានម្ចាស់ជាជនជាតិថៃ។ ករណីឆេះនេះត្រូវបានអាជ្ញាធរកម្ពុជាសន្និដ្ឋានបឋមថា ដោយសារឆ្លងចរន្តអគ្គិសនី ពេលកាស៊ីណូបានប្រើប្រាស់ភ្លើងច្រើនសម្រាប់រៀបចំឆ្លងឆ្នាំ។ គេមិនទាន់ដឹងនៅឡើយទេថា មូលហេតុអ្វីបានជាភ្លើងឆេះមិនអាចពន្លត់បានភ្លាមៗ ហើយបណ្តាលឱ្យឆាបឆេះរហូតដល់ជាង១៥ម៉ោង។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដើម្បីឱ្យមានដំណោះស្រាយជាក់លាក់ត្រូវតែមានការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតនៃភ្លើងឆេះ ជាពិសេសថា តើការណ៍ដែលមានមនុស្សស្លាប់បណ្តាលមកពីអ្វីពិតប្រាកដ។
លោកថ្លែងថា៖ «ហ្នឹងតើបណ្តាលមកពីអ្វី? បណ្តាលមកពីបញ្ហាការគ្រប់គ្រងរបស់ក្រុមហ៊ុនហ្នឹង ការបិទទ្វារមិនឱ្យមនុស្សចេញ ឬក៏យ៉ាងម៉េច ឬក៏មានចេតនាធ្វើឱ្យមនុស្សស្លាប់។ នេះបើរកឃើញមានចេតនាគឺទោសព្រហ្មទណ្ឌបន្ថែមពីលើហ្នឹងទៀត។ ប្រសិនជាក្រុមហ៊ុនបញ្ជា ឬក៏សន្តិសុខរបស់ក្រុមហ៊ុនទៅប្រព្រឹត្តបន្ថែមនៅពេលដែលមានហានិភ័យកើតឡើងហើយនៅមិនខ្វល់ពីអាយុជីវិតរបស់មនុស្ស ប៉ុន្តែដើម្បីផលប្រយោជន៍ខ្លួនឯង។ នេះក៏ជាផ្នែកមួយនៃទោសព្រហ្មទណ្ឌដែរ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ជំរុញឱ្យមានការស្វែងរកឱ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយចំនួនអ្នកដែលស្លាប់។ លោកក៏ជំរុញឱ្យមានការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុនផ្ទាល់ និងរដ្ឋផងដែរពាក់ព័ន្ធជាមួយបញ្ហាសំណងនិងការព្យាបាលផ្សេងៗ។
ចំណែកលោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា ពាក់ព័ន្ធជាមួយករណីនេះ វាត្រូវតែមានការស៊ើបអង្កេតឱ្យបានតឹងរ៉ឹង និងតម្លាភាព ដើម្បីជីកកកាយរកការណ៍ពិត។ ដូច្នេះលោកថា វាត្រូវតែមានការទទួលខុសត្រូវពីសំណាក់អ្នកគ្រប់គ្រងនៃក្រុមហ៊ុននោះ។
លោកថ្លែងថា៖ «ក្រុមគ្រួសារអ្នកស្លាប់ ឬក៏ជនរងគ្រោះក្នុងឧប្បត្តិហេតុហ្នឹងគឺគាត់អាចមានសិទ្ធិហើយនៅក្នុងការដាក់ពាក្យបណ្តឹងទាក់ទងហ្នឹងសំណងរដ្ឋប្បវេណី។ ទី១ វាជាការសម្របសម្រួលទាក់ទងនឹងបញ្ហាមនុស្សធម៌ ជាការផ្តល់ជំនួយពីភាគីពាក់ព័ន្ធ ឬក៏រាជរដ្ឋាភិបាល។ ទី២ រឿងសំណងរដ្ឋប្បវេណីហ្នឹងគឺគាត់អាចដាក់ពាក្យបណ្តឹងទៅតុលាការ ហើយការវិនិច្ឆ័យយ៉ាងណា វាអាស្រ័យទៅលើតុលាការទេ»។
អ្នកស្រី ហុក រ៉ានី បានបាត់ក្មួយប្រុស ឈ្មោះ កែវ វិសុទ្ធ អាយុ៤៨ឆ្នាំ ជាប្រធានផ្នែកបុគ្គលិកនៅក្នុងកាស៊ីណូ Grand Diamond City។ អ្នកស្រីប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អ្នកស្រីកំពុងតែពិភាក្សាជាមួយសមាជិកគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹង ខណៈអ្នកស្រីមិនទាន់ដឹងថា តើក្មួយរបស់អ្នកស្រីស្លាប់ ឬក៏រស់នៅឡើយទេ។ ស្ត្រីរូបនេះអះអាងថា បានខំដើររកក្មួយរបស់ខ្លួនដែរ ប៉ុន្តែនៅតែមិនឃើញ ខណៈអាជ្ញាធរអះអាងថា មិនមានអ្នកស្លាប់ជាជនជាតិខ្មែរឡើយ។
អ្នកស្រីថ្លែងថា៖ «បើថា អត់មាន[អ្នកស្លាប់ជាជនជាតិខ្មែរ] តើមនុស្សនោះទៅណាហើយ បើធ្វើការនៅទីនោះដែរ? បើធ្វើការនៅទីនោះ ហើយអត់ឃើញនៅហ្នឹង តើមនុស្សទៅណា?»
អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់វីអូអេថា អាជ្ញាធរកំពុងតែស៊ើបអង្កេតបន្តទៀតតាមផ្លូវច្បាប់លើករណីនេះ ខណៈប្រតិបត្តិការស្វែងរកសាកសពបានបិទបញ្ចប់។
បើតាមលោក សេក សុខុម ពាក់ព័ន្ធជាមួយសំណងនៅមិនទាន់បានពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធនៅឡើយទេ។ លោកបន្តថា សាកសពដែលបានរកឃើញចំនួន២៦នាក់មិនមានជនជាតិខ្មែរណាម្នាក់ឡើយ ហើយថាសាកសពមនុស្ស៦នាក់ដែលត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទីហើយមិនស្គាល់អត្តសញ្ញាណកំពុងតែត្រូវបានធ្វើ DNA ឬកំណត់ទិន្នន័យហ្សែន ខណៈមកដល់ពេលនេះមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
លោកបញ្ជាក់ថា៖ «ឃើញមានអ្នកកាន់រូបថតមកថា បាត់សាច់ញាតិគាត់ពីរនាក់ បីនាក់អីហ្នឹង ឃើញកាន់រូបថត ប៉ុន្តែអាហ្នឹងអាជ្ញាធរកំពុងតែស្រាវជ្រាវមើល»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកពាក់ព័ន្ធនៃកាស៊ីណូ Grand Diamond បាននៅឡើយទេ។
ក្រោយមានហេតុការណ៍នេះកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អគារខ្ពស់ៗត្រូវតែមានរថយន្តពន្លត់អគ្គិភ័យដើម្បីការពារចំពោះគ្រោះឧបទ្ទវហេតុអគ្គិភ័យដូចនេះ។
នៅក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនោះ ជនជាតិនេប៉ាល់ម្នាក់ គឺលោក Nirakar Pandey បានស្លាប់ ដោយសារលោតពីលើអគារ។ មុនពេលស្លាប់ ជនជាតិនេប៉ាល់រូបនេះបានហៅទូរស័ព្ទជាវីដេអូមកក្រុមគ្រួសារតាមប្រព័ន្ធ Viber ដោយប្រាប់ក្រុមគ្រួសារថា លោកជាប់នៅអគារជាន់ទី១២ ហើយមិនមានជម្រើសអ្វី ក្រៅពីលោតពីលើអគារឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Kathmandu Post ចុះផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២៕