កម្មករមួយចំនួនដែលធ្វើការនៅអគារកាស៊ីណូក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានហក់ចុះពីលើអគារទាំងកណ្តាលយប់ ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ ដោយសារភ្លើងបន្តឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City រហូតបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩ នាក់ស្លាប់ និងជាង ៦០ នាក់រងរបួស។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។
ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារមានមនុស្សជាប់គាំងក្នុងអគារ ខណៈបន្ទប់ខ្លះទៀតជាប់សោរ។ អាជ្ញាធរបានឲ្យដឹងថា មនុស្សប្រមាណ ៤០០ នាក់មានវត្តមាននៅក្នុងអគារដែលឆាបឆេះស្ទើរតែទាំងស្រុងនោះ។
អ្នកស្លាប់ និងអ្នករបួសទាំងនោះជាពលរដ្ឋចម្រុះជាតិសាសន៍ ដែលជាអ្នកបម្រើការនៅកាស៊ីណូជាប់ព្រំដែនប្រទេសថៃ និងជាភ្ញៀវដែលស្នាក់នៅទីនោះ។ កាស៊ីណូនោះមានម្ចាស់គ្រប់គ្រងជាជនជាតិថៃ។
ហេតុការណ៍នៃអគ្គិភ័យនោះបានកើតឡើងនៅម៉ោងប្រមាណ ១១ និង ៣០ នាទីយប់ ថ្ងៃពុធ ទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ដោយមន្ត្រីនានាបញ្ជាក់ថា ដោយសារឆ្លងចរន្តអគ្គិសនី។
លោក សេក សុខុម អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកំពុងជួយសង្រ្គោះមនុស្សផ្សេងទៀត។ ប៉ុន្តែលោកបញ្ជាក់ប្រាប់វីអូអេកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា មនុស្ស ១៩ នាក់បានស្លាប់ និងរបួសប្រមាណ ៦០ នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍។ លោកបន្ថែមថា ដោយសារការរៀបចំច្រើនសម្រាប់ព្រឹត្តិការណ៍ចុងឆ្នាំ ដូច្នេះវាត្រូវការថាមពលអគ្គិសនីច្រើន។ ហេតុនេះ វាបណ្តាលឲ្យផ្ទុះចរន្តអគ្គិសនី។
លោកថ្លែងថា៖ «មូលហេតុផ្លូវការក៏មិនទាន់បានបញ្ជាក់ដែរ ប៉ុន្តែតាមការសន្និដ្ឋានរបស់បច្ចេកទេសបង្ហាញថា ការសន្និដ្ឋានក្រៅផ្លូវការ ដោយសារតំបន់កាស៊ីណូហ្នឹងប្រើប្រាស់ថាមពលច្រើននៅក្នុងការរៀបចំ រូបភាពលម្អដោយអគ្គិសនី ដោយប្រើប្រាស់រូបដើម Christmas និងរូបលម្អផ្សេងៗសម្រាប់ឆ្លងឆ្នាំ»។
បើតាមវីដេអូដែលបង្ហោះតាមគណនីហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គេឃើញមានមនុស្សលោតចុះពីអគារខ្ពស់ៗ ដើម្បីគេចពីភ្លើងឆេះផងដែរ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏កំពុងស្ថិតនៅទីនោះ ខណៈកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៣០០ នាក់ និងរថយន្តពន្លត់អគ្គិភ័យ ១១ គ្រឿង ប្រតិបត្តិការនៅកន្លែងកើតហេតុ។ ដំណើរប្រតិបត្តិការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះនេះក៏មានការចូលរួមពីភាគីថៃផងដែរ។
លោក ស៊ុំ ចាន់គា មន្ត្រីអាដហុកប្រចាំនៅខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថា ពាក់ព័ន្ធករណីនេះ មានការយកចិត្តទុកដាក់ច្រើនពីសំណាក់អាជ្ញាធរ និងភាគីផ្សេងៗទៀត។ ប៉ុន្តែលោកថា វាមិនមានអ្វីក្រៅពីការបាញ់ទឹកពន្លត់ពីខាងក្រោមទៅលើឡើយ។
បើតាមមន្ត្រីអាដហុករូបនេះ នៅក្នុងកាស៊ីណូគួរតែមានសញ្ញាដើម្បីប្រកាសភាពអាសន្ន និងមានបច្ចេកទេសខ្ពស់ក្នុងការធានាសុវត្ថិភាព នៅពេលមានអគ្គិភ័យកើតឡើង។
លោកថ្លែងថា៖ «តួនាទីរបស់រដ្ឋជាអ្នកទទួលខុសត្រូវទៅលើប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ហ្នឹង ត្រូវតែទទួលរបៀបណា ធ្វើរបៀបណា ដើម្បីឱ្យជាក់ច្បាស់។ តួនាទីរបស់រដ្ឋនៅតែមានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខទៅលើសំណងទៅលើប្រជាពលរដ្ឋ និងទៅលើអ្វីៗផ្សេងៗទាំងអស់ហ្នឹង»។
គួរបញ្ជាក់ថា ទីក្រុងប៉ោយប៉ែតជាតំបន់មួយដែលសម្បូរទៅដោយជនបរទេសផងដែរ ដោយសារទីនោះមានការប្រកបរបរកាស៊ីណូ៕