ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បន្ត​រក​ឃើញ​សាកសព​ក្នុង​កាស៊ីណូ​ឆេះ​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ខណៈ​ក្រុម​គ្រួសារ​ខ្មែរ​ខ្លះ​កំពុង​ស្វែង​រក​សាច់​ញាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គ្រួសារបន្តស្វែងរកសមាជិកដែលបាត់ខ្លួនក្នុងហេតុការណ៍ឆេះកាស៊ីណូក្រុងប៉ោយប៉ែត

អាជ្ញាធរ​កម្ពុជា ​និង​ថៃ ​នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ត​រក​ឃើញ​មនុស្ស​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​អគ្គិភ័យ​នៅ​អគារ​សណ្ឋាគារនិងកាស៊ីណូ​ Grand Diamond City ក្នុង​ទីក្រុង​ប៉ោយ​ប៉ែត​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ ខណៈ​ក្រុម​គ្រួសារមួយ​ចំនួន​កំពុង​ស្វែង​រកសាច់​ញាតិ​របស់​ពួក​គេ​ដែល​បាត់​ខ្លួន។ ​

​អ្នកស្រី ​កែវ វណ្ឌី​ អាយុ​ ៣២ ​ឆ្នាំ ​បានបាត់​ស្វាមី​ឈ្មោះ​ កែវ ​វិសុទ្ធ ​អាយុ​ ៤៨ ​ឆ្នាំ ​ជា​ប្រធាន​ផ្នែក​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ។ កំពុង​អង្គុយ​កាន់​រូប​ថតរបស់​ស្វាមី ​នៅ​ខាង​មុខ​វត្ត​ដែល​តម្កល់​សាក​សព​ដើម្បីរង់​ចាំ​ដំណឹងស្វាមី​ដែល​បាត់​ខ្លួន​ អ្នកស្រីបាន​អំពាវ​នាវ​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ស្វែង​រក​ស្វាមី​របស់​អ្នកស្រី​ឲ្យ​ឃើញ​ផង។​

អ្នកស្រី​បន្ថែម​ថា៖ ​«គាត់​មា​ន​កូនពីរ​នាក់ ​ស្រី​មួយ​ ប្រុស​មួយ ​ហើយនៅ​តូច​នៅ​ឡើយ​ ​អ៊ីចឹង​[សូម]​ឲ្យ​សមត្ថ​កិច្ច​ ឬ​កង​កម្លាំងឲ្យ​គាត់​ចុះ​មក​ជួយ​រក​សាក​សព​មនុស្ស​នេះ​ រក​ឲ្យ​ឃើញ»។​

ចំណែកលោក បាន ដូច​ អាយុ​ ៥៦ ​ឆ្នាំ ​កំពុង​ស្វែង​ក្មួយ​របស់​លោកគឺ​អ្នកស្រី ​សំ ស្រីមុំ ​អាយុ​ ៣២ ​ឆ្នាំ​ ជា​អ្នក​សម្អាត​ដែល​បាត់​ខ្លួន​នៅ​ក្នុង​កាស៊ីណូ​នោះ។ លោក​ថា លោក​មិនឃើញក្មួយ​របស់​លោក​ពីរ​ថ្ងៃ​មក​ហើយ។

​លោក​ថ្លែង​ថា៖ ​«បាត់​ក្មួយ​ពីរយប់​ ហើយកូន​បី​នាក់​[របស់​អ្នកស្រី ​ សំ ស្រីមុំ]​ ​យំរក។ ​ហើយ​ម្តាយ​[របស់​អ្នកស្រី សំ ស្រីមុំ]​ ​យំ​នៅ​ឯផ្ទះ​ឯណោះ​»។​

លោក ​ហៀង ប៊ុននឿន ​អាយុ​ ៥៣ ​ឆ្នាំ ​ត្រូវ​ជា​បង​ថ្លៃ​របស់​អ្នកស្រី អឿ ធី ​អាយុ​ ៤១ ​ឆ្នាំ ​ជា​អ្នក​សម្អាត​ ដែល​បាត់​ខ្លួន​ក្នុង​អគារ​កាស៊ីណូ​នោះ​ផង​ដែរ​ ក៏​កំពុង​តាម​រក​សាច់​ញាតិ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «អូនអើយ​ រក​២​ថ្ងៃ​ហើយ​ រក​អត់​ឃើញ។ អា​នោះ​[សាច់​ញាតិ​ អ្នកស្រី អឿ ធី]​ ម្សិល​ម៉ិញរាគ​ផង​ អី​ផង ​រត់​មក​ជួយ​រក​ហ្នឹង»។​

លោក បាន ដូច បង្ហាញរូបថតក្មួយស្រីដែលបាត់ខ្លួន នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក បាន ដូច បង្ហាញរូបថតក្មួយស្រីដែលបាត់ខ្លួន នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក ហៀង ប៊ុននឿន បាត់ប្អូនថ្លៃម្នាក់ដែលធ្វើការនៅកាស៊ីណូ។ (ស៊ុន ណារិន/វីអូអេ)
លោក ហៀង ប៊ុននឿន បាត់ប្អូនថ្លៃម្នាក់ដែលធ្វើការនៅកាស៊ីណូ។ (ស៊ុន ណារិន/វីអូអេ)

លោក​ អ៊ឹង ប៊ុនឡេង ​អាយុ​ ៣៨ ​ឆ្នាំ ​អ្នក​កាន់​ឃ្លាំង​នៅ​កាស៊ីណូ ដែល​បានរួចផុត​ជីវិត​ដោយ​ចុះ​តាម​បង្អួច​ពី​បន្ទប់​ជាន់​ទីបី​ ​ប្រាប់វីអូអេ​ថា ភ្លើង​ឆេះនៅ​ជាន់​ក្រោម​ដែល​ធ្វើ​ឲ្យ​អ្នក​ស្នាក់​នៅ​ខាង​លើ​ពិបាក​រត់គេច។ លោក​ថា​ បើ​សិន​ភ្លាមៗ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ទាន់​ពេល​វេលា​ ​ហេតុការណ៍​ឆេះ​នឹង​មិនធ្ងន់​ធ្ងរ​បែប​នេះ​ឡើយ។ ​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា ​បើ​មាន​ឡាន ​[ទឹក]​មក​ច្រើន ​ប្រហែល​ជា​[​ជួយ​សង្គ្រោះ​មនុស្ស]​បាន ​ព្រោះ​ពេល​ហ្នឹង​វា​មាន​តែ​ផ្សែង​ហ្នឹង​ អត់​ទាន់មា​ន​ភ្លើង​ទេ»។​

ហេតុ​ការណ៍​នៃ​អគ្គិភ័យ​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ ១១​និង​៣០នាទី​យប់​ថ្ងៃ​ពុធ ​ទី ២៨​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២​ ឈាន​ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍។ ​មន្ត្រី​ពាក់​ព័ន្ធបញ្ជាក់​ថា ​អគ្គិ​ភ័យ​នេះគឺដោយ​សារ​កាស៊ីណូ​នេះ​រៀប​ចំព្រឹត្តិ​ការណ៍​ចុង​ឆ្នាំ ​ដូច្នេះត្រូវ​ការ​ថាម​ពល​អគ្គិសនី​ច្រើន ​ដែល​ជា​ហេតុបណ្តាល​ឲ្យ​ផ្ទុះ​ចរន្ត​អគ្គិ​សនី។​

​បើ​គិត​ត្រឹមរសៀល​ថ្ងៃ​សុក្រ ​មនុស្ស​យ៉ាង​តិច​ ២៥ នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​ ស្លាប់​និង​របួស​ជាង​ ៧០ ​នាក់។ ​ចំនួន​អ្នក​ស្លាប់​អាច​បន្ត​កើន​ឡើង។​

ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តារ ​និង​លើក​កម្រិត​គុណ​ភាព​ផ្លូវ​ពីរ​ខ្សែ​គឺ​ផ្លូវ​ជាតិ​លេខ​ ៣១​ និង​លេខ​ ៣៣ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត ​និង​ខេត្ត​កែប នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ថ្លែង​ចូល​រួមមរណទុក្ខចំពោះឧបទ្ទវ​ហេតុ​អគ្គិ​ភ័យ​ ដែ​ល​កើត​ឡើង​នៅ​សណ្ឋាគារ ​និង​កាស៊ីណូ​ Grand Diamond​ City​ និង​កាស៊ីណូ​ប៉ោយ​ប៉ែត​រីសត​ក្នុង​ទីក្រុង​ប៉ោយ​ប៉ែត​នោះ​ផង​ដែរ។​ លោក​បន្ថែម​ថា​ អគារ​ខ្ពស់ៗ​ត្រូវ​តែ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ការពារចំពោះ​គ្រោះ​ឧបទ្ទវ​ហេតុ​អគ្គិភ័យដូច​នេះ។​

លោក​ថ្លែ​ង​ថា៖​ «នេះ​ជារឿង​សោក​នាដ​កម្ម​មួ​យ​បាន​កើត​នៅ​ចុង​ឆ្នាំ​នេះ ​ដែល​ជា​រឿង​អាក្រក់។ ​ហើយ​ការ​ឃើញ​បែប​នេះ ​យើង​នឹង​នៅ​តែ​បន្ត​ដើម្បី​ហ្នឹង​រៀប​ចំ​បំពាក់ ​ដូច​ជា​អគារ​ខ្ពស់ៗ​ត្រូវ​តែ​មាន​ឡាន​សម្រាប់​បាញ់​ទឹក​ សម្រាប់​អគារ​ខ្ពស់ៗ​នោះ»។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈម​ណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​ ថ្លែង​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​យកចិត្ត​ទុកដាក់ត្រួត​ពិនិត្យ​តាម​អគារ​ធំៗ​ឡើង​វិញ ទាក់ទង​ប្រព័ន្ធ​សុវត្ថិភាព​នានា ​ដើម្បី​កុំ​ឲ្យ​ចេះ​តែ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ត​បន្ទាប់​ទៀត។ ​លោក​ថ្លែង​ថា ​នៅ​ប្រទេស​គេ​គឺគេមាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ទាក់ទង​ប្រព័ន្ធ​សុវត្ថិភាព​អគារ​ខ្ពស់ៗ។​

លោក​ថ្លែង​ថា៖ ​«ការ​សាង​សង​ អត់គិត​ពី​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​បា​នច្រើន​ ហើយ​យើង​រវល់​គិត​តែ​រឿង​បន្ទប់ ​ហើយ Business​ [ជំនួញ]​ ​មិន​គិត​អំពី​សុវត្ថិភាព​ អាហ្នឹង​កាលណា​តែ​មាន​គ្រោះថ្នាក់គឺមិន​ងាយ​សង្គ្រោះ​ទេ។​ ហើយ​អ្នក​ដែល​នៅ​ក្នុង​នោះ​ក៏គ្មាន​ច្រក​សុវត្ថិភាព​ដើម្បី​ចាក់​ចេញ​ដែរ។​ អាហ្នឹង​ដែល​ធ្វើ​ឲ្យគ្រោះថ្នាក់​កើតឡើង។​ រឿង​ទាំង​អស់​នេះ​គួរ​ឲ្យ​សោក​ស្តាយ​មែន​ទែន»។​

លោក​បន្ថែម​ថា៖ ​«​កម្ពុជា​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​អគារ​ខ្ពស់ៗ ​ហើយ​បើ​សិន​អគារ​ខ្ពស់ៗ​ទាំង​អស់​ហ្នឹង អភិវឌ្ឍ​[សាងសង]​រួច​រាល់​ហើយ​ក៏​ត្រូវ​តែ​មើល​ ត្រួត​ពិនិត្យ​មើល​ប្រព័ន្ធ​សុវត្ថិភាព​ឡើង​វិញ ​ហើយ​កែ​លម្អ​ប្រព័ន្ធ​សុវត្ថិភាព​ហ្នឹង​ឲ្យ​បាន​ល្អ​ប្រសើរ ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ដូច​ប៉ោយ​ប៉ែត»។​

គួរ​បញ្ជាក់​ថា ទីក្រុង​ប៉ោយប៉ែត​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ជន​បរទេស​ផង​ដែរ​ ដោយសារ​ទីនោះ​មាន​ការ​ប្រកប​របរ​កាស៊ីណូ៕

XS
SM
MD
LG