អង្គការសិទ្ធិមនុស្សអន្តរជាតិមួយបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងការគំរាមកំហែងនៃការកើនឡើងជម្លោះ រវាងវិនិយោគិននិងប្រជាជនក្នុងស្រុក ដែលតម្រូវឲ្យធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន។
ការព្រមានពីសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សហៅកាត់ថា (FIDH) ដែលមានសមាជិក១៨០ប្រទេសនេះ ត្រូវបានធ្វើឡើងប្រឆាំងទៅនឹងវិបត្តិដែលកើតមាននៅពីក្រោយចំណូលនិងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅទូទាំងតំបន់អាស៊ី ដែលគាំទ្រដោយវិនិយោគទាំងបរទេសនិងក្នុងស្រុក។
ការបើកឲ្យវិនិយោគិនចូលមកអភិវឌ្ឍដើម្បីសាងសង់រោងចក្រនិងដាំដុះបានបង្កឲ្យមានជម្លោះជាមួយនឹងសហគមន៍ក្នុងស្រុក ជាពិសេសនៅកន្លែងដែលច្បាប់ត្រួតពិនិត្យទៅលើការចុះបញ្ជីដីធ្លីនិងប័ណ្ណកម្មសិទ្ធិដីធ្លីមានភាពទន់ខ្សោយ។
នៅក្នុងប្រទេសកម្ពុជា FIDH បានឲ្យដឹងថា ប្រជាពលរដ្ឋជាង៨សែននាក់បានទទួលរងផលប៉ះពាល់ដោយការរឹបអូសដីធ្លីចាប់តាំងពីឆ្នាំ២០០០មក។
នៅក្នុងឆ្នាំ២០១៥ FIDH បានដាក់ពាក្យបណ្តឹងមួយទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដោយអះអាងថា ការរឹបអូសយកដីធ្លីក្នុងប្រទេសកម្ពុជាមានលក្ខណៈជាប្រព័ន្ធនិងរីករាលដាលយ៉ាងខ្លាំង ដែលនេះគឺជាឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរមួយ។
ឧស្សាហកម្មផលិតស្ករក្នុងប្រទេសកម្ពុជា ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងអតិថិជនអន្តរជាតិក្នុងទ្រង់ទ្រាយធំនៅក្នុងឧស្សាហកម្មចំណីអាហារ គឺជាវិស័យមួយដែលលេចធ្លោ ដោយសារតែការដាំដុះបណ្តាលឲ្យមនុស្សប្រមាណ១ម៉ឺន៦ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមអង្គការនេះ។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនផលិតស្ករ Mitr Phol របស់ថៃ រដ្ឋាភិបាលផ្តល់ដីឲ្យចំនួន ២០០គីឡូម៉ែត្រការ៉េ ក្នុងរូបភាពជាសម្បទានដីសេដ្ឋកិច្ច ដែលអនុញ្ញាតឲ្យជួលរយៈពេលវែង។ ប៉ុន្តែដីនៅក្នុងខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋចំនួន២ពាន់គ្រួសារកាន់កាប់រួចទៅហើយ។
អ្នកភូមិដូចជា Neoy Ta Am ត្រូវបានបង្ខំឲ្យចាកចេញទៅកាន់ប្រទេសថៃ នៅពេលដែលសហគមន៍របស់ខ្លួនត្រូវបានកងកម្លាំងរដ្ឋាភិបាលបង្ខំឲ្យចាកចេញពីលំនៅរបស់ខ្លួនកាលពីឆ្នាំ២០០៨។ គាត់ប្រាប់ VOA យ៉ាងដូច្នេះថា «នៅពេលដែលទាហានមកដល់ ខ្ញុំបានរត់គេចទៅហើយ ប៉ុន្តែខ្ញុំបានឮម្ចាស់ដីម្នាក់និយាយថា កងកម្លាំងទាំងនោះបានដុតផ្ទះទាំងអស់ចោល»។
ការនាំចេញស្កររបស់កម្ពុជាត្រូវបានបង្កើនតាមរយៈកម្មវិធីពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប ដោយនៅឆ្នាំ២០១៣បាននាំចេញ៦ម៉ឺន៥ពាន់តោន។ ប៉ុន្តែការចោទប្រកាន់ទៅលើការរំលោភសិទិ្ធមនុស្សនិងការរឹបអូសដីធ្លីបានបង្កឲ្យមានការស៊ើបអង្កេតពីសំណាក់ស្ថាប័នអន្តរជាតិ ដែលធ្វើឲ្យការនាំចេញស្ករទៅកាន់សហភាពអឺរ៉ុបធ្លាក់ចុះយ៉ាងអាក្រក់កាលពីឆ្នាំមុន៕