ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស៊ុន ចាន់​ថុល បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​លទ្ធភាព​ធ្វើ​កំណែទម្រង់​នៅ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន


លោក​ ស៊ុន ចាន់​ថុល (ឆ្វេង) បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរិ៍​ ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ អំពី​ការ​បេ្តជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ (ហ៊ុល​ រស្មី/VOA)
លោក​ ស៊ុន ចាន់​ថុល (ឆ្វេង) បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរិ៍​ ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ អំពី​ការ​បេ្តជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ (ហ៊ុល​ រស្មី/VOA)

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ សំណើ​របស់​លោក ​ហ៊ុន សែន​ ដែល​ស្នើ​សុំ​រុះរើ​គណៈ​រដ្ឋមន្ត្រី​នោះ ត្រូវ​បាន​ផ្ញើ​ដល់​លោក ​ហេង សំរិន ប្រធាន​រដ្ឋ​សភាជាតិ។

កាលពីខែ​កុម្ភៈ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​អះអាង​ថា​ រដ្ឋបាល​លោក​បាន​ក្លាយ​ជា​រដ្ឋាភិបាល​អេឡិចត្រូនិក​ ឬ​ (E-Government)​ បាន​ខឹង​សម្បារ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​មួយ​ចំនួន ដែល​នៅ​មាន​ភាព​ស្ពឹក​ស្រពន់​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ប្រចាំ​ថ្ងៃ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​ខឹង​ខ្លាំង​រហូត​ដល់​ផ្ដល់​ចំណាត់​ថ្នាក់​តាម​កម្មវិធី​អប់រំ​ពី​កម្រិត ​A រហូត​ដល់​ F​ ទៅ​ដល់​ក្រសួង​នានា​នៃ​រដ្ឋបាល​របស់​លោក ក្នុង​នោះ​ក្រសួង​ពីរ​ដែល​បាន​ចំណាត់​ថ្នាក់​ខ្សោយ​ជាង​គេ​បំផុត​នោះ​ គឺ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ហើយ​និង​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ។

នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​មួយ​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ចុង​ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ បាន​ថ្លែង​ថា៖

«ថ្ងៃ​មិញ​ អង្គុយ​ស៊ី​បាយ​ ខ្ញុំ​រាប់​ចំណាត់​ថ្នាក់។​ ក្រសួង​ណា​ស្ថិត​នៅ​ក្នុង​គេ​ហៅ​ថា​ អាដែង​នែ​ចំណាត់​ថ្នាក់ A ​អាណា​ B​ អាណា C ​មាន​អា​ក្រសួង​ដល់​ F ​នោះ។ អា​ F ​នោះ​គឺ​ថា​ ក្រសួង​សាធារណការ​តែ​ម្ដង ​ហើយ​ដោយ​ទាំង​ អ៊ុក​ រ៉ាប៊ុន​ ហ្នឹង​ទៀត»។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ជូន​ដំណើរព្រះបាទ​ នរោត្តម សីហមុន្នី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១៩ ខែ​តុលា ឆ្នាំ​២០១៥។ (AP/ហេង ស៊ីនិត)
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ជូន​ដំណើរព្រះបាទ​ នរោត្តម សីហមុន្នី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១៩ ខែ​តុលា ឆ្នាំ​២០១៥។ (AP/ហេង ស៊ីនិត)

លោក​នាយក​រដ្ឋមន្ត្រី មិន​ត្រឹម​តែ​ប្រកាស​ដាក់​ចំណាត់​ថ្នាក់​នេះ​ទេ​ ហើយ​ថែម​ទាំង​ព្រមាន​មន្ត្រី​របស់​លោក ​អំពី​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី។ បន្ទាប់​ពី​ការ​ព្រមាន​របស់​លោក​ដែលធ្វើឡើង​បាន​ពីរ​សប្តាហ៍​រួច​មក​ លោក​ ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ រដ្ឋមន្ត្រី​ចំនួន​៨​រូប​ អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ។​

ការ​ប្រកាស​នេះ​ បាន​ក្លាយ​ជា​ការ​ពិត​ និង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​តាមដាន​នយោបាយ​កម្ពុជា​ ដោយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ សំណើ​របស់​លោក ​ហ៊ុន សែន​ ដែល​ស្នើ​សុំ​រុះរើ​គណៈ​រដ្ឋមន្ត្រី​នោះ ត្រូវ​បាន​ផ្ញើ​ដល់​លោក ​ហេង សំរិន ប្រធាន​រដ្ឋ​សភាជាតិ។

សំណើ​នោះ បាន​បង្ហាញ​ថា​ រដ្ឋមន្ត្រី​ចំនួន​៨រូប ​នឹង​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ។ យ៉ាង​ណា​ក៏ដោយ ការ​ដោះដូរ​រដ្ឋមន្ត្រី​នេះ​គឺ​ភាគច្រើន​នឹង​ត្រូវ​ធ្វើ​ឡើង ​ដោយ​គ្រាន់​តែឲ្យ​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ផ្លាស់​ប្ដូរ​ក្រសួង​សម្រាប់​ការ​គ្រប់គ្រង​តែ​ប៉ុណ្ណោះ។

ក្រុម​សង្គម​ស៊ីវិល​យល់​ថា​ ការណ៍​នេះ​នឹង​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ភាព​អសកម្ម​របស់ក្រសួង ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ និង​មិន​ទំនង​ជា​អាច​ធ្វើ​ឲ្យ​កិច្ចការ​កំណែ​ទម្រង់​មាន​ល្បឿន​លឿន​ទៅមុខ​បាន​ទេ។

ក៏ប៉ុន្តែ ​ការយល់​របស់​ក្រុម​សង្គម​ស៊ីវិល​ មិន​ដូច​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នោះ​ទេ។

លោក​ ស៊ុន​ ចាន់​ថុល​ ស្ថិត​នៅ​ក្នុង​ចំណោម​រដ្ឋមន្ត្រី​៨រូប​ដែល​ត្រូវ​ដោះដូរ។​ លោក​ នឹង​ត្រូវ​ប្ដូរ​ឲ្យ​ទៅ​កាន់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​លោក​ធ្លាប់​គ្រប់​គ្រង​កាល​ពី​ពេល​កន្លងមក។​

ដោយ​មាន​បទពិសោធន៍​នៃ​ការ​គ្រប់គ្រង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន ដែល​រង​ការ​រិះគន់​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ​ជាពិសេស​អ្នក​ប្រើប្រាស់​យានយន្ត​ លោក​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​វេទិកា​ពិភាក្សា​មួយ​ស្ដី​ពី​ពាណិជ្ជកម្ម​ និង​អប់រំ​ នៅ​កម្ពុជា​ថា៖​

«សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ កុំ​ កុំ​បារម្ភ​ពេក​ គឺ​ថា​ ខ្ញុំ​នឹង​ទៅ​ហ្នឹង​ នឹង​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹង​ប្រែង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ឥត​ខ្ចោះ។ ចំពោះ​គាត់​ថា​មិន​បាន​ ១០០%​ ក៏បាន​ឲ្យ​បាន​ច្រើន​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ប័ណ្ណ​ ឈៀក​ ឡាន​ ប័ណ្ណបើកបរ ។ល។ និង ។ល។​ មើល​ផ្លូវ​ថ្នល់​កសាង​ផ្លូវ​ថ្នល់​បន្ថែម​ទៀត​ ពង្រីក​កំពង់​ផែ​ ស្តា​ផ្លូវ​រទេះ​ភ្លើង។ល។ និង ។ល។​ ដើម្បី​ការ​ដឹក​ជញ្ជូន​នេះ​ មាន​តម្លៃ​ថោក​ អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន»។

លោក ស៊ុន​ ចាន់ថុល​ ថ្លែង​ថា​ លោក​ពុំ​មាន​ការ​សោក​ស្ដាយ​ចំពោះ​កិច្ចការ​កំណែ​ទម្រង់​ដែល​លោក​បាន​ធ្វើ​នៅ​ក្រសួង​ពាណិជ្ជកម្ម។​ លោក​ថា​ ការ​វិល​ត្រឡប់​ទៅ​កាន់​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​វិញ​ គឺ​ជា​តម្រូវ​ការ​របស់​រដ្ឋាភិបាល។

«យើង​ថា​ស្ដាយ​មិន​ជា​ស្ដាយ​ទេ​ ព្រោះថា​ យើង​បាន​កែទម្រង់​បាន​ច្រើន​ក្រសួង​ពាណិជ្ជកម្ម​នោះ​ណ៎ា។ យើង​បាន​ធ្វើ​បាន​ច្រើន​ហើយ។​ នេះ​គឺ​ជា​តម្រូវការ​របស់​រាជ​រដ្ឋាភិបាល​យើង។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ទៅតាម​តម្រូវ​ការ»។

នៅ​ពេល​ដែល​លោក​ធ្វើ​បទ​បង្ហាញ​អំពី​កំណែ​ទម្រង់​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ក្នុង​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម​ និង​អប់រំ​នៅ​កម្ពុជា លោក​ ស៊ុន​ ចាន់​ថុល​ បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​រាប់រយ​នាក់​ ថា​ ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដូចជា​ ​ការ​ជ្រើស​រើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ ដើម្បី​ទទួល​បាន​ការងារ​នៅ​តាម​មុខតំណែង ​ដោយ​មិន​មាន​ការ​សូកប៉ាន់​ ការ​បង្កើត​នាយកដ្ឋាន​ថ្មីៗ​ រួមមាន​ នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​ និង​នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន។​

លើស​ពី​នេះ​ទៀត​ លោក​ថា​ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ដាក់​ឲ្យប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ធ្វើ​ប័ណ្ណ​បញ្ជាក់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ ដែល​កាត់​បន្ថយ​ពេល​វេលា​របស់​អ្នក​នាំចេញ​ផលិតផល​ពី​កម្ពុជា​ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ​ និង​អំពើ​ពុករលួយ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​គណនេយ្យភាព​ តម្លាភាព​ និង​ប្រជាជន​ទូទៅ​យ៉ាង​ខ្លាំង ដោយ​ហេតុ​ថា​ ក្រសួង​នេះ​ មាន​ជំហរ​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​កំណត់​គោល​នយោបាយ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ប្រើប្រាស់​យានយន្ត​ ការ​ថែទាំ​ផ្លូវថ្នល់ និង​បញ្ហា​ជាច្រើន​ទៀត​ទាក់​ទិន​នឹង​ការ​ដឹក​ជញ្ជូន។​

លោក​ ពេជ្រ​ ពិសី​ នាយក​កម្មវិធី​របស់​អង្គការ​តម្លាភាព​កម្ពុជា​ (Transparency International Cambodia) ​មាន​ប្រសាសន៍​ថា ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​មាន​ភាព​ទន់​ខ្សោយ​ខ្លាំង​នៅ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​បន្ត​ថា​ ការ​វិល​ត្រឡប់​របស់​លោក​ ស៊ុន ចាន់ថុល មក​ក្រសួង​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ការកែ​លម្អ​ច្រើន​នៅ​ក្នុង​វិស័យ​ផ្លូវ​ថ្នល់​ និង​ដឹក​ជញ្ជូន។

«ដាក់​គាត់​ទៅ​ហ្នឹង​យើង​ យើង​គិត​ថា​ ជា​រឿង​មួយ​ល្អ​ ព័ត៌មាន​មួយ​ល្អ​ ដោយ​សារ​គាត់​មាន​ឆន្ទៈ​កែទម្រង់។​ ក៏​ប៉ុន្តែ​ថា​តើ​ លទ្ធភាព​ដែល​ឲ្យ​គាត់​កែទម្រង់​បាន​កម្រិត​ណា​នោះ​ យើង​មិនទាន់​ដឹង​ទេ​ ព្រោះ​ក្រសួង​ហ្នឹង​គឺ​ទទួល​រង​នូវ​គេ​ហៅ​ បើ​យើង​គិត​ពី​ជំងឺ​វិញ​គឺ​រ៉ាំរ៉ៃ​ហើយ​ណ៎ា ទាក់​ទង​នឹង​ទៅ​នឹង​ការ​ប្រព្រឹត្តិ​ការងារ​អត់​មាន​ប្រសិទ្ធភាព​ សេវា​អត់​ល្អ​ ប្រើ​ពេល​យូរ​ អំពើ​ពុករលួយ​អី​ច្រើន​នៅ​ក្នុង​ហ្នឹង។ អញ្ចឹង​យើង​ឃើញ​ថា​ កាល​ណា​គាត់​ទៅ​ហ្នឹង​ គាត់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ ជាពិសេស​ផ្ទៃ​ក្នុង​នៅ​ក្នុង​ក្រសួង​ហ្នឹង​តែ​ម្តង»។

ក្រុម​មន្រ្តី​តំណាង​ក្រសួង​នានា​ប្រមាណ​៣០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​គោរពព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​នរោត្តម​ សីហនុ​ ព្រះ​បរម​រដ្ឋនកោដ្ឋ​ នៅ​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​ការសោយ​ទីវង្គត​របស់​ព្រះ​អង្គ​ ដែល​ប្រារព្ធ​ឡើង​នៅ​បូជនីយដ្ឋាន​តម្កល់​រូប​សំណាក​ព្រះ​បរមរតនកោដ្ឋ នៅ​លើ​សួន​ច្បារ​វិមាន​ឯករាជ្យ​ តាម​បណ្តោយមហាវិថី​សីហនុ នៅ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​តុលា​។ (​ឡេង ឡែន /VOA)
ក្រុម​មន្រ្តី​តំណាង​ក្រសួង​នានា​ប្រមាណ​៣០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​គោរពព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​នរោត្តម​ សីហនុ​ ព្រះ​បរម​រដ្ឋនកោដ្ឋ​ នៅ​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​ការសោយ​ទីវង្គត​របស់​ព្រះ​អង្គ​ ដែល​ប្រារព្ធ​ឡើង​នៅ​បូជនីយដ្ឋាន​តម្កល់​រូប​សំណាក​ព្រះ​បរមរតនកោដ្ឋ នៅ​លើ​សួន​ច្បារ​វិមាន​ឯករាជ្យ​ តាម​បណ្តោយមហាវិថី​សីហនុ នៅ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​តុលា​។ (​ឡេង ឡែន /VOA)

អ្នក​ជំនាញ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​រូប​នេះ​ បន្ថែម​ថា​ ពេលវេលា​សម្រាប់​លោក​ ស៊ុន ចាន់​ថុល​ ធ្វើ​ការ​កែទម្រង់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នេះ​ គឺ​មាន​មិន​ច្រើន​ទេ​ ដោយសារ​តែ​នៅ​សល់​ពេល​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ជាតិ​នឹង​មក​ដល់។

យ៉ាងណា​ក៏ដោយ​ លោក​ថ្លែង​ថា​ គួរ​ទុក​ពេល​ឲ្យ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​រូប​នេះ​ បង្ហាញ​ពី​សមត្ថភាព​របស់​លោក​ ក្នុង​ការ​ពង្រឹង​ក្រសួង​ដែល​សាធារណៈ​ជន​ខ្មែរ​ ស្ទើរ​តែ​បាត់​បង់​ជំនឿ​អស់​ទៅ​ហើយ។

យោង​ទៅ​តាម​លិខិត​ស្នើ​សុំ​ឲ្យ​មាន​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ចុះ​ហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ដែល​ VOA​ ទទួល​បានកាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ លោក​ ត្រាំ​ អ៊ីវតឹក​ នឹង​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​គ្រប់​គ្រង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក ប្រាក់​ សុខុន។

ចំណែក​លោក​ ប្រាក់​ សុខុន​ នឹង​ត្រូវ​ប្ដូរ​មកកាន់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ ការ​អន្តរជាតិ ជំនួស​លោក​ ហោ ណាំហុង​ ដែល​សុំ​លា​ឈប់​ពី​តំណែង តែ​នៅ​ជា​ឧបនាយក​រដ្ឋមន្ត្រី។

បើ​ទោះ​បី​ជា​ លោក​ ស៊ុន ចាន់​ថុល​ បាន​បង្ហាញ​ពី​ចេតនា​ត្រៀម​ខ្លួន​វិល​ទៅ​កាន់​ក្រសួង​សាធារណៈការ​ និង​ដឹកជញ្ជូន​វិញ​ក៏​ដោយ ក៏​លោក​ត្រូវ​ឆ្លងកាត់​ការ​យល់​ព្រម​ពី​សភា​ដែល​នឹង​ធ្វើ​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ។

រីឯ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​រក្សា​ជំហរ​មិន​ធ្វើ​ការ​អធិប្បាយ​ច្រើន​ជុំវិញ​ការ​ដោះដូរ​រដ្ឋមន្ត្រី​នៅ​ក្នុង​ក្រសួង​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG