នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្រុមហ៊ុនខ្មែរនឹងប្រើថវិកាសាងសង់ព្រែកជីកហ្វូណនតេជោទាំងស្រុង ប្រសិនបើក្រុមហ៊ុនចិនដកភាគហ៊ុនចេញពីគម្រោងដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិកនេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មួយថ្ងៃបន្ទាប់ពីកម្ពុជាបានបើកការដ្ឋានចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេមេគង្គក្នុងស្រុកកៀនស្វាយខេត្តកណ្តាលទៅដល់ខេត្តកែប។
លោកថ្លែងថា៖ «យើងធ្វើហើយ គឺដើម្បីផលប្រយោជន៍ជាតិ។ ឥឡូវក្រុមហ៊ុនខ្មែរអ្នកធ្វើមិនមែនក្រុមហ៊ុនបរទេស១០០%ទេ។ពីរកំណាត់ អាកំណាត់សម្ពោធម្សិលមិញ ក្រុមហ៊ុនខ្មែរ១០០%។ មួយកំណាត់ទៀតខ្មែរ៥១% ហើយយើងកំពុងគិតបើថា ក្រុមហ៊ុនបរទេសគាត់ដកខ្លួនចេញ ខ្មែរយក១០០%ឥតបញ្ហា»។
កាលពីដើមឡើយ នៅពេលដែលរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមប្រកាសអំពីការស្ថាបនាគម្រោងព្រែកជីកមួយនេះ រដ្ឋាភិបាលបញ្ជាក់ថា ក្រុមហ៊ុនចិនឈ្មោះChina Road and Bridge Corporation (CRBC)ដែលវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ និងភ្នំពេញបាវិត ជាអ្នកវិនិយោគ១០០%។ អ្នករិះគន់មួយចំនួនបារម្ភថា គម្រោងមួយនេះត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលចិន ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន ខណៈកម្ពុជាត្រូវបានមើលឃើញថា កាន់តែស្និទ្ធទៅកាន់ប្រទេសចិន។
ក្រុមហ៊ុនខ្មែរដែលបានដាក់ការវិនិយោគក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោរួមមានក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា(OCIC) ដែលកំពុងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅក្នុងខេត្តកណ្តាល។ នេះបើតាមលោក ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាក់នៅថ្ងៃអង្គារនេះថា គម្រោងព្រែកជីកហ្វូណនតេជោជានិមិត្តរូបនៃការរួមគ្នារបស់ជាតិខ្មែរ។ លោកបន្តថា គម្រោងព្រែកជីកនេះបានបង្ហាញពីសក្តានុពល ឯករាជ្យភាពរបស់កម្ពុជានៅក្នុងការដឹកជញ្ជូន និងអធិបតេយ្យភាពរបស់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកថ្លែងថា៖ «ហើយយើងនៅតែបន្តធ្វើនូវគម្រោងនេះដើម្បីឱ្យលេចជារូបរាង ដើម្បីឱ្យផលប្រយោជន៍ជាតិរបស់យើង ប្រជាជនយើងទាំងអ្នកមិនគាំទ្រ និងអ្នកគាំទ្រ និងអ្នកដែលនៅស្រពេចស្រពិលបានឃើញជាក់ស្តែងថា គម្រោងនេះមានអីក្រៅពីលើកកម្រិតឯករាជ្យភាពរបស់កម្ពុជានៅក្នុងវិស័យដឹកជញ្ជូន ការគ្រប់គ្រងអធិបតេយ្យភាពរបស់យើងកាន់តែរឹងមាំ ធ្វើឱ្យទិសនិរតីកាន់តែរឹងមាំថ្ពក់ជាមួយទូទាំងប្រទេសរបស់យើង»។
គម្រោងព្រែកជីកហ្វូណនតេជោមានតម្លៃជាង១៧០០លានដុល្លារអាមេរិក និងមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានបែងចែកការសាងសង់ជាពីរកំណាត់ ដោយមានការចូលរួមវិនិយោគពីក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន។
កំណាត់ទី១ មានប្រវែង២១គីឡូម៉ែត្រនឹងចាប់ផ្តើមឡើងពីព្រែកតាកែវនៃទន្លេមេគង្គក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កំណាត់ទី២ មានប្រវែង១៥៩គីឡូម៉ែត្រដែលនឹងឆ្លងកាត់ព្រែកតាហីងក្នុងស្រុកកោះធំ ខេត្តកណ្តាល រួចបន្តដល់ស្រុកអង្គរបូរី ខេត្តតាកែវ និងឆ្នេរអង្កោល ក្នុងខេត្តកែប។ ព្រែកជីកនេះត្រូវបានប៉ាន់ស្មានថានឹងត្រូវចំណាយពេលសាងសង់រយៈពេល៤ឆ្នាំ ពោលគឺនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨។
វីអូអេមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា(OCIC) បានទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
ប៉ុន្តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងចូលរួមវិនិយោគចំនួន២៦%នៅក្នុងចំណែកវិនិយោគរបស់ក្រុមហ៊ុនខ្មែរ។ ចំណែកកំពង់ផែស្វយ័តភ្នំពេញក៏បានប្រកាសថានឹងចូលរួមវិនិយោគចំនួន២៥% នៅក្នុងចំណែកវិនិយោគរបស់ក្រុមហ៊ុនខ្មែរ។
នៅមុនពេលកម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកនេះ លោក Brian Eyler អ្នកជំនាញអំពីទន្លេមេគង្គនៅមជ្ឈមណ្ឌល Stimson នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រាប់វីអូអេថា មានគេនិយាយថា ដំណើរការអនុម័តក្នុងការផ្តល់ហិរញ្ញប្បទានពីប្រទេសចិនសម្រាប់គម្រោងមួយនេះ ត្រូវបានពន្យារពេល ហើយវាអាចនឹងចំណាយរាប់ឆ្នាំទៀត។ នេះបើតាមលោក Brian Eyler។
លោកបញ្ជាក់ថា៖ «ប្រាក់កម្ចីពាក់ព័ន្ធនឹងគម្រោងមួយនេះក៏អាចមិនទទួលបានការយល់ព្រម ដូច្នេះជោគវាសនានៃព្រែកជីកហ្វូណនតេជោនេះនៅតែមានភាពមិនប្រាកដប្រជា»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន CRBC តាមសារអ៊ីម៉ែលបាននៅឡើយទេ។
រដ្ឋាភិបាលកម្ពុជាបានពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោមួយនេះ នៅថ្ងៃទី៥ ខែសីហា ដែលជាខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បើទោះមានការព្រួយបារម្ភពីភាគីវៀតណាមអំពីផលប៉ះពាល់លើទន្លេមេគង្គ និងឥទ្ធិពលរបស់ចិនលើការប្រើប្រាស់ផ្លូវទឹកមួយនេះ។
អ្នកតាមដានមួយចំនួនយល់ឃើញថា ការបើកការដ្ឋាននេះមានរូបភាពនយោបាយច្រើនជាង ខណៈមានការបារម្ភនិងរិះគន់មួយចំនួនលើគម្រោងនេះ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននេះជាការវិនិយោគក្នុងទម្រង់ BOT(Build Operate Transfer ឬសាងសង់ ប្រតិបត្តិការ និងផ្ទេរ) ក្នុងរយៈ៥០ឆ្នាំ ដូចផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ។ ក្រុមហ៊ុនដែលចូលរួមវិនិយោគត្រូវចំណាយថវិកា ដើម្បីសាងសង់ ហើយនឹងប្រមូលកម្រៃសេវាពីការប្រើប្រាស់ព្រែកជីកនេះ ដូចកិច្ចព្រមព្រៀងដែលបានកំណត់ រួចត្រូវផ្ទេរឱ្យរដ្ឋាភិបាលគ្រប់គ្រងបន្ត៕
វេទិកាបញ្ចេញមតិ