ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ជប៉ុន​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​យោធា​និង​សន្តិសុខ


រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara (កណ្តាល) និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា (ឆ្វេង) ដើរកាត់ឆ្មាំកិត្តិយសនៅអគារក្រសួងការពារជាតិក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ (Cambodia's Ministry of Defence / AFP)
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara (កណ្តាល) និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា (ឆ្វេង) ដើរកាត់ឆ្មាំកិត្តិយសនៅអគារក្រសួងការពារជាតិក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ (Cambodia's Ministry of Defence / AFP)

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​មក​កម្ពុជា ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​យោធា​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម ​តាម​រយៈ​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​និង​សន្តិសុខ។​

ការ​ប្តេជ្ញា​របស់​ភាគី​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​គ្រា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​ លោក​ គីហារ៉ា មីណូរុ (Kihara Minoru) ​ កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​សីហា ​ឆ្នាំ​២០២៤​ មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្អិត​ល្មួត​របស់​ចិន។​

ថ្ងៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ចំ​ពេល​ដែល​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​ដែល​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ ហើយ​វា​ជា​គម្រោង​ដែល​បង្ក​ក្តី​បារម្ភ​ដល់​ប្រទេស​វៀតណាម។​

កម្ពុជា​គឺ​ជា​ប្រទេស​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ប្រមុខ​ការពារ​ជាតិ​ជប៉ុន​មក​ធ្វើ​ទស្សន​កិច្ច ​មុន​លោក​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​៥​ ខែ​សីហា​ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​ ទៀ សីហា ​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា ​ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​កន្លង​ទៅ។​

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា៖​ «រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ ​មាន៖​ ១- កិច្ច​សហ​ប្រតិបត្តិ​ការ​កងទ័ព​ជើង​គោក​ទាំង​ពីរ,​ ២-​វិស័យ​រក្សា​សន្តិភាព, ​៣-​ការ​កសាង​សមត្ថភាព​យោធិន​ (ការ​បញ្ជូន​យោធិន​កម្ពុជា​ទៅ​ជប៉ុន,​ យោធា​ចារ្យ​ជប៉ុន​នៅ​កម្ពុជា) ​និង​៤-​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី»។​

រូបថតចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បង្ហាញរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara (ឆ្វេង) ចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា (ស្តាំ) ក្នុងជំនួបនៅរាជធានីភ្នំពេញ។ (Cambodia's Ministry of Defence / AFP)
រូបថតចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បង្ហាញរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara (ឆ្វេង) ចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា (ស្តាំ) ក្នុងជំនួបនៅរាជធានីភ្នំពេញ។ (Cambodia's Ministry of Defence / AFP)

បើ​តាម​សេចក្តី​ប្រកាស​ព័ត័មាន​ដដែល​ កម្ពុជា​និង​ជប៉ុន​បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​អនុព័ន្ធ​យោធា​ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន​ និង​ព្រម​ព្រៀង​គ្នា​រៀបចំ​លំហាត់​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្ត​រាយ​ផង​ដែរ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​ ភាគី​ទាំង​ពីរ​ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ផ្នែក​សន្តិភាព ​និង​របៀប​វារៈ​ស្ត្រី ​សន្តិសុខ ​សន្តិភាព ​ក្នុង​ការ​កសាង​សមត្ថភាព​កម្ពុជា​ចេញ​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ តាម​រយៈ​ការ​រិះ​រក​វិធី​សាស្ត្រ​ក្នុង​ការ​ពង្រីក​កាលានុភាព​ថ្មីៗ​បន្ថែម​ទៀត ​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។​

រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ក៏​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ផង​ដែរ។ ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​បាន​គូស​បញ្ជាក់​ថា​ ក្នុង​ក្រប​ខណ្ឌ​នៃ​«ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ»​ ជប៉ុន​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខណ្ឌ​កងទ័ព​ជើង​គោក ​ជើង​ទឹក​ និង​ជើង​អាកាស។ ​កិច្ច​សហការ​ទាំង​នោះ​នឹង​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច ​ការ​បណ្តុះ​បណ្តាល ​ការ​បោស​សម្អាត​មីន ​និង​លំហាត់​រួម​លើ​ការ​សង្រ្គោះ​ពេល​មាន​គ្រោះ​មហន្ត​រាយ​ជា​ដើម។​

អ្នក​ជំនាញ​កិច្ច​ការ​តំបន់ ​លោក ​សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា​ ការ​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ជប៉ុន​ជា​លទ្ធផល​នៃ​កំណើន​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​ជប៉ុន​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ ដើម្បី​ទប់​ឥទ្ធិពល​ចិន។​

បើ​តាម​អ្នក​តាម​ដាន​រូប​នេះ ​ការ​ដាក់​មន្ត្រី​អនុ​ព័ន្ធ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​កើន​ឡើង​ផ្នែក​ការ​ទូត​ដោយ​ភ្ជាប់​ជាមួយ​សន្តិ​សុខ​របស់​ជប៉ុន។​

លោក​ថ្លែង​ថា៖​ «ទន្ទឹម​នឹង​នេះ​ កម្ពុជា​ក៏​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​កម្ពុជា​ដែរ​ដោយសារ​កម្ពុជា​ចង់​បាន​ការ​ធ្វើ​ពិពិធកម្ម​ផ្នែក​សន្តិសុខ​ជាមួយ​នឹង​បរទេស​ ជាពិសេស​ប្រទេស​មហា​អំណាច​ក្នុង​តំបន់​ ដូច​ជា​ជប៉ុន​ ឥណ្ឌា​ អូស្ត្រាលី​ ក៏ដូច​ជាកូរ៉េ​ខាង​ត្បូង​ ដើម្បី​ធ្វើ​ម៉េច​គេច​វេះ​ពី​ការ​រិះគន់​ជុំវិញ​ទំនាក់​ទំនង​ផ្នែក​សន្តិសុខ​របស់​កម្ពុជា​ជាមួយ​នឹង​ចិន»។​

បើ​តាម​លោក ​សេង វណ្ណលី ​ តួនាទី​ផ្នែក​យោធា​និង​សន្តិសុខ​របស់​ជប៉ុន​ចាប់​ផ្តើម​កើន​ឡើង​ ដែល​លោក​ថា​ កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​យោធា​រវាង​កម្ពុជា​និង​ជប៉ុន​នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​ក្រោយ​ការ​ដាក់​អនុព័ន្ធ​យោធា។​

ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​ផង​ បន្ទាប់​ពីដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ អ្នកស្រី​ ខាមីខាវ៉ា យ៉ូកុ ​(Kamikawa Yoko) ដែល​បាន​មក​កម្ពុជា​កាល​ពី​ដើម​ខែ​កក្កដា។​

ប្រទេស​ជប៉ុន​បាន​រក្សា​ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​ជា​ប្រវត្តិ​សាស្ត្រ​ជា​មួយ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ឥទ្ធិពល​របស់​ជប៉ុន​គឺ​តិចតួច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ចិន ​ដែល​ជា​គូ​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​នៅ​អាស៊ី។ ​ រដ្ឋាភិបាល​ក្រុង​តូក្យូ​មាន​ការ​រំខាន​ដោយ​«សកម្ម​ភាព​ដែន​សមុទ្រ​ដ៏​គឃ្លើន​របស់​ចិន»​ ហើយ​កំពុង​ស្វែង​រកការ​ប្រឆាំង​នឹង​ការ​ទូត ​និង​សេដ្ឋ​កិច្ច​របស់​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

នៅ​មុន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​និង​វៀតណាម​ លោក ​ Kihara ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​បង្កើន​ទំនាក់​ទំនង​ផ្នែក​ការពារ​ជាតិ​ជា​មួយ​កម្ពុជា ​និង​វៀតណាម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ហើយ​លោក​សង្ឃឹម​ថា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ។​
លោក ​ Kihara ​និយាយ​ថា៖​«បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​សំខាន់​ជា​យុទ្ធសាស្ត្រ​ដែល​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន»។​
លោក​បន្ថែម​ថា​ ជប៉ុន​បាន​លើក​កម្ពស់​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​កម្ពុជា ​និង​វៀតណាម​ដល់​កម្រិត​នៃ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។​

លោក​ Kihara ​បន្ត​ថា​ លោក​សង្ឃឹម​ថា​នឹង​ចែក​រំលែក​«ការ​យល់​ដឹង​របស់​លោក​អំពី​បរិយា​កាស​យុទ្ធ​សាស្ត្រ​«នៅ​ក្នុង​តំបន់ ​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ​ និង​សន្តិសុខ​ជាមួយ​កម្ពុជា ​និង​វៀតណាម»។​

គួរ​បញ្ជាក់​ថា​ កង​ទ័ព​ចិន​កំពុង​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងទឹក​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។​ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​ អាច​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ទប់​ទល់​នឹង​អាមេរិក​ ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG