ធនាគារពិភពលោកនៅថ្ងៃពុធនេះបានព្រមានម្តងទៀតថា លទ្ធភាពនៃការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬហៅថា EBA អាចនឹងក្លាយជាបច្ច័យមិនល្អទៅលើកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធនាគារនេះ អះអាងថា នឹងចុះថមថយល្បឿនមកនៅត្រឹម៧ភាគរយក្នុងឆ្នាំ២០១៩នេះ ពោលគឺចុះពី៧,៥ភាគរយក្នុងឆ្នាំ២០១៨។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានសម្រាលការព្រមានរបស់ធនាគារពិភពលោកថា ប្រព័ន្ធឋាៈអនុគ្រោះ EBA របស់សហគមន៍អឺរ៉ុប គឺប្រៀបដូចជា «អាវពោងសង្គ្រោះជីវិត» ដែលកម្ពុជានឹងឈប់ប្រើវា ដើម្បីបញ្ជាក់ថា កម្ពុជាអាចរស់ដោយគ្មានអាវពោងនេះ។
ធនាគារពិភពលោកបានថ្លែងនៅក្នុងរបាយការណ៍ស្តីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា «លទ្ធភាពនៃការដកចេញភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ EBA និងការធ្លាក់ចុះយ៉ាងគំហុកណាមួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន អាចបង្កផលប៉ះទង្គិចយ៉ាងខ្លាំងលើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។
ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពប្រកួតប្រជែងក្រៅប្រទេស ធនាគារពិភពលោកបានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានដាក់ចេញវិធានការមួយចំនួនសំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូន កាត់បន្ថយការិយាធិបតេយ្យ និងជួយដល់ធុរកិច្ចដោយកាត់បន្ថយថ្ងៃឈប់សម្រាកផ្លូវការចំនួន៦ថ្ងៃ នៅក្នុងឆ្នាំ២០២០។
ធនាគារពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានឲ្យដឹងក្នុងរបាយការណ៍ខ្លួនទៀតថា វិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២០ «ដើម្បីជួយសម្រាលផលប៉ះទង្គិចអវិជ្ជមានដែលបណ្តាលមកពីការដក EBA ប្រសិនបើវានឹងកើតឡើងមែន»។
តាមទិន្នន័យដែលផ្តល់ដោយធនាគារពិភពលោក ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល៧០ភាគរយនៃទំនិញនាំចេញគ្រប់មុខបានកើនចំនួន១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨ ប៉ុន្តែស្រុតចុះមកវិញមកនៅត្រឹម១៥,៣ភាគរយ គិតត្រឹមខែមិថុនាឆ្នាំ២០១៩។
កាលពីខែឧសភា ធនាគារពិភពលោកបានចេញសេចក្តីវិភាគមួយ ទាក់ទងនឹងការខាតបង់ប្រាក់រាប់រយលានដុល្លារផងដែរ បើសិនប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ របូតឋានៈអនុគ្រោះ EBAនោះ។ ធនាគារពិភពលោក វិភាគឃើញថា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ EBA ដល់កម្ពុជា។
លោក ជា សុភ័ក្ត្រ នាយករងនាយកដ្ឋាននយោបាយសារពើពន្ធ និងម៉ាក្រូសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់សន្និសីទព័ត៌មានស្តីពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាថា ប្រព័ន្ធឋានៈអនុគ្រោះ EBA គឺប្រៀបដូចជាអាវពោងសង្គ្រោះជីវិត ដែលកម្ពុជាត្រូវការនៅពេលប្រទេសនេះ មិនទាន់អាចឈរដោយខ្លួនឯងបាន។ លោកបន្ថែមថា កម្ពុជានឹងឈប់ប្រើអាវពោងនេះ ដើម្បីបង្ហាញថា កម្ពុជាអាចសង្គ្រោះខ្លួនឯងបាន។
«EBA គឺដូចជា អាវពោងសង្គ្រោះជីវិត។ ពេលខ្លះ បើគ្មានការពាក់អាវពោងសង្គ្រោះជីវិតទេ យើងនឹងមិនដឹងថា យើងអាចហែលទឹកបានទេ។ ឬក៏យើងប្រហែលជា មិនអាចហែលទឹកបានពេញមួយជីវិតរបស់យើង...ប្រហែលជាយើងលេបទឹកខ្លះនៅពេលចាប់ផ្តើម ប៉ុន្តែក្រោយមកទៀត យើងនឹងអាចជាម្ចាស់ខ្លួនឯងបានហើយ»។
អ្នកជំនាញសេដ្ឋកិច្ចធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា កម្ពុជាមិនទាន់អាចបោះបង់ប្រព័ន្ធឋានៈអនុគ្រោះ EBAបានទេ ព្រោះការបាត់បង់ឋានៈអនុគ្រោះនេះ អាចប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងប្រទេសកម្ពុជា ខណៈដែលថ្លៃដើមផលិតនៅក្នុងប្រទេសនេះនៅមានកម្រិតខ្ពស់ បើធៀបនឹងប្រទេសក្បែរខាង។
ដោយឡែក ធនាគារពិភពលោកបានកត់សម្គាល់ភាពវិជ្ជមានមួយផ្នែករបស់កម្ពុជា សម្រាប់ការចូលរួមនៅក្នុងសេដ្ឋកិច្ចសាកលតាមរយៈ ខ្សែសង្វាក់តម្លៃសាកល (ឬ GVCs) ដែលមានសន្ទុះលឿនជាងប្រទេសប្រហាក់ប្រហែលគ្នាផ្សេងៗទៀត បើទោះជាការចូលរួមនោះចាប់ផ្តើមពីមូលដ្ឋានទាបក៏ដោយ។
ក៏ប៉ុន្តែ ការជំរុញសមាហរណកម្មយ៉ាងលឿនរបស់កម្ពុជាចូលទៅក្នុងខ្សែសង្វាក់តម្លៃសាកលនោះ សុទ្ធតែបានមកពីការហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ភាពសម្បូរនៃពលកម្មមានជំនាញទាប និងពលកម្មមានប្រាក់ឈ្នួលទាប និងលទ្ធភាពទទួលបានភាពអនុគ្រោះនាំទំនិញចេញទៅកាន់ទីផ្សារធំៗ។
អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា លើកឡើងថា ដើម្បីឲ្យកម្ពុជាឈានឡើងទៅកាន់ដំណាក់កាលមួយទៀតនៃការចួលរួមខ្សែសង្វាក់តម្លៃសាកលបាន ប្រទេសកម្ពុជា ចាំបាច់ត្រូវតែមានល្បាយគោលនយោបាយកាន់តែទំនើបជឿនលឿនច្រើនថែមទៀត។
អ្នកស្រីបញ្ជាក់ថា៖ «ទីមួយកម្ពុជា គួរតែពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធ្វើវាឲ្យកាន់តែស៊ីជម្រៅ ដើម្បីឲ្យផុតពីបញ្ហានៃការចូលទៅក្នុងទីផ្សារ និងការយកចិត្តទុកដាក់លើអ្នកវិនិយោគក្នុងស្រុក។ ទីពីរ គឺការបន្ទាបរបារពាណិជ្ជកម្ម និងភ្ជាប់ទៅទីផ្សារឯទៀត ដើម្បីពង្រីកទំហំតូចនៃទីផ្សារក្នុងស្រុករបស់កម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវការទទួលបានកាន់តែច្រើនឡើងនូវធាតុចូលដែលត្រូវការសម្រាប់ផលិតកម្ម។ ទីបី គឺការបន្តការកែលម្អគុណភាពវិស័យអប់រំ និងជំនាញរបស់កម្លាំងពលកម្ម»។
របាយការណ៍របស់ធនាគារពិភពលោក ក៏បានឲ្យដឹងពីហានិភ័យផ្សេងទៀត ដែលអាចបន្តកើនឡើងសម្រាប់វិស័យហិរញ្ញវត្ថុ។ ហានិភ័យទាំងនោះ មានការពាក់ព័ន្ធច្រើនជាមួយវិស័យសំណង់ និងអចលនទ្រព្យ អមដោយការពូនគររបស់បំណុលផង ដែលក្នុងនោះទំហំនៃការខ្ចីបុលសរុបរួមគ្នាពីធនាគារ និងពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មានជាង១០០ភាគរយ នៃផលិតផលសរុបក្នុងស្រុកទៅទៀត។
សម្រាប់ការខ្ចីបុលរបស់កម្ពុជា ធនាគារពិភពលោកបានឲ្យដឹងថា មកដល់ដំណាច់ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាមាន «បំណុលសាធារណៈ ដែលពុំទាន់សង ក្នុងទំហំទឹកប្រាក់ ៧,០២ពាន់លានដុល្លារអាមេរិក»។ ពាក់កណ្តាលនៃបំណុលដែលពុំទាន់សងនោះ គឺជារបស់ប្រទេសចិន៕