ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​អ្នក​កាសែត​ឈ្មោះ Maria Ressa បង្ហាញ​ពី​ការ​ខឹង​សម្បារ​របស់​លោក Duterte ជាមួយ​នឹង​ការ​រិះគន់


លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​វិមាន​ប្រធានាធិបតី Malacanang ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ចិន Xi Jinping ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​វិមាន​ប្រធានាធិបតី Malacanang ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​រិះគន់​ខ្លាំងៗ​លើ​អ្នក​រិះគន់​លោក​ភាគ​ច្រើន ជា​ពិសេស​លើ​អ្នក​រិះគន់​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ប្រល័យ​របស់​លោក។ ប៉ុន្តែ អ្នក​ជំនាញ​នានា​អះអាង​ថា លោក​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នឹង​អ្នក​កាសែត​ម្នាក់ ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ចាប់​ខ្លួន។

នា​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រី Maria Ressa ដែល​ជា​និពន្ធ​នាយក​នៃ​គេហទំព័រ​ព័ត៌មាន Rappler.com កំពុង​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​បរិហារកេរ្តិ៍​តាម​អ៊ីនធឺណិត។

អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក Duterte ដែល​គ្រប់គ្រង​អំណាច​បាន​ជិត ៣ ឆ្នាំ​មក​ហើយ បាន​ប្រឆាំង​ទៅ​នឹង​អត្ថបទ​មួយ​ចំនួន​របស់​គេហទំព័រ Rappler.com ដែល​បាន​រិះគន់​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល និង​រិះគន់​លើ​បញ្ហា​នានា​នៅ​ក្នុង​វិស័យ​យោធា​ហ្វីលីពីន ក្នុង​ចំណោម​បញ្ហា​រសើប​ផ្សេងៗ​ទៀត។

លោក Ramon Casiple នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កំណែ​ទម្រង់​នយោបាយ និង​ការ​បោះ​ឆ្នោត (Institute for Political and Electoral Reform) ដែល​ជា​អង្គការ​តស៊ូ​មតិ​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និយាយ​ថា៖ «បញ្ហា​មួយ​ចំនួន​ក្នុង​ចំណោម​នេះ​គឺ​ពិតជា​ធ្វើ​ឲ្យ​ការិយាល័យ​ប្រធានាធិបតី​មិន​សប្បាយចិត្ត។ ឧទាហរណ៍​ដូចជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​យោធា​ជា​ដើម ដែល​វា​ទំនងជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ក្ដៅ​ក្រហាយ»។

អ្នកស្រី Maria Ressa ដែល​ជា​នាយិកា​គ្រប់គ្រង​គេហទំព័រ Rappler.com នេះ​ផង​ដែរ បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​មន្ទីរ​ឃុំឃាំង​របស់​ការិយាល័យ​ជាតិ​ស៊ើប​អង្កេត រហូត​ដល់​ពេល​ដែល​ចៅក្រម​តុលាការ​ក្រុង​ម៉ានីល​អនុញ្ញាត​ឲ្យ​អ្នកស្រី​ដាក់​ប្រាក់​ធានា​ចំនួន ១.៩០៥ ដុល្លារ​អាមេរិក ដើម្បី​បាន​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​គេហទំព័រ Rappler.com។

លោក Eduardo Araral សាស្ត្រាចារ្យ​មហាវិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី បាន​និយាយ​ថា អ្នក​រិះគន់​ដែល​មាន​បញ្ហា​ផ្លូវ​ច្បាប់​ពី​មុន​ស្រាប់​គឺ​ងាយស្រួល​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ចាប់​ខ្លួន​ណាស់ ហើយ​អ្នកស្រី Ressa ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ផង​ដែរ។

ក្រុមហ៊ុន​ព័ត៌មាន Rappler របស់​អ្នកស្រី បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​គេច​មិន​បង់​ពន្ធ​រួច​មក​ហើយ ដែល​អាច​ឲ្យ​គេ​បិទ​ក្រុមហ៊ុន​នោះ​បាន។

លោក Araral និយាយ​ដូច្នេះ​ថា៖ «មាន​អ្នក​រិះគន់​លោក Duterte ជា​ច្រើន ប៉ុន្តែ​ពួកគេ​គ្មាន​កត្តា​ងាយ​រងគ្រោះ​ដូចជា​អ្នកស្រី Maria Ressa នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក Duterte មិន​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​អ្នក​រិះគន់​ផ្សេង​ទៀត»។

រឿង​រសើប

គេហទំព័រ​ព័ត៌មាន Rappler បាន​ចេញ​ផ្សាយ​រឿង​ជា​ច្រើន​ដែល​រិះគន់​រដ្ឋាភិបាល​ហ្វីលីពីន​ទាក់ទង​នឹង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក Duterte និង​ទាក់ទង​នឹង​គម្លាត​នៅ​ក្នុង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស។

សេចក្ដី​រាយការណ៍​របស់​គេហទំព័រ Rappler នេះ​អំពី​យោធា​ហ្វីលីពីន បាន​ចោទ​សួរ​មន្ត្រី​យោធា​ទាក់ទិន​នឹង​ការ​ពិចារណា​អំពី​ការ​ចរចា​ឡើង​វិញ​នៃ​កិច្ច​ព្រមព្រៀង​ជំនួយ​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​បាន​ចោទ​ប្រកាន់​លោក Duterte ថា​បាន​បំភ្លេច​ពាក្យ​សម្ដី​បែប​ឆ្វេង​និយម​របស់​លោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​កុម្មុយនិស្ត។

អ្នក​វិភាគ​នានា​ជឿ​ថា អ្នកស្រី Ressa ដែល​ជា​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​បែប​ស៊ើប​អង្កេត​ឲ្យ​ទូរទស្សន៍ CNN និង​ជា​សហ​ស្ថាបនិក​គេហទំព័រ​ព័ត៌មាន Rappler កាល​ពី ៦ ឆ្នាំ​មុន មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រភព​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​អាច​ជួយ​ផ្ដល់​ព័ត៌មាន​ដល់​គេហទំព័រ​ព័ត៌មាន​របស់​អ្នកស្រី។

លោក Fabrizio Bozzato អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​អង្គការ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​តៃវ៉ាន់ (Taiwan Strategy Research) និយាយ​ថា លោក​ប្រធានាធិបតី Duterte ខឹង​សម្បារ​នឹង​រឿង​ទាំង​នេះ។

លោក Bozzato បញ្ជាក់​ដូច្នេះ​ថា៖ «គេហទំព័រ Rappler គឺ​ពិតជា​ឆ្អឹង​ទទឹង​ក​របស់​រដ្ឋាភិបាល​លោក Duterte។ ខ្ញុំ​យល់​ថា លោក Duterte មិន​ចូលចិត្ត​ការ​រិះគន់​នោះ​ទេ ដូច្នេះ​វិធានការ​ប្រឆាំង​នឹង​អ្នកស្រី Maria Ressa គឺ​ជា​អ្វី​ដែល​គេ​បាន​គិត​ថា​នឹង​កើត​ឡើង»។

ក្រសួង​យុត្តិធម៌​ហ្វីលីពីន​បាន​ចោទ​ប្រកាន់​អ្នកស្រី Ressa និង​ក្រុមហ៊ុន​គេហទំព័រ​ព័ត៌មាន​របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ទាក់ទិន​នឹង​អត្ថបទ​មួយ​កាល​ពី ៧ ឆ្នាំ​មុន អំពី​ទំនាក់ទំនង​ដែល​អាច​ទៅ​រួច​រវាង​ពាណិជ្ជករ​ហ្វីលីពីន​ម្នាក់ និង​អតីត​ប្រធាន​តុលាការ​កំពូល​ហ្វីលីពីន។ អ្នកស្រី​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១២ ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​បរិហារកេរ្តិ៍​តាម​អ៊ីនធឺណិត។

អ្នក​កាសែត និង​អង្គការ​សិទ្ធិ​មនុស្ស​បរទេស​នានា​បាន​ការពារ​អ្នកស្រី Ressa តាំង​ពី​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​ម្ល៉េះ។

លោក Christophe Deloire អគ្គលេខាធិការ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី Ressa គឺ​ជា​រឿង «អយុត្តិធម៌ និង​ជា​ការ​ប៉ុនប៉ង​ដើម្បី​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ និង​និពន្ធ​នាយក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ដែល​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​មាន​វិជ្ជាជីវៈ និង​ឯករាជ្យ​ភាព»។

វិធានការ​តឹងតែង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ស្ដី​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០១៨ បាន​បញ្ជាក់​ថា ប្រទេស​ហ្វីលីពីន​មាន​ចំណាត់​ថ្នាក់​ទី ១៣៣ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ទាក់ទិន​នឹង​សេរីភាព​សារព័ត៌មាន។

អ្នក​ជំនាញ​ផ្នែក​នយោបាយ​នានា​បាន​និយាយ​ថា ជា​ទូទៅ លោក Duterte វាយ​ប្រហារ​លើ​អ្នក​រិះគន់​ដោយ​ការ​រិះគន់​ជា​ពាក្យ​សម្ដី ឬ​តាម​មធ្យោបាយ​ផ្លូវ​ច្បាប់​នានា។

លោក Duterte បាន​ហៅ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ថា «កូន​ស្រី​ពេស្យា» កាល​ពី​ឆ្នាំ ២០១៦ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក Obama អំពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក។

អ្នកស្រី Leila de Lima ដែល​ជា​សមាជិក​ព្រឹទ្ធសភា​និយាយ​មិន​សំចៃ​មាត់​ខាង​គណបក្ស​ប្រឆាំង​ហ្វីលីពីន ត្រូវ​បាន​គេ​ស្រង់​សម្ដី​ដោយ​និយាយ​ថា រដ្ឋាភិបាល​បាន​បង្កើត​បទ​ចោទ​ប្រកាន់​មួយ​ចំនួន ដើម្បី​ចាប់​ខ្លួន​អ្នកស្រី​កាល​ពី​ឆ្នាំ ២០១៧។ អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ផ្ដល់​ទី​ជម្រក​ដល់​មេខ្លោង​គ្រឿង​ញៀន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG