ព្រឹទ្ធសភាសហរដ្ឋអាមេរិក កំពុងពិចារណាសេចក្តីព្រាងច្បាប់មួយដែលនឹងដាក់ទណ្ឌកម្មដល់ក្រុមហ៊ុន ឬបុគ្គល ដែលជួយរដ្ឋាភិបាលក្រុងប៉េកាំងពង្រីកការវាតទីរបស់ចិនក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
សេចក្តីព្រាងច្បាប់របស់សភាសហរដ្ឋអាមេរិកដើម្បីដាក់ទណ្ឌកម្មក្រុមហ៊ុនណាដែលជួយការពង្រីករបស់ចិននៅក្នុងសមុទ្រអាស៊ី ដែលមានជម្លោះ ត្រូវគេរំពឹងនឹងបណ្តាលឲ្យមានការសងសឹក ប្រសិនបើសេចក្តីព្រាងច្បាប់នោះត្រូវបានអនុម័ត ដោយមិនបានបញ្ឈប់សកម្មភាពនាវាចរណ៍របស់ចិន។
ចិនអាចដាក់ទណ្ឌកម្មលើបណ្តាក្រុមហ៊ុន ឬបុគ្គលសហរដ្ឋអាមេរិក ឬធ្វើឲ្យពួកគេមានការលំបាកកាន់តែខ្លាំងឡើងក្នុងប្រតិបត្តិការក្នុងប្រទេសចិន។នេះតាមការបញ្ជាក់របស់អ្នកវិភាគ។ ពួកអ្នកវិភាគនិយាយទៀតថា សេចក្តីព្រាងច្បាប់ដែលរង់ចាំការសម្រេចនៅព្រឹទ្ធសភា នឹងមិនកែប្រែទិសដៅរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានប្រកួតប្រជែងគ្នានោះទេ។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារប្រហែល ៩០ភាគរយនៃសមុទ្រ ដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការេ។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម បានជំទាស់តវ៉ាការទាមទាររបស់ចិន ជាពិសេសក្នុងផ្ទៃទឹកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលទាមទារគងគ្នា។ ចាប់តាំងពីឆ្នាំ២០១០មក ចិនបានធ្វើឲ្យរដ្ឋាភិបាលផ្សេងទៀតខឹងសម្បារដោយការចាក់ដីធ្វើកោះតូចៗក្នុងសមុទ្រសម្រាប់ការប្រើប្រាស់ខាងយោធា។ មន្រ្តីចិនយោងដល់កំណត់ត្រាប្រវត្តិសាស្រ្តដើម្បីគាំទ្រការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
លោក Jay Batongbacal សាស្ត្រាចារ្យកិច្ចការសមុទ្រអន្តរជាតិនៅឯសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា៖ «ចិន ប្រាកដត្រូវគេរំពឹងនឹងធ្វើការសងសឹក។ ចិនអាចដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុននិងពាណិជ្ជករសហរដ្ឋអាមេរិកដែរ។ ការណ៍នេះដូចជា វិស័យការទូតនៅសតវត្សរ៍ទី១៩ ដែលការផ្ចាញ់តបជាការធម្មតាកាលពីពេលមុន»។
សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មបញ្ហាសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត បានស្នើនៅព្រឹទ្ធសភាកាលពីថ្ងៃទី២៣ ខែឧសភា នឹងដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ឬបុគ្គល ដែលរួមវិភាគទានដល់គម្រោងផ្លូវនាវារចរណ៍ ដែលប្រទាញប្រទង់គ្នានៃផ្លូវទឹកសមុទ្រទាំង២។ សេចក្តីព្រាងច្បាប់នោះឲ្យដឹងថា គម្រោងទាំងនោះនឹងគ្របដណ្តប់ការរានយកដី «ការធ្វើកោះ» និងការស្ថាបនាកន្លែងបញ្ចាំងភ្លើងសម្រាប់នាវា។
ការដាក់ទណ្ឌកម្មក៏នឹងអនុវត្តចំពោះបុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធទៅនឹងសកម្មភាព ឬគោលនយោបាយ ដែលគំរាមកំហែងសន្តិភាព សន្តិសុខឬស្ថិរភាពនៃផ្លូវនាវាចរណ៍ ដែលមានការប្រទាញប្រទង់ដោយរដ្ឋាភិបាលនានា។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានទាមទារសមុទ្រនោះទេ ក៏ប៉ុន្តែ បាននិយាយថា សមុទ្រត្រូវតែបើកចំហដល់ការប្រើជាអន្តរជាតិ។
ចិនឈ្លោះប្រកែកជាមួយប្រទេសជប៉ុននៅតំបន់ខ្លះក្នុងសមុទ្រចិនខាងកើត ក៏ប៉ុន្តែបានអភិវឌ្ឍយ៉ាងច្រើននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Sean Kingអនុប្រធានពិគ្រោះយោបល់ខាងនយោបាយនៃអង្គការ Park Strategies ក្នុងទីក្រុងញូវយ៉កនិយាយថា ក្រុមហ៊ុនចិននិងបុគ្គលក្នុងផ្នែកថាមពល អាកាសចរណ៍ ទូរគមនាគមន៍ និងក្នុងការជីកកាយ នឹងត្រូវរកការដាក់ទណ្ឌកម្ម។ សេចក្តីព្រាងច្បាប់នោះ អំពាវនាវឲ្យស្វែងរកក្រុមហ៊ុនចិនចំនួន ២៤ រួមមានក្រុមហ៊ុនទូរស័ព្ទចល័តចិន និងទូរគមន៍នាគមន៍ចិន។
ការដាក់ទោសពៃរ៍នោះអាចរួមទាំងការដកទិដ្ឋាការសហរដ្ឋអាមេរិក ការបិទខ្ទប់ការផ្ទេរទ្រព្យសម្បត្តិនៅក្នុងសហរដ្ឋអាមេរិកនិងការបញ្ឈប់បុគ្គលទាំងនោះមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
លោក Batongbacal បាននិយាយថា ចិន អាចបន្ធូរបន្ថយបន្តិចបន្តួចលើការពង្រីកដែនសមុទ្រ ពីព្រោះតែការដាក់ទណ្ឌកម្មនេះ ក៏ប៉ុន្តែមិនបញ្ឈប់ការពង្រីកកម្លាំងរបស់ខ្លួនទេ។ លោកនិយាយទៀតថា រដ្ឋាភិបាលចិនក៏នឹងព្យាយាមប្រមូលការគាំទ្រមកពីប្រទេសអាស៊ីនានា ជាពិសេស បណ្តាប្រទេសដែលមានទំនាក់ទំនងខាងសេដ្ឋកិច្ចខ្លាំង។
ក្រុមមន្រ្តីចិនបានបំបិទមាត់រួចហើយក្នុងចំណោមប្រទេស ដែលទាមទារសមុទ្រនៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់សេដ្ឋកិច្ចដ៏សន្ធឹកសន្ធាប់របស់ខ្លួនដើម្បីផ្តល់ឲ្យប្រទេសទាំងនោះនូវផលប្រយោជន៍ខាងពាណិជ្ជកម្មនិងវិនិយោគទុន។ ប្រទេសទាមទារទាំងអស់ឲ្យតម្លៃសមុទ្រនោះចំពោះការនេសាទ អណ្តូងប្រេងនិងផ្លូវនាវាចរណ៍។
លោកOh Ei Sunជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងប្រទេសសឹង្ហបូរី បាននិយាយថា ក្រុមហ៊ុននានាដែលបានជួយរដ្ឋាភិបាលដោយការទាមទារទឹកដី ឬផ្គត់ផ្គង់កងនាវារបស់ចិន ប្រហែលនឹងមិនផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនទេ ប្រសិនបើរងការដាក់ទណ្ឌកម្ម ហើយអាចត្រូវបានសងដោយចិន ប្រសិនបើការដាក់ទណ្ឌកម្មនោះ ប៉ះពាល់ពាណិជ្ជកម្ម។ លោកនិយាយទៀតថា ក្រុមហ៊ុន ឬមនុស្សដែលរងផលប៉ះពាល់ ដោយការដាក់ទណ្ឌកម្មក្នុងប្រទេសតូចៗជាង ដូចជា អ៊ីរ៉ង់នឹងបានការទទួលជួយឧបត្ថម្ភតិចតួច។
លោក Ohបាននិយាយទៀតថា៖ «ចិនខុសពីប្រទេសផ្សេងៗទៀត ពីព្រោះខ្លួនមានទីផ្សារក្នុងស្រុកដ៏ធំសម្បើម។ ដូច្នេះ ប្រសិនបើអស់លោកនិយាយអំពីការដាក់ទណ្ឌកម្ម និងបញ្ហាផ្សេងៗទៀតដូចជាការដាក់ទណ្ឌកម្មនោះ ចិនមានសេដ្ឋកិច្ចក្នុងស្រុកដ៏ធំសម្បើម។ ក្រុមហ៊ុននិងបុគ្គលទាំងនោះ អាចគ្រាន់តែប្តូរទៅធ្វើពាណិជ្ជកម្មក្នុងស្រុក។
រដ្ឋាភិបាលកុម្មុយនិស្តមានប្រវត្តិពីការបង្កើនភាពគ្រោះថ្នាក់មិនសុខចិត្តចុះចាញ់សហរដ្ឋអាមេរិកទេ។ រដ្ឋាភិបាលក្រុងប៉េកាំងបានទប់ទល់នឹងចលនានាវាសហរដ្ឋអាមេរិកក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០១៧ ដោយការបង្កើនសកម្មភាពរបស់ខ្លួនផ្ទាល់។ ចិនបានកាត់ផ្តាច់ការផ្លាស់ប្តូរខាងយោធាក្នុងឆ្នាំ ២០១០ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដែលចិនបានហៅកោះនោះថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនមិនមែនជារដ្ឋអធិបតេយ្យភាព។
លោក King បាននិយាយទៀតថា សភាសហរដ្ឋអាមេរិកប្រហែលនឹងអនុម័តសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម ក៏ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អាចផ្អាកការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ក្នុងករណី ចិននិងសហរដ្ឋអាមេរិក ដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលបានកើតមានឡើងកាលពីឆ្នាំទៅ។
លោក King និយាយទៀតថា៖ «សេចក្តីព្រាងច្បាប់នោះត្រូវបានដាក់ស្នើដោយសមាជិកព្រឹទ្ធសភាសំខាន់ៗមកពីគណបក្សទាំង២ ហើយមិនមានគណបក្សណាមួយក្នុងព្រឹទ្ធសភាគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងទេនៅពេលឥឡូវនេះ។ ក៏ប៉ុន្តែថាតើប្រធានាធិបតីត្រាំនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ឬក៏អត់ វាជារឿងមួយទៀត នៅពេលដែលប្រធានាធិបតីត្រាំពេញចិត្តវិធានការបម្រុង ជាការគំរាមកំហែងមួយប្រឆាំងនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលគួរតែជាមិត្តដ៏ល្អរបស់លោក»។
បន្ទាប់ពីប្រធានាធិបតីត្រាំបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងកាលពីឆ្នាំទៅពីការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ រដ្ឋាភិបាលរបស់លោកបានអនុម័តការយកពន្ធគយលើទំនិញចិន ដែលមានតម្លៃ ២រយ៥០ពាន់លានដុល្លារ។ នៅខែក្រោយ រដ្ឋបាលប្រធានាធិបតីត្រាំ នឹងធ្វើសវនការស្តីពីការយកពន្ធគយថ្មី ដែលប៉ះពាល់ការនាំចូលទំនិញបន្ថែម ដែលមានតម្លៃ៣រយពាន់លានដុល្លារមកពីប្រទេសចិន។ ក៏ប៉ុន្តែកាលពីឆ្នាំទៅ រហូតដល់ពេលនេះ ភាគីទាំង២ បានព្យាយាមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕
ប្រែសម្រួលដោយជឹង ប៉ូជីន