នៅពេលកាសែត The New York Times របស់អាមេរិកបានធ្វើសេចក្ដីរាយការណ៍អំពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា កាសែតនេះបានពឹងផ្អែកលើបច្ចេកវិទ្យាចុងក្រោយ ដើម្បីបញ្ជាក់បន្ថែមទៅលើអ្វីដែលបានរកឃើញ។
អ្នកសារព័ត៌មាននៅកាសែតនេះ បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីតាមដានរូបភាពបានពីផ្កាយរណប ដែលបង្ហាញឱ្យឃើញរណ្ដៅជាង ២០០ នៅក្នុងតំបន់មានមនុស្សរស់នៅច្រើន ដែលក្រុមអ្នកជំនាញនិយាយថា រណ្ដៅទាំងនោះទំនងជាបង្កឡើងដោយការទម្លាក់គ្រាប់បែកទម្ងន់ ៩០៧ គីឡូក្រាម។
ការប្រើប្រាស់ AI របស់កាសែត The New York Times បង្ហាញពីរបៀបដែលបច្ចេកវិទ្យានេះ អាចជួយដល់បណ្ដាញផ្សព្វផ្សាយក្នុងការពិនិត្យទិន្នន័យទ្រង់ទ្រាយធំបានយ៉ាងលឿន និង មានសុក្រឹតភាព។ អ្នកវិភាគនិយាយថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ វាអាចនាំទៅដល់យុគសម័យថ្មីមួយដែលសូម្បីតែសារព័ត៌មានខ្នាតតូចក៏អាចមានលទ្ធភាពធ្វើព័ត៌មានស៊ើបអង្កេតបានដែរ។
លោក Jared Schroeder សាស្ត្រាចារ្យផ្នែកសារព័ត៌មាន ដែលមានឯកទេសផ្នែកបច្ចេកវិទ្យាថ្មីៗ នៅសាលាកាសែតនៃសាកលវិទ្យាល័យ Missouri សហរដ្ឋអាមេរិក បានថ្លែងថា ប្រសិនបើគ្មាន AI ទេ គេចាំបាច់ត្រូវមានអ្នកសារព័ត៌មានដ៏ច្រើនដែលត្រូវចំណាយពេលយ៉ាងយូរដើម្បីពិនិត្យ និង បែងចែកទិន្នន័យភាគច្រើនដែលបានពីផ្កាយរណប។
លោកនិយាយថា៖ «រឿងដែល The New York Times បានរាយការណ៍នោះ ប្រហែលជាមិនអាចធ្វើបានទេ ប្រសិនបើគ្មាន AI។ ច្បាស់ណាស់ វានឹងពិបាកសម្រាប់មនុស្សក្នុងការរាប់រណ្ដៅគ្រាប់បែកដែលបង្ហាញនៅលើរូបភាពពីផ្កាយរណបឱ្យបានជាក់លាក់។ ដូច្នេះហើយ មានតែ AI ទេដែលធ្វើឱ្យការធ្វើសេចក្ដីរាយការណ៍បែបនេះអាចធ្វើទៅបាន»។
ការផលិតព័ត៌មានបែបស៊ើបអង្កេតគឺជាកិច្ចការដែលត្រូវការការចំណាយច្រើន ខណៈដែលវិស័យព័ត៌មានកំពុងមានការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ ការប្រើប្រាស់ AI បានផ្ដល់នូវមធ្យោបាយមួយដែលមានប្រសិទ្ធភាពសម្រាប់ការចំណាយ ដើម្បីជាជំនួយសម្រាប់ការធ្វើសេចក្ដីរាយការណ៍ស៊ើបអង្កេត។ ហើយថ្វីបើ បច្ចេកវិទ្យា ត្រូវបានប្រើប្រាស់ជាយូរមកហើយដើម្បីជាជំនួយក្នុងវិស័យសារព័ត៌មានក៏ដោយ ការមកដល់នៃកម្មវិធី ChatGPT របស់ក្រុមហ៊ុន Open AI បានជំរុញឱ្យមានការយកចិត្តទុកដាក់ជាថ្មីទៅលើលទ្ធភាពនានាដែល AI អាចផ្ដល់ឱ្យ។
លោក Jonathan Soma គឺជាសាស្ត្រាចារ្យផ្នែកសារព័ត៌មានបែបទិន្នន័យនៅសាលាសារព័ត៌មាននៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។ លោកបានថ្លែងថា៖ «គម្រោងបែបនេះ ត្រូវបានគេធ្វើជាច្រើនឆ្នាំមកហើយ។ មានគម្រោងមួយដែលធ្វើឡើងតាមរយៈទិន្នន័យបានពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៨ ដែលជាឧទាហរណ៍ជាក់ស្ដែងបង្ហាញថាតើប្រព័ន្ធកុំព្យូទ័រ និង AI អាចវិភាគទិន្នន័យដ៏ច្រើនបានពីផ្កាយរណបបានយ៉ាងដូចម្ដេច។
ការស៊ើបអង្កេតនាពេលនោះបានបង្ហាញថា ពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់បានជីករុករកជ័រផុស៊ីល Amber ដោយខុសច្បាប់ ដែលមានតម្លៃរាប់រយលានដុល្លារ។
លោក Soma បន្តថា៖ «ការងារនាពេលនោះមានលក្ខណៈបច្ចេកទេសខ្លាំងណាស់ វាទាមទារឱ្យមានការបណ្ដុះបណ្ដាលមួយមានច្រើនវគ្គ ដើម្បីដឹងពីរបៀបដែលត្រូវធ្វើផ្នែកបច្ចេកទេសគ្រប់សព្វ។ ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំបង្រៀនអ្នកផ្សេងឱ្យចេះប្រើប្រាស់កម្មវិធីនេះតែក្នុងរយៈពេលពី ១០ ទៅ ១៥ នាទីប៉ុណ្ណោះ»។ លោកបន្ថែមថា ភាពងាយស្រួលនេះគឺជា «ការប្រែប្រួលមួយដ៏ធំ»។
ករណីដែលល្បីល្បាញមួយពាក់ព័ន្ធនឹងសារព័ត៌មានស៊ើបអង្កេតដែលប្រើ AI ជាជំនួយ ប្រហែលជាករណីបែកធ្លាយឯកសារ Panama Papers កាលពីឆ្នាំ២០១៦ ដែលពេលនោះ អ្នកកាសែតបានរាវរកព័ត៌មាននៅលើប្រព័ន្ធផ្ទុកទិន្នន័យមានទំហំផ្ទុកដ៏ធំរហូតដល់ ២.៦ តេរ៉ាបៃ។
គេហទំព័រព័ត៌មានវិទ្យាសាស្ត្រឈ្មោះ LiveScience បានគណនាឃើញថា ការបែកធ្លាយនោះអាចមានទំហំឯកសារស្មើនឹង ៦៥០ លានទំព័រ។
លោក Ryan Heath អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកបច្ចេកវិទ្យាសាកល នៅគេហទំព័រព័ត៌មាន Axios បានថ្លែងថា៖ «នៅពេលយើងគិតដល់រឿងអ្វីមួយដូចជាករណី Panama Papers ជាដើម ព័ត៌មានទាំងនោះត្រូវបានបញ្ចេញឱ្យដឹងតាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយឈ្មោះថា ទិន្នន័យវ៉ិចទ័រ (vector data base)»។
តាមរយៈការប្រើប្រាស់ AI ជាឧបករណ៍ ស្ថាប័នព័ត៌មាននិងអ្នកយកព័ត៌មាន មានលទ្ធភាពអាចរៀបចំ និង ប្រើទិន្នន័យពីបណ្ដុំឯកសារ Panama Papers ដើម្បីបង្ហាញគណនី និង របាំងគេចពន្ធដែលអ្នកមានទ្រព្យសម្បត្តិជាច្រើននៅលើពិភពលោកបានប្រើដើម្បីគេចពន្ធ ប្រព្រឹត្តអំពើឆបោក និងគេចពីការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋាភិបាល។
លោក Heath និយាយថា៖ «អ្វីដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជួយដល់អ្នកពាក់ព័ន្ធក្នុងការស៊ើបអង្កេតនោះ គឺការរៀបចំទិន្នន័យទាំងអស់ឱ្យរលូន ដែលគ្មានមនុស្សណាម្នាក់អាចធ្វើបាន។ យើងដឹងហើយថា មានក្រុមហ៊ុនរាប់រយ រាប់ពាន់ ក្រុមហ៊ុននៅទីតាំងផ្សេងៗគ្នាជុំវិញពិភពលោក។ ប្រសិនបើក្រុមហ៊ុនទាំងនោះប្ដូររចនាសម្ព័ន្ធរបស់ពួកគេ ដែលប្រៀបដូចជាសត្វបង្គួយ chameleons ដែលអាចប្រែពណ៌ គ្មានមនុស្សណាម្នាក់តាមទាន់នោះទេ មានតែ AI ទើបតាមទាន់»។
អ្នកជួយបង្កើនសមភាពខាងការផលិតព័ត៌មាន
ធាតុដ៏សំខាន់នៃបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត AI គឺសក្ដានុពលរបស់វាក្នុងការដើរតួជាអ្នកជួយសម្រួលដល់អង្គភាពព័ត៌មានខ្នាតតូច។
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានប្រាប់វីអូអេថា កាលពីប៉ុន្មានឆ្នាំមុននេះ ការធ្វើសារព័ត៌មានស៊ើបអង្កេតសំខាន់ៗទាមទារឱ្យស្ថាប័នព័ត៌មានខ្លះចំណាយប្រាក់ និង ពេលវេលាដ៏ច្រើន។
ប៉ុន្តែអ្វីគ្រប់យ៉ាងបានប្រែប្រួលយ៉ាងលឿន។ នេះបើតាមការលើកឡើងរបស់លោក David Caswell ដែលធ្លាប់ធ្វើការក្នុងវិស័យព័ត៌មាន និង បច្ចេកវិទ្យា ដូចជា BBC និង Yahoo។
បច្ចុប្បន្ន លោក Caswell គឺជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ម្នាក់ ដែលកំពុងបំពេញការងារជាមួយវិទ្យាស្ថានរ៉យទ័រសម្រាប់ការសិក្សាសារព័ត៌មាន នៅទីក្រុង Oxford ប្រទេសអង់គ្លេស។ លោកបណ្ដុះបណ្ដាលថ្នាក់ដឹកនាំសារព័ត៌មាន អំពីរបៀបបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅក្នុងស្ថាប័នព័ត៌មានរបស់ពួកគេ។
លោកនិយាយថា៖ «នៅពេលយើងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងសារព័ត៌មានបែបទិន្នន័យ វាមានឥទ្ធិពលធំជាងអ្វីដែលសារព័ត៌មានទិន្នន័យធម្មតាអាចផ្ដល់ឱ្យ គឺវាប្រៀបដូចជា កាសែតខ្នាតតូចនៅតំបន់ជនបទ អាចបញ្ចេញព័ត៌មានទិន្នន័យជាលើកដំបូង»។
លោកបន្តថា៖ «ជារួម អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ គឺថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាចវិភាគឯកសារជាអក្សរដែលគ្មានរបៀបរៀបរយដ៏ច្រើនមហិមា»។
លោក Caswell បន្តទៀតថា ឧទាហរណ៍មួយដែលបច្ចេកវិទ្យា AI អាចធ្វើបាននោះគឺ សមត្ថភាពយល់ដឹង គំរូភាសា (language models) ដែលធ្វើឱ្យវាអាចពិនិត្យបានយ៉ាងល្អិតល្អន់ទៅលើឯកសារប៉ូលិស ដែលសរសេរក្នុងរបៀបមួយដែលពីមុនយើងមិនអាចប្រើជាទិន្នន័យបាន។
គ្រឿងបន្ថែម
ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក្ដី អ្នកសិក្សាដូចជាលោក Soma និយាយថា បច្ចេកវិទ្យាមិនអាចចូលមកជំនួសអ្នកកាសែតពិតប្រាកដបានទេ។
លោកនិយាយថា៖ «មូលដ្ឋានគ្រឹះនៃអ្នកសារព័ត៌មានដ៏ល្អម្នាក់ គឺការអនុវត្តអាជីពសារព័ត៌មាន ដែលរួមមានការសម្ភាស ការនិយាយទៅកាន់មនុស្សម្នា និងរឿងជាច្រើនទៀត។ អ្នកសារព័ត៌មានក៏ត្រូវដឹងថា រឿងមួយណាត្រូវរាយការណ៍សម្រាប់សាធារណជន។ អ្វីទាំងអស់នេះ មិនចាំបាច់មាន AI នោះទេ»។ AI គ្រាន់តែជាគ្រឿងបន្ថែមដែលអ្នកអាចរោយបន្ថែមលើជំនាញសារព័ត៌មានទូទៅ»។
ខណៈដែលអ្នកវិភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយខ្លះបានចោទសួរ ថាតើ AI នឹងធ្វើឱ្យខូចដល់ភាពជឿទុកចិត្តលើសារព័ត៌មានឬយ៉ាងណានោះ អ្នកជំនាញភាគច្រើនយល់ស្របថា AI មិនអាចជំនួសតួនាទីរបស់អ្នកយកព័ត៌មានទាំងស្រុងបានទេ ផ្ទុយទៅវិញ វាអាចជួយឱ្យតួនាទីរបស់ពួកគេកាន់តែប្រសើរឡើង ក្នុងនាមជាអ្នកឃ្លាំមើលរបស់សាធារណជន៕
ប្រែសម្រួល ដោយ នៀម ឆេង
វេទិកាបញ្ចេញមតិ