ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលីបង្ហាញផែនការសម្រាប់គ្រប់គ្រងការកើនឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI


រូបភាពមួយ​ត្រូវបាន​ថត​ដោយ​បង្ហាញ​ស្លាក​យីហោ OpenAI នៅទីក្រុង Boston រដ្ឋ Massachussets សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
រូបភាពមួយ​ត្រូវបាន​ថត​ដោយ​បង្ហាញ​ស្លាក​យីហោ OpenAI នៅទីក្រុង Boston រដ្ឋ Massachussets សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណាបង្កើត​ច្បាប់​ថ្មី​មួយ​ចំនួនដើម្បី​គ្រប់គ្រងការ​ប្រើប្រាស់បញ្ញា​សិប្បនិម្មិត ឬ AI នៅក្នុង​វិស័យ​ដែល​មាន​«ហានិភ័យ​ខ្ពស់‍» ដូច​ជាផ្នែក​ការ​អនុវត្ត​ច្បាប់ និង​យានយន្ត​បើកបរ​ដោយ​ខ្លួនឯង​ជា​ដើម។​

វិធានការ​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គេ​ពិនិត្យ​មើល​ផង​ដែរ​ ​ដូច​ជា​ស្នើ​សុំ​ដល់​ក្រុមហ៊ុន​នានា​ ត្រូវបិទ​ស្លាកលើ​ខ្លឹមសារ​របស់​ខ្លួន​ ដែល​ត្រូវបង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា AI។

ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ពីផែនការ​របស់​ខ្លួន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឬ​ AI។ ​នៅ​ក្រោមផែនការ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង ​កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​មករា​ កន្លង​ទៅ​នេះបាន​ឱ្យ​ដឹង​ថា​ ការការពារនឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​ ទៅ​លើ​អ្វី​ដែល​ហៅ​ថាជា​ «បច្ចេកវិទ្យា AI ដែល​ហានិភ័យ​ខ្ពស់‍»​ ដូច​ជា​ប្រព័ន្ធ software សម្រាប់​រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួន​ឯង បច្ចេកវិទ្យា​នានា​ដែល​អាចប៉ាន់ស្មាន​ពី​ឱកាស​របស់​នរណា​ម្នាក់​ដែល​អាច​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋមួយ ​ឬ​ដែលវិភាគលើ​ពាក្យ​សុំ​ធ្វើ​ការងារ ដែល​អាច​ស្វែង​រក​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​សមស្រប​នឹង​ការងារ​ជា​ដើម។

មន្ត្រី​អូស្ត្រាលី​ធ្លាប់​បាន​និយាយ​ថា​ ​ច្បាប់​ថ្មីទាំង​នេះក៏​នឹង​អាច​គ្រប់គ្រង​ផង​ដែរថា​ ​អង្គការ​នានា​ ដែល​ប្រើប្រាស់បញ្ញា​សិប្បនិម្មិត AI ដែល​មាន​ហានិភ័យ​ខ្ពស់​នេះ​ ត្រូវធានា​ថា មនុស្ស​ម្នាក់ត្រូវទទួល​ខុស​ត្រូវ​លើ​ការ​ប្រើប្រាស់​ដោយ​សុវត្ថិភាព​នៃ​បច្ចេកវិទ្យា​នេះ។​

​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ ក៏​ចង់កាត់​បន្ថយ​ការ​រឹត​បន្តឹង​ផង​ដែរលើ​វិស័យ​នានា ​ដែល​ការ​ប្រើ​ប្រាស់ AI ​ដែល​មាន​ហានិភ័យ​ទាប ​ ដើម្បីធ្វើ​ឱ្យ​វិស័យ​ទាំង​នេះ​មានការ​រីក​ចម្រើន​បន្ត​ទៅ​មុខ​ទៀត។​ ​

គណៈកម្មាធិការ​ប្រឹក្សា​ជំនាញ​មួយ​ ​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បីជួយ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ ដើម្បីរៀបចំច្បាប់​ថ្មី​នេះ។​ ​

លោក​ Ed Husic ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​វិទ្យាសាស្ត្រ​អូស្ត្រាលី បាន​ប្រាប់​វិទ្យុ​អូស្ត្រាលីកាល​ពី​ថ្ងៃ​ទី ​១៧​ ខែ​មករា​ ថា​ លោក​ចង់ឃើញខ្លឹមសារ​មាតិកាដែលបង្កើតដោយបញ្ញា​សិប្បនិម្មិត AI​ ​ត្រូវមាន​សញ្ញា​សម្គាល់ត្រឹមត្រូវ ​ដែល​ធ្វើ​មិន​ឱ្យ​មាន​ការ​ច្រឡំ​ថា​ជា​ខ្លឹមសារ​របស់ពិតប្រាកដ​នោះ។​ ​ ​

លោកនិយាយ​ដូច​នេះ​ថា៖ «យើង​ត្រូវ​មាន​ជំនឿ​ចិត្ត​ថា អ្វី​ដែល​យើង​ឃើញ​ជា​អ្វី​ដែល​យើង​ដឹង​ច្បាស់​ថា​វា​ជា​របស់​ដើម​ឬ​ជា​របស់​ពិត​ប្រាកដ ឬ​ជា​របស់​ដែល​បង្កើត​ឡើង​ដោយប្រព័ន្ធ AI ។ ​ដូច​នេះ​ ឧស្សាហកម្ម​នេះក៏​ស្វះស្វែង​ចង់​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាលដើម្បី​បង្កើត​ស្លាក​សញ្ញា​ដូចម្ដេច​ដើម្បី​សម្គាល់​វា។​ ​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ខ្ញុំ​មិន​បារម្ភ​ពី​រឿង​មនុស្ស​យន្តត្រូវ​ប្រើជំនួស​មនុស្ស​ពិតប្រាកដ​ទេ​ តែ​ខ្ញុំ​បារម្ភ​ពីការប្រឌិតព័ត៌មាន​ក្លែងក្លាយពាស​ពេញ​សង្គម។​ យើង​ត្រូវ​ចាំបាច់ធានា​ថា​ ​នៅ​ពេល​ដែលមនុស្សបង្កើត​របស់​អ្វី​មួយ ​គឺ​វា​ត្រូវ​ច្បាស់​ថា ​បញ្ញា​សិប្បនិម្មិត​ AI ​មាន​តួនាទីឬ​ពាក់ព័ន្ធ​នៅក្នុង​របស់​នោះ​ដែរ​ឬ​អត់»។

​អ្នក​ស្រី Kate Pounder​ ​ប្រធាន​ក្រុមហ៊ុនប្រឹក្សា​បច្ចេកវិទ្យា​អូស្ត្រាលី​ ដែល​តំណាង​វិស័យ​បច្ចេកវិទ្យាបាន​ប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​ថា​ សំណើ​ស្តីពីបញ្ញា​សិប្បនិម្មិតរបស់​រដ្ឋាភិបាល​អូស្ត្រាលី​ ធ្វើ​ឱ្យ​មាន​តុល្យភាព​សម​ហេតុផល​មួយ រវាងការ​លើក​កម្ពស់ភាព​ច្នៃប្រឌិត​ ​និង​ធានា​ថា​ ប្រព័ន្ធ​ទាំង​នោះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​សុវត្ថិភាព។​ ​

រដ្ឋសភា​អូស្ត្រាលីបានកំណត់​និយមន័យបញ្ញា​សិប្បនិម្មិត​ថា ជា​«ប្រព័ន្ធ​វិស្វកម្មមួយ​ដែលបង្កើតលទ្ធផល​ដែលអាចទស្សន៍ទាយ​ជា​មុនបាន​ ដូច​ជាខ្លឹមសារ​មាតិកា​ ការ​ព្យាករណ៍​ ការផ្តល់​អនុសាសន៍​ជា​ដើម​ ដោយ​គ្មានបញ្ចូល​កម្មវិធី​ជាក់លាក់​ជា​មុន»។

ការ​ស្រាវជ្រាវ​ក្នុង​ពេល​ថ្មីៗ​នេះបង្ហាញ​ថា​ ពលរដ្ឋ​អូស្ត្រាលី​ភាគ​ច្រើន​បំផុត នៅ​តែ​មិន​ទុកចិត្តបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត​ AI ដោយ​ពួក​គេយល់ឃើញ​ថា​ វា​មិន​មាន​សុវត្ថិភាព​និង​ងាយ​មាន​កំហុស​ឆ្គង៕

ប្រែសម្រួល​ដោយ លោក​ ជា្រ វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG