ការិយាល័យរដ្ឋអាជ្ញាពិសេសស៊ើបអង្កេតពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ កំពុងធ្វើការចោទមេធាវីម្នាក់ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៏ ថាបាននិយាយកុហកក្រុមស៊ើបអង្កេតអំពីការទាក់ទងរបស់លោកជាមួយនឹងលោក Rick Gates អតីតជំនួយការយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Donald Trump អ្នកដែលត្រូវចោទប្រកាន់ពីករណីលាងលុយកខ្វក់ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចប្រឹងប្រែងបញ្ជុះបញ្ជូលរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន។
ការរិយាល័យរដ្ឋអាជ្ញាពិសេសរបស់លោក Robert Mueller កាលពីថ្ងៃអង្គារ បានបង្ហាញការចោទប្រកាន់ប្រឆាំងនឹងលោកមេធាវី Alex Van Der Zwann និងរំពឹងថាលោក Van Der Zwann នឹងសារភាពកំហុសរបស់លោកនៅតុលាការក្នុងរដ្ឋធានីវ៉ាស៊ីតោននៅថ្ងៃនេះ។
ការិយាល័យរបស់លោក Mueller បានចោទថាខណៈដែលលោកមេធាវីធ្វើការឲ្យក្រុមហ៊ុនច្បាប់មួយដែលក្រសួងយុត្តិធម៌អ៊ុយក្រែនបានជួលកាលពីឆ្នាំ២០១២ដើម្បីរៀបចំរបាយការណ៍កាត់ទោសអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន Yulia Tymoshenko បានអះអាងថាលោកបានទាក់ទងទៅលោក Gates ចុងក្រោយបង្អស់កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០១៦។ លោកស្រី Tymoshenko ត្រូវបានចោទប្រកាន់ពីបទកេងបន្លំ និងបំពានអំណាចរបស់លោកស្រី និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ប៉ុន្តែក្រោយមកលោកស្រីត្រូវបានគេជម្រះឲ្យរួចទោសវិញ។
ក្រុមរដ្ឋអាជ្ញាបានអះអាងថាលោក Van Der Zwann បាននិយាយកុហក នៅពេលដែលលោកនិយាយថា លោកមិនបានដឹងថាហេតុអ្វីបានជាសារអ៊ីម៉ែលរបស់លោកជាមួយនឹងជនមិនស្គាល់ឈ្មោះម្នាក់កាលពីខែកញ្ញា ឆ្នាំ២០១៦ មិនបានបញ្ជូនទៅការិយាល័យរបស់លោក Mueller បន្ទាប់ពីលោកបានលុបវាចោលហើយនោះ។ បណ្តឹងព្រហ្មទណ្ឌដែលបានប្តឹងប្រឆាំងលោក Van Der Zwann ក៏បានចោទប្រកាន់ថា លោកបាននិយាយកុហកអំពីទំនាក់ទំនងចុងក្រោយរបស់លោកជាមួយលោក Gates និងជនមិនស្គាល់ឈ្មោះនោះផងដែរ៕