លោកស្រីនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបាននិយាយថា «មានទំនងខ្លាំង» ថាប្រទេសរុស្ស៊ីនៅពីក្រោយការវាយប្រហារលើអតីតចារបុរសម្នាក់និងកូនស្រីលោកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្រោយប៉ះសារធាតុមួយធ្វើឱ្យខូចប្រព័ន្ធសរសៃប្រសាទក្នុងពេលជាងមួយសប្តាហ៍មុននេះនៅក្នុងក្រុង Salisbury នាប៉ែកខាងត្បូងនៃប្រទេសអង់គ្លេស។
ពួកអ្នកជំនាញខាងអាវុធជីវសាស្ត្រនិងអាវុធគីមីបានធ្វើការពេញ២៤ម៉ោងនៅឯកន្លែងនៃការវាយប្រហារនោះ កាលពីថ្ងៃទី៤ខែមីនាប្រឆាំងនឹងលោក Sergei Skripal អតីតចារបុរសរុស្សីនិងកូនស្រីលោកឈ្មោះ Yulia។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានមានប្រសាសន៍ប្រាប់ពួកសមាជិកសភាកាលពីថ្ងៃចន្ទថានៅពេលនេះពួកអ្នកជំនាញទាំងនេះបានដឹងថាសារធាតុត្រូវប្រើប្រាស់ក្នុងការវាយប្រហារនោះឋិតនៅក្នុងក្រុមមួយនៃសារធាតុបំផ្លាញសរសៃប្រសាទសម្រាប់ប្រើប្រាស់ដោយកងយោធាដែលគេស្គាល់ថា Novichock។
លោកស្រីនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបានមានប្រសាសន៍ថា «កាលពីពេលមុនប្រទេសរុស្ស៊ីបានផលិតសារធាតុនេះហើយនៅតែអាចផលិតបានតទៅទៀត។ ប្រវត្តិរុស្ស៊ីក្នុងការធ្វើឃាតកម្មឧបត្ថម្ភផ្ចុងផ្តើមដោយរដ្ឋនិងការស្ទង់ប៉ាន់មើលរបស់យើងថាអាជ្ញាធររុស្ស៊ីយល់ឃើញថាអ្នករត់ចោលជួរខ្លះជាទីដៅត្រឹមត្រូវតាមច្បាប់សម្រាប់ការធ្វើឃាត រដ្ឋាភិបាលសន្មតថាជាការមានទំនងខ្លាំងថាប្រទេសរុស្ស៊ីជាអ្នកទទួលខុសត្រូវដល់សកម្មភាពប្រឆាំងនឹងលោក Sergei Skripal និងកូនស្រីលោកឈ្មោះ Yulia Skripal៕