ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ថ្លែង​ថា​ វិធាន​ការ​រដ្ឋាភិបាល​ខ្មែរ​រំលោភ​សិទ្ធិ​របស់​លោក


លោក ហុង លីម តំណាងរាស្រ្ត​រដ្ឋ Victoria នៅ​អូស្រា្តលី ថ្លែង​ក្នុង​សន្និសីទ​ជាមួយ​ប្រជាពលរដ្ឋខ្មែរ​នៅ​អូស្រា្តលី កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ (Courtesy Photo)
លោក ហុង លីម តំណាងរាស្រ្ត​រដ្ឋ Victoria នៅ​អូស្រា្តលី ថ្លែង​ក្នុង​សន្និសីទ​ជាមួយ​ប្រជាពលរដ្ឋខ្មែរ​នៅ​អូស្រា្តលី កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ (Courtesy Photo)

លោក​ ហុង លីម​ បាន​ប្រាប់ ​VOA​ នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ថា ​ការ​ហៅ​របប​ដឹក​នាំ​កម្ពុជា​ជា​របប​តិរច្ឆាន ​គឺ​ជា​ការ​សំដៅ​លើ​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​សព្វ​ថ្ងៃ ​មិនមែន​ជា​ការ​សំដៅ​លើ​ព្រះ​មហាក្សត្រ ​និង​ប្រជា​ពលរដ្ឋនោះ​ទេ។

តំណាងរាស្រ្ត​ថ្នាក់​ក្រោម​ជាតិ​របស់​រដ្ឋ​មួយ​នៃ​ប្រទេស​អូស្រ្តាលី​គឺលោក ​ហុង លីម ​បាន​ចាត់​ទុក​ថា​ ការ​ដាក់​ឈ្មោះ​របស់​លោក​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​កម្ពុជា​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល ​ហើយ​លោក​គ្រោង​នឹង​ប្តឹង​តវ៉ា​ចំពោះ​ការ​សម្រេច​នេះ។​

លោក​ ហុង លីម​ ដែល​បាន​កើត​នៅ​ស្រុក​ខ្មែរ​ ហើយ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ការងារ​នៅ​រដ្ឋ​ Victoria ​ ប្រទេស​អូស្ត្រាលី ​បាន​ផ្តល់​ការ​អធិប្បាយ​មួយ​ជា​មួយ​វិទ្យុ ​និង​កាសែត​មួយ​ចំនួន​ កាល​ដើម​ខែ​សីហា​កន្លង​ទៅ ​ដោយ​ហៅ​របប​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ហ្នឹង​របប​តិរច្ឆាន។ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ថ្កោល​ទោស ​ហើយអះអាង​ថា ​លោក​ ហុង លីម ​កំពុង​តែ​ប្រមាថ​ប្រជាជាតិ​កម្ពុជា ​និង​សម្រេច​ចាត់​ទុក​ថា​ លោក​«ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍»​នៅ​កម្ពុជា។​

លោក​ ហុង លីម​ បាន​ប្រាប់ ​VOA​ នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ថា ​ការ​ហៅ​របប​ដឹក​នាំ​កម្ពុជា​ជា​របប​តិរច្ឆាន ​គឺ​ជា​ការ​សំដៅ​លើ​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​សព្វ​ថ្ងៃ ​មិនមែន​ជា​ការ​សំដៅ​លើ​ព្រះ​មហាក្សត្រ ​និង​ប្រជា​ពលរដ្ឋនោះ​ទេ។ ​លោក​បន្ថែម​ថា ​ការ​បាញ់​សម្លាប់​ ការ​ប្រើ​សម្តី​ជេរ​ប្រមាថ ​ការ​គំរាម​កំហែង​ប្រើ​ហិង្សា​គឺ​ជា​ទង្វើ​តិរច្ឆាន​ ដែល​លោក​អះអាង​ថា​ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​បាន​ដឹង​ពី​ទង្វើ​នេះ។​

តំណាង​រាស្រ្ត ​ដែល​មាន​សញ្ជាតិ​ខ្មែរ ​និង​អូស្រ្តាលី​រូប​នេះ​បន្ថែម​ថា ​ការ​ដែលរដ្ឋាភិបាល​កម្ពុជា​ដាក់​លោក​ជា​ជន​មិនត្រូវ​បាន​ស្វាគមន៍​នោះ​គឺ​ជា​ទង្វើមិន​ស្ថិត​លើគោលការណ៍​ច្បាប់ ​និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ​ហើយ​លោក​ថា​ លោក​នឹង​ប្តឹង​តវ៉ា​ចំពោះ​ការ​សម្រេច​នេះ​ក្នុង​ពេល​ឆាប់ៗ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ធ្វើ​ហ្នឹង​រហូត​ដល់​ថា​ ចង់​បំពារ​បំពាន​លើ​សិទ្ធិ​មនុស្ស​របស់​ខ្ញុំ។ ​ខ្ញុំ​ដឹង​ថា​ បើ​ក្នុង​លក្ខណៈ​ដែល​គេ​ធ្វើ​ច្បាប់​អី​យ៉ាង​អញ្ចឹង​ចេញ​ហើយ ​កាលណា​ខ្ញុំ​ទៅ គេ​នឹង​ចាប់​ខ្ញុំ​ដាក់​គុក។​ ដូច្នេះ​គឺ​ថា​ ជា​ឧក្រិដ្ឋកម្ម​មួយ​ដែល​គេ​ធ្វើ​បំពារ​បំពាន​លើ​ខ្ញុំ។​ ដូច្នេះ​ខ្ញុំ​កំពុង​ដោះ​ស្រាយ​តាម​ផ្លូវ​មធ្យោបាយ​ទូត ​តាម​ផ្លូវមធ្យោបាយ​ច្បាប់​អន្តរជាតិ ​និង​តាម​មធ្យោបាយទាក់ទង​នឹង​អង្គការ​ផ្សេងៗ​ទៀត​ទាំងអស់ ​ដែល​នឹងឲ្យ​ឱវាទ​ខ្ញុំ​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង​ថា​ នឹ​ងត្រូវ​ធ្វើ​យ៉ាង​ម៉េច។​ ប្រសិន​បើ​ខ្ញុំអាច​ប្តឹង​ទៅ​របប​ហ្នឹង​គឺ​ថា​ឲ្យ​មក​ឆ្លើយ​តប​នៅ​ចំពោះ​មុខ​តុលាការ​នៅ​នេះ ​បើ​ធ្វើ​នេះ​រំលោភ​ច្បាប់​ខ្ញុំ​គឺ​ខ្ញុំ​នឹង​ធ្វើ​ហើយ»។​

លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី ​បាន​ប្រាប់ ​VOA​ ថា​ រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​បុគ្គល ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា ​ចូល​ក្នុង​ប្រទេស។​ ដូច្នេះ​រដ្ឋាភិបាល​មិន​បារម្ភ​ពី​គម្រោង​នៃ​ការ​ប្តឹង​របស់​លោក​ ហុង លីម នោះ​ទេ។​

លោក​បន្ថែម​ថា៖​

«ចំពោះ​រាជរដ្ឋាភិបាល​យើង​មិន​មាន​សិទ្ធិ​ណាមួយ​ជា​ឧបសគ្គ​រាំង​ស្ទះ​អី​ទេ។ ​គាត់​ប្តឹង​អី​ ប្តឹង​ទៅ!»​

ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​នយោបាយ​គឺលោក ​អ៊ូ វីរៈ ​យល់​ថា ​ការ​លើក​ឡើង​របស់​លោក ​ហុង លីម ​គ្រាន់​តែ​ជា​ការ​ប្រើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ​ មិន​មែន​ជារឿង​ខុស​ច្បាប់​នោះ​ទេ។ ​លោក​បន្ថែម​ថា ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​លោក​ ហុង លីម ​គឺជា​រឿង​គ្មាន​ប្រយោជន៍។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖

«លោក​ ហុង លីម ​ហ្នឹង​គាត់​ជា​សញ្ជាតិ​ខ្មែរ​ផង​ដែរ ​គាត់​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ខ្មែរ​យើង​គាំពារ។​ អញ្ចឹង​ទេ​មិន​អាច​ប្រទេស​មួយ​ហាម​ជនជាតិ​ខ្លួន​ឯង​មិន​ឲ្យ​ចូល​ប្រទេស​បាន​ទេ។ ​អញ្ចឹង​ខ្ញុំ​មើល​ទៅ​ជា​ការ​ធ្វើ​ខុស ​ហើយ​ហាក់​ដូច​មិន​បាន​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ។ ​ចំពោះ​ខ្ញុំ​មិនមាន​រឿង​អី​ខុស​ច្បាប់ ​មិនមាន​អី​អាច​ហាម​ប្រាម​បាន​ទេ។ យើង​ចង់​គាំទ្រ​ ឬ​មិន​គាំទ្រ​ យើង​ចង់​បក​ស្រាយ​ទៅ​វិញ​ អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​បកស្រាយ ​តែ​រឿង​ចេញ​ជា​ផ្លូវ​ការទូត​បែប​ហ្នឹង​ ខ្ញុំ​មើល​ទៅ​វាមិនត្រឹម​ត្រូវ​នោះ​ទេ»។​

មាត្រា​៣៣​នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែង​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ ​និរទេស ​ឬ​ចាប់​បញ្ជូន​ខ្លួន​ឲ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ​ លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ។​

ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​ ហុង លីម ​ជា​សមាជិក​សភា​នៃ​រដ្ឋ​ Victoria​ ប្រទេស​អូស្ត្រាលី ​តែ​លោក​មិន​មែន​ជា​សមាជិក​រដ្ឋាភិបាល​សហព័ន្ធ​ ឬ​សភាសហព័ន្ធ​ ដូច្នេះ​សម្ដី​របស់​លោក​ ហុង លីម​មិនមែន​តំណាង​ឲ្យ​ប្រទេស​អូស្ត្រាលី ​ឬ​ស្ថានទូត​អូស្ត្រាលី​នោះ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អូស្រ្តាលី​ដដែល​បញ្ជាក់​ថា​ ការ​បញ្ចេញ​មតិ​ក្នុង​វេទិកា​សាធារណៈ​គឺ​ជា​ផ្នែក​មួយ​សំខាន់​របស់​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​ប្រទេស​អូស្ត្រាលី ​ហើយ​ថា​ ប្រទេស​អូស្រ្តាលី​មាន​ប្រពៃណី​មុតមាំ​ក្នុង​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទស្សនៈ​ផ្សេងៗ​គ្នា​នៅ​ក្នុង​វេទិកា​សាធារណៈ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG