ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការវាយប្រហារលើអ្នកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាបង្កើតភាពតានតឹងដល់ខ្មែររស់នៅក្រៅប្រទេស


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មើល​ទូរស័ព្ទ​របស់​លោក នៅ​ក្នុង​កម្មវិធី​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ការសម្លាប់អ្នកវិភាគដ៏លេចធ្លោម្នាក់ ស្របពេលដែលការវាយប្រហារលើអ្នកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាកាន់តែរីករាលដាលនេះ កំពុងតែបណ្តាលឲ្យមានសម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន។

កាល​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​ដ៏​លេចធ្លោ​ម្នាក់ និង​ការ​វាយ​ប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​លើ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​កម្ពុជា កំពុង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក។

យ៉ាងណាមិញ សមាជិក​ដឹកនាំ​សហគមន៍​នៅ​ក្រៅ​ប្រទេស បាន​ព្រមាន​ពី​ការ​ស្រងាក​ចិត្ត​លើ​គណបក្ស​កាន់​អំណាច​ប្រជាជន​កម្ពុជា (CPP) ហើយ​ថា ការណ៍​នេះ​ទំនង​ជា​មិន​អាច​នាំ​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​និរទេស​ទៅ​រស់នៅ​ប្រទេស​បារាំង។

លោក សម រង្ស៊ី មិន​ទទួល​បាន​ប្រយោជន៍​ពី​ការ​មិន​ពេញចិត្ត​នឹង​ CPP ពី​សំណាក់​ពលរដ្ឋ​រស់នៅ​ក្រៅប្រទេស​ឡើយ

នៅ​ប្រទេស​អូស្ត្រាលី លោក ហុង លីម ដែល​ជា​សមាជិក​តំណាងរាស្ត្រ​រដ្ឋ Victoria និង​ជា​សមាជិក​លេចធ្លោ​ក្នុង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បាន​ប្រកាស​ឈប់​គាំទ្រ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ (CNRP)។

លោក​ថា សកម្មភាព​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ក្រោយ​ពី​ចាញ់​ឆ្នោត​៤អណត្តិ​ជាប់ៗ​គ្នា និង​ការ​ខ្វះ​ការ​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បាន​ធ្វើ​ឲ្យ​លោក​បោះ​ចោល​ការ​គាំទ្រ​នេះ។​

លោក ហុង លីម បាន​និយាយ​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី ថា៖ «‍ពលរដ្ឋ​នៅ​ទីនេះ​បាន​បាត់បង់​ការ​ជឿទុក​ចិត្ត​លើ​គណបក្ស​ប្រឆាំង ដោយសារ​ពួក​គេ​បាន​ព្រងើយ​កន្តើយ​នឹង​សំឡេង​សហគមន៍​នេះ។ គ្មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​គាត់​ទេ។ ហើយ​លោក សម រង្ស៊ី គ្រាន់តែ​ចេញ​មុខ​មក​ដឹកនាំ ហើយ​បាត់​មុខ​ទៅ​វិញ។ ហើយ​ការ​ធ្វើ​បែប​នេះ​មិន​មាន​ប្រយោជន៍​ទៀត​ទេ»។

លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។
លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។

តាំង​ពី​ដើម​មក ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​ជំនួយ និង​ការ​គាំទ្រ​ជា​ច្រើន​ដល់​គណបក្ស​ប្រឆាំង ដែល​កើត​ចេញ​ពី​ការ​ច្របាច់​ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ដែល​បច្ចុប្បន្ន​គឺជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

លោក សម រង្ស៊ី បាន​បដិសេធ​មិន​វិល​ចូល​ស្រុក​វិញ​កាលពី​ដើម​ឆ្នាំ​២០១៦​នេះ ក្រោយ​ពេល​ដែល​លោក​អាច​រង​ការ​គំរាម​ចាប់​ដាក់​គុក​នៅ​ក្នុង​ករណី​បទ​បរិហារកេរ្តិ៍។ លោក កឹម សុខា ក៏​កំពុងតែ​ប្រឈម​នឹង​ការ​ឃុំ​ខ្លួន​ដែរ ក្នុង​ករណី​ស្រដៀង​គ្នា។

ក្នុង​ករណី​នេះ លោក ហុង លីម បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ចេញ​មុខ​ចូលរួម​ដឹកនាំ​បក្ស។

លោក​ថា៖ «‍គណបក្ស​នេះ​មិន​មាន​គម្រោង​ស្នង​តំណែង​ទេ»។ លោក​បន្ថែម​ថា ការ​បន្ថែម​មេដឹកនាំ​ថ្មី​ក្នុង​បក្ស អាច​ជា​បញ្ហា​ចម្បង​មួយ ដែល​គណបក្ស​សង្គ្រោះជាតិ​ប្រឈម​មុខ មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ​នេះ និង​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ២០១៨​ខាង​មុខ​នេះ។​

ការ​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង

លោក ហុង លីម បាន​ឲ្យ​ដឹង​ថា សមាជិក​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​១៨នាក់​ត្រូវបាន​ឃុំ​ខ្លួន ខណៈ​ដែល​ការ​បាញ់​សម្លាប់​លោក កែម ឡី បាន​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មាន​ការ​ខឹង​សម្បា។

រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ការ​ភ័យព្រួយ​ពី​សហគមន៍​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​រាប់​សែន​នាក់ ដែល​បាន​រត់ភៀស​ខ្លួន​ដោយសារ​តែ​សង្គ្រាម ហើយ​ក្លាយ​ជា​ជន​អន្តោប្រវេសន៍​នៅ​ប្រទេស​លោក​ខាង​លិច។

លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ធរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

ក្រុម​ដែល​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​សហគមន៍​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ក៏​ត្រូវបាន​ចោទ​ថា​ បាន​ញុះញ៉ុង​ឲ្យមាន​ការ​មិន​ពេញ​ចិត្ត​ពី​ខាង​គណបក្ស​ប្រឆាំង ដោយ​ជារឿយៗ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ហិង្សា ប្រឆាំង​នឹង​រដ្ឋាភិបាល រួមមាន​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​ព្រំដែន​ដោយ​ប្រទេស​វៀតណាម​ដោយ​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​ផង​ដែរ។

លោក ហុង លីម ក៏​ត្រូវបាន​រិះគន់​មិន​សំចៃមាត់​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ត្រូវបាន​ប្រកាស​ថា​ជា​ជន​ដែល​កម្ពុជា​មិន​ស្វាគមន៍ ក្រោយ​ពី​លោក​បាន​ហៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​របប​តិរច្ឆាន ទាក់ទិន​នឹង​ការ​សម្លាប់​លោក កែម ឡី។

សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ និង​មិន​ពេញ​ចិត្ត

នៅ​សហរដ្ឋ​អាមេរិក ការ​សម្លាប់​លោក កែម ឡី ក៏​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន។ ក៏ប៉ុន្តែ ការ​ព្រួយ​បារម្ភ​ក៏​កំពុង​តែ​កើន​ឡើង​ទាក់ទង​នឹង​សមត្ថភាព​របស់​គណបក្ស​ប្រឆាំង​ដើម្បី​តតាំង​ និង​ជំនះ​ស្ថានភាព​នយោបាយ​កម្ពុជា​សព្វថ្ងៃ​នេះ។​

រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។

លោក ប៉ែន សុខផល ប្រធាន​ផ្នែក​ទំនាក់ទំនង​យុវជន និង​និស្សិត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​នេះ គណបក្ស​ឆាំង​នឹង​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​យុទ្ធនាការ​ជាមួយ​យុវជន ដើម្បី​បង្កើន​ការ​គាំទ្រ និង​ប្រមូល​ផ្តុំ​ថវិកា។

លោក​ថា៖ «‍យើង​មាន​គម្រោង ខ្ញុំ​ផ្ទាល់ និង​ក្រុម​យុវជន​សហរដ្ឋ​អាមេរិក​នឹង​ចុះ​ផ្ទាល់​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ដើម្បី​ពង្រឹង​យុវជន​ទូទាំង​ប្រទេសរបស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូចជា​យុវជន​សកម្ម​ក្នុង​សង្គម​ដែល​ជួយ​ជាតិ ឲ្យ​គាត់​ដាក់​ចិត្ត​ដាក់កាយដាក់​ពលិកម្ម ដើម្បី​ជា​ចលនា ឲ្យ​គាត់​ធ្វើការ​សម្រុក​ឲ្យ​ខ្លាំង​ពី​ការ​បោះឆ្នោត ឲ្យ​គាត់តាមដាន​ការ​បោះឆ្នោត ឲ្យ​គាត់​ដឹក​នឹង​សម្រួល​ការ​បោះឆ្នោត ឲ្យ​គាត់​ត្រៀម​ថវិកា​ខ្លះ ដើម្បីជួយ​ដល់​ការ​ធ្វើ​ដំណើរ ការ​ហូបចុកជាដើម»។

រីឯ​លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចការ​មួយ​ផ្នែក​ដែល​អង្គការ​របស់​លោក​ផ្តោត​នោះ គឺ​ការ​ផ្តល់​សំឡេង​ឲ្យ​គណបក្ស​ប្រឆាំង ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​នយោបាយ​ដោយ​ស្មើភាព​គ្នា​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា តាមរយៈ​ការ​ផ្សព្វផ្សាយ​ពត៌មាន។

លោក​ថា៖ «‍ពួក​យើង​ចង់​ឃើញគណបក្ស​ប្រឆាំង​មាន​សំឡេង ឲ្យ​បាន​ទៅ​ដល់​ប្រជាជនខ្មែរ​អាមេរិកាំង និង​ប្រជាជន​ខ្មែរ​នៅ​ស្រុក​ខ្មែរ ពីព្រោះ​យើង​ឃើញ​ថា គណបក្ស​កាន់​អំណាច មិន​សូវ​ឲ្យ​ឱកាសពួក​គណបក្ស​ប្រឆាំង បញ្ចេញ​សម្លេងនៅ​ទូរទស្សន៍ និង​វិទ្យុនៅ​ស្រុក​ខ្មែរ។ ឧទាហរណ៍ ការ​រំលោភដីធ្លី​នៅ​ស្រុក​ខ្មែរ គេ​ដឹង​ឮមួយ​ពិភព​លោក ប៉ុន្តែ​វិទ្យុ ឬក៏​ទូរទស្សន៍​នៅ​ស្រុក​ខ្មែរ​មិន​សូវ​បានបញ្ចាំង​ឲ្យ​ខ្មែរ​យើង​ដឹង»។

យ៉ាងណាមិញ លោក ទូច វិបុល ដែល​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​ផ្តោត​សំខាន់​ទៅ​លើ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ធ្វើការ​ជាមួយ​នឹង​តំណាងរាស្ត្រ និង​សមាជិក​សភា និង​ព្រឹទ្ធសភា​នៅ​សហរដ្ឋ​អាមេរិក។

លោក កឹម សុខា (ឆ្វេង) អនុប្រធាន​ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤។
លោក កឹម សុខា (ឆ្វេង) អនុប្រធាន​ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤។

លោក​ក៏​បាន​លើក​ឡើង​ថា អង្គការ​របស់​លោក មាន​គម្រោង​បង្កើត​វេទិកា​សាធារណៈ​មួយ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ដោយ​ចង់​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មក​ពិភាក្សា និង​ចែករំឡែក​គោលនយោបាយ​ការទូត​រវាង​គ្នា​ទៅវិញ​ទៅមក។

លោក​ថា៖ «‍យើង​ធ្វើកិច្ចការ​យុវជន​នៅ​សហរដ្ឋ​អាមេរិក និង​យុវជន​នៅស្រុក​ខ្មែរ​យើង ដោយ​ផ្សារភ្ជាប់​ទំនាក់ទំនងគ្នា​ទៅ​វិញ​ទៅមក។ ហើយ​មាន​គោលការណ៍​មួយ​ចំនួន ដែល​យុវជន​ក្នុង​ស្រុក​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ផ្សព្វផ្សាយ​អំពីគោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ការ​ពង្រឹង​នីតិរដ្ឋនៅ​កម្ពុជា‍»។

លោក ហ៊ុន សែន ថ្មីៗ​នេះ ក៏​បាន​ចាប់យក​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រៅ​ប្រទេស​ឲ្យ​ធ្វើ​ជា​មូលដ្ឋាន​ដ៏​មាន​សក្តានុពល​មួយ សម្រាប់​ការ​គាំទ្រ​របស់​ពួកគេ​នាពេល​អនាគត៕

រាយការណ៍​បន្ថែម និងប្រែសម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG