ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ហុងកុង​នឹង​ព្យួរ​ការ​សហការ​ខាង​ផ្លូវ​ច្បាប់​ខ្លះ​ជាមួយ​អាមេរិក​


លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ខែ​មេសា ២០២០។
លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ខែ​មេសា ២០២០។

ក្រសួង​ការ​បរទេស​ចិន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទី​ក្រុង​ហុងកុងនឹង​ព្យួរ​កិច្ចព្រមព្រៀង​សហការ​ខាង​ផ្លូវ​ច្បាប់​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​វិធានការ​ឆ្លើយ​តប​នឹង​ការណ៍​ដែល​អាមេរិក​បាន​សម្រេច​បញ្ឈប់​កិច្ច​ព្រមព្រៀង​ខ្លះ​ជាមួយ​ហុងកុង​កាល​ពី​ថ្ងៃ​ពុធ​។​

នៅ​ក្នុង​ថ្ងៃ​នោះ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ហុងកុង​ថា ​ខ្លួន​បាន​ព្យួរ​ឬ​បញ្ឈប់​កិច្ចព្រមព្រៀង​ទ្វេភាគី​ចំនួន​៣ ជាមួយ​ទី​ក្រុង​ពាក់​កណ្តាល​ស្វ័យត​នេះ​ ក្រោយ​ពី​ចិន​ដី​គោក​បាន​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នៅ​ទី​នោះ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian (ចាវ លីជៀន) បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​ដែល​លោក​ប្រកាស​ពី​ការ​ព្យួរ​កិច្ច​សហការ​ខាង​ផ្លូវ​ច្បាប់​របស់​ហុងកុង​នេះ​ថា៖​ «ប្រទេស​ចិន​ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​កែ​កំហុស​របស់​ខ្លួន​ជា​បន្ទាន់»។

កិច្ច​ព្រមព្រៀង​សហការ​ខាង​ប្រព័ន្ធ​យុត្តិធម៌និង​ការ​ជួយ​គ្នា​ក្នុង​រឿង​ដូច​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​ដើម ​រវាង​សហរដ្ឋ​អាមេរិក​និង​ដែនដី​ហុងកុង​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៩៧ គឺ​មុន​ពេល​ដែនដី​ហុងក្រុង​ត្រូវ​បាន​ផ្ទេរ​ពី​ចក្រភព​អង់គ្លេស​ទៅ​ក្រោយ​ការ​គ្រប់គ្រង​របស់​ចិន​ដី​គោក។

ហើយ​ការ​សម្រេច​របស់​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​កើត​មាន​ឡើង​ក្រោយ​ពី​លោក​ប្រធានាធីបតី Donald Trump កាលពី​ខែ​មុន​សម្រេចឈប់​ទទួល​ស្គាល់​ឋានៈ​ពិសេស​របស់​ហុងកុង​ក្រោយ​ច្បាប់​អាមេរិក​ដើម្បី​ដាក់​ទណ្ឌកម្ម​ចិន​ដីគោក​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ជា​«អំពើ​ជិះជាន់»​លើ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​មួយ​នេះ៕

XS
SM
MD
LG