នៅពេលដែលលោកសាស្ត្រាចារ្យ Shiu Ka-Chun ទទួលបានលិខិតមួយច្បាប់ពីសាកលវិទ្យាល័យរបស់លោក កាលពីប៉ុន្មានសប្ដាហ៍មុន លោកមានការភ្ញាក់ផ្អើលដោយទទួលដំណឹងថា លោកត្រូវបានគេបញ្ឈប់ពីការងារជាផ្លូវការ។
លោក Shiu ដែលជាសមាជិកសភាមួយរូបផងនោះ បានបង្រៀនផ្នែកកិច្ចការសង្គមនៅសាកលវិទ្យាល័យ Baptist University of Hong Kong អស់រយៈពេល ១១ ឆ្នាំមកហើយ ហើយការបង្រៀនរបស់លោកជានិច្ចកាលត្រូវបានគេវាយតម្លៃថាល្អឥតខ្ចោះ។
លោកត្រូវបានគេចាប់ដាក់ពន្ធនាគារកាលពីឆ្នាំមុនពីបទ «ញុះញុងឱ្យមានការរំខានជាសាធារណៈ» ពាក់ព័ន្ធនឹងចលនាឆ័ត្រ ឬ Occupy Centralកាលពីឆ្នាំ ២០១៤។ ក្រោយពីត្រូវបានគេដោះលែងមក សាកលវិទ្យាល័យបានបញ្ឈរជើងលោក Shiuមួយរយៈដោយរង់ចាំនីតិវិធីផ្នែកវិន័យ ពាក់ព័ន្ធនឹងការជាប់ទោសរបស់លោក។
លោក Shiu បាននិយាយថា ការបណ្ដេញលោកចេញពីការងារគឺជា «ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ប៉ុន្តែសាកលវិទ្យាល័យមិនបានផ្ដល់មូលហេតុអ្វីទាំងអស់ដល់លោក។ លោកថា លោកមានអារម្មណ៍ «ខឹង តូចចិត្ត និងរងការប្រមាថ»។ សាកលវិទ្យាល័យបដិសេធមិនបញ្ចេញមតិទាក់ទិននឹងករណីនេះ។
សាស្ត្រាចារ្យច្បាប់លោក Benny Tai ដែលជាស្ថាបនិកមួយរូបនៃចលនាឆ័ត្រឆ្នាំ ២០១៤ ត្រូវបានគេចាប់ដាក់ពន្ធនាគារកាលពីឆ្នាំមុនពីបទរំខានជាសាធារណៈ ដោយសារតែតួនាទីរបស់លោកនៅក្នុងចលនានេះ។ លោកក៏ត្រូវបានសាកលវិទ្យាល័យ University of Hong Kong បណ្ដេញចេញពីការងារកាលពីប៉ុន្មានសប្ដាហ៍មុនដែរ។
លោក Taiបានទួញសោកថា ការសិក្សាអប់រំនៅក្នុងទីក្រុងហុងកុង «លែងមានសេរីភាពក្នុងការបញ្ចេញមតិអំពីបញ្ហាចម្រូងចម្រាសដែលពាក់ព័ន្ធនឹងនយោបាយ និងសង្គមទៀតហើយ»។
ការបណ្ដេញលោក Shui និង លោក Tai ចេញពីការងារ បានកើតឡើងក្នុងសប្ដាហ៍តែមួយនៃការចាប់ខ្លួននិស្សិត ៤ រូប ដែលរងការចោទប្រកាន់ក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ការដកសិទ្ធិបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យឈរឈ្មោះជាសមាជិកសភាចំនួន ១២ រូប និងព័ត៌មានអំពីស្ថាប័នប៉ូលិសហុងកុងចេញដីកាចាប់ខ្លួនសកម្មជនហុងកុង ៦ នាក់នៅបរទេស។
ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងអំឡុងពេលមួយខែបន្ទាប់ពីការអនុម័តច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹង និងទូលំទូលាយជ្រុលរបស់ចិន ដែលហាមឃាត់ការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស។
ទោះបីជាការបណ្ដេញលោក Tai ចេញពីការងារ ត្រូវបានគេសន្មតយ៉ាងទូលំទូលាយថាជាការចង្អុលបង្ហាញឱ្យឃើញពីការផុតរលត់នៃសេរីភាពការសិក្សាអប់រំនៅក្នុងទីក្រុងហុងកុងក៏ដោយ ក៏ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលចិន និងសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងទីក្រុងហុងកុង បានប្រកាសជាឧឡារិកថា ការធ្វើដូច្នេះគឺជា «ទង្វើយុត្តិធម៌» សម្រាប់គ្រូបង្រៀនដែលបានសាបព្រួសគំនិតនយោបាយ «ពិសពុល» ដល់ក្មេងជំនាន់ក្រោយ។
កាសែត The Wen Wei Po បានប្រៀបធៀបការបណ្ដេញលោក Tai ចេញពីការងារទៅនឹងការដកចេញនូវ «មហារីកពិសពុលមួយ» និងបានបង្ហាញរូបត្លុករបស់លោក Tai ថាជាមេរោគដែលត្រូវបានគេប្រើអំបោសបោសក្រវាត់ចោល។
មន្ត្រីហុងកុង និងមន្ត្រីចិន បានបង្កើនវោហាសាស្ត្រនយោបាយរបស់ពួកគេលើវិស័យអប់រំនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយចោទប្រកាន់គ្រូបង្រៀនថាបាន «ញុះញង់» ប្រឆាំងចិន និងលើកទឹកចិត្តឱ្យសិស្សានុសិស្សប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាបានបន្ទោសគ្រូបង្រៀនចំពោះមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុនផងដែរ។
ច្បាប់សន្តិសុខជាតិថ្មីនេះមានគោលបំណងបញ្ឈប់សកម្មភាពនានាដូចជា បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យជាដើម ដែលបានប្រែក្លាយទៅជាអំពើហិង្សាកាន់តែខ្លាំងឡើងៗ នៅពេលដែលការមិនពេញចិត្តចំពោះបញ្ហានានាកើនឡើង។
មេដឹកនាំកំពូលរបស់ទីក្រុងហុងកុង អ្នកស្រី Carrie Lamបានថ្លែងនៅក្នុងវេទិកាមួយក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីច្បាប់សន្តិសុខជាតិត្រូវបានអនុម័តកាលពីពេលថ្មីៗនេះថា ចលនាតវ៉ាសង្គម តាំងពីចលនាឆ័ត្រឆ្នាំ ២០១៤ រហូតដល់ចលនាប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុន បានបង្ហាញថា «កម្លាំងប្រឆាំងចិនបានជ្រៀតចូលក្នុងបរិវេណសាលារៀនហើយ»។
ដោយយោងលើទិន្នន័យដែលបង្ហាញថា ៤០% នៃមនុស្សដែលត្រូវបានគេចាប់ខ្លួនក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលគឺជាសិស្ស និងនិស្សិត ហើយ ៤៥% នៃអ្នកទាំងនោះមានអាយុតិចជាង ១៨ ឆ្នាំ អ្នកស្រី Carrie Lam បានប្ដេជ្ញាថានឹងអនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះ នៅតាមសាលារៀន និងសកលវិទ្យាល័យនានានៅទូទាំងទីក្រុងហុងកុង ដោយអ្នកស្រីបាននិយាយថា ច្បាប់នេះនឹងធ្វើឱ្យការអប់រំ «ត្រឡប់មកផ្លូវត្រូវវិញ»។
ច្បាប់សន្តិសុខជាតិថ្មីនេះចែងថា រដ្ឋាភិបាលរឹតបន្តឹងការគ្រប់គ្រងលើសាលារៀនគឺដើម្បី «ការពារសន្តិសុខជាតិ» និងបង្ការសកម្មភាពភេរវកម្ម។
រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខរបស់ទីក្រុងហុងកុង លោក John Lee ដែលជាសមាជិកម្នាក់នៃគណៈកម្មាធិការសន្តិសុខជាតិដែលទើបត្រូវបានបង្កើតថ្មី បានប្រាប់សារព័ត៌មាន Ta Kung Pao របស់ចិនកាលពីពេលថ្មីៗនេះថា អាទិភាពចម្បងរបស់លោកគឺ «ដោះស្រាយជាមួយសាលារៀន» ហើយអាជ្ញាធរនឹងកម្ចាត់ «ត្រីស្អុយ» ចេញ ដើម្បី «ជួយដល់សិស្សានុសិស្សពីការបំពុល»។
លោក Lee និយាយថា៖ «គណៈកម្មាធិការសន្តិសុខជាតិនឹងដាក់ទណ្ឌកម្មសត្រូវសាធារណៈធ្ងន់ធ្ងរ ហើយនិងចាត់វិធានការដើម្បីបង្ការមេរោគណាដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិក្នុងរយៈពេលមួយ ឬពីរឆ្នាំ»។
អាជ្ញាធរអប់រំបានដាក់សម្ពាធលើសាលារៀន និងគ្រូបង្រៀនដើម្បីគោរពតាមគោលការណ៍របស់រដ្ឋាភិបាល៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា