រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្អាកឬបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣ ជាមួយទីក្រុងហុងកុង ដែលនេះគឺជាការឆ្លើយតបថ្មីចុងក្រោយបង្អស់របស់ខ្លួនចំពោះច្បាប់សន្តិសុខជាតិថ្មីរបស់ចិនលើទីក្រុងហុងកុង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនោះផ្ដោតលើរឿងបត្យាប័នបញ្ជូនអ្នកទោស និងរឿងលើកលែងពន្ធលើប្រាក់ចំណូលដែលបានមកពីការដឹកជញ្ជូនអន្តរជាតិ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីរដ្ឋាភិបាលចិនបានដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះនៅក្នុងទីក្រុងហុងកុងកាលពីខែមិថុនាមក។
ច្បាប់ថ្មីនេះមានបំណងដាក់ទោសអ្នករស់នៅក្នុងទីក្រុងហុងកុងណាដែលត្រូវបានជឿថា បានប្រព្រឹត្តអំពើអបគមន៍ អំពើវិទ្ធង្សនា អំពើភេរវកម្ម ឬការឃុបឃិតជាមួយរដ្ឋាភិបាលបរទេស។ ច្បាប់ថ្មីនេះគឺជាការឆ្លើយតបទៅនឹងមហាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលជារឿយៗមានអំពើហិង្សាកាលពីឆ្នាំមុននៅក្នុងទីក្រុងហុងកុង។
សហរដ្ឋអាមេរិកនិងបណ្ដាបស្ចិមផ្សេងទៀតថា ច្បាប់សន្តិសុខជាតិថ្មីនេះបានបញ្ចប់គោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» ដែលតម្រូវឲ្យទីក្រុងហុងកុងមានស្វ័យ ភាពខ្ពស់ បន្ទាប់ពីចក្រភពអង់គ្លេសបានប្រគល់ទីក្រុងនោះទៅឲ្យចិនគ្រប់គ្រងវិញនៅឆ្នាំ ១៩៩៧។
លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីខែមុនដើម្បីបញ្ចប់ឋានៈអនុគ្រោះពាណិជ្ជកម្ម និងការទូតរបស់ទីក្រុងហុងកុង ហើយបន្ទាប់ មកមានចំណាត់ការផ្សេងៗទៀតដូចជាការដាក់ទណ្ឌកម្មលើមេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam និងមន្ត្រីផ្សេងទៀតនៅហុងកុងនិងចិនដីគោកជាដើម៕