ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​ហុងកុង​ព្យាយាម​រក្សា​ការ​ចងចាំ​ការ​សម្លាប់​រង្គាល​នៅ​ Tiananmen នៅ​ឆ្នាំ​១៩៨៩


ពិធី​អុជ​ភ្លើង​ទៀន​នៅ​ឧទ្យាន​ Victoria ក្នុង​ក្រុង​ហុងកុង​ ដើម្បី​ប្រារព​ខួប​ទី​២៧​នៃ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន​ Tiananmen ក្នុង​ក្រុង​ប៉េកាំង។
ពិធី​អុជ​ភ្លើង​ទៀន​នៅ​ឧទ្យាន​ Victoria ក្នុង​ក្រុង​ហុងកុង​ ដើម្បី​ប្រារព​ខួប​ទី​២៧​នៃ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន​ Tiananmen ក្នុង​ក្រុង​ប៉េកាំង។

រយៈពេល​២៧ឆ្នាំ​ជា​ពេល​វេលា​យូរ​មួយ​ដើម្បី​រក្សា​ឱ្យ​មាន​ការ​ប្រារព្ធ​ពីធី​រំឭក​វិញ្ញាណ​ក្ខន្ធ​មួយ​ ជាពិសេស​សម្រាប់​ការ​សម្លាប់​រង្គាល​មួយ​ដែល​បានកើត​មាន​ឡើង​នៅ​ចម្ងាយ​២ពាន់​គ.ម.​ពី​កន្លែង​ប្រារព្ធ​ពិធី​នេះ។

នេះ​ជា​ស្ថាន​ភាព​ដែល​ពិធី​អុជ​ទៀន​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង​ហុង​កុង​ប្រឈម​មុខ​ដើម្បី​រំឭក​ដល់​ការ​បង្ក្រាប​នៅ​ខាង​ក្នុង​និង​នៅ​ជុំវិញ​ទីលាន​ Tiananmen ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី​៤​ ខែ​មិថុនា ​ឆ្នាំ១៩៨៩​ នៅ​ពេល​ដែល​ក្រុមបាតុករ​ជា​និស្សិត​គ្មាន​អាវុធ​រាប់រយ​នាក់​បាន​ត្រូវ​សម្លាប់។​

ជា​រៀង​រាល់ថ្ងៃ​ទី​៤​ខែមិថុនា​ ក្រុម​អ្នកកាន់​មរណទុក្ខ​រាប់​ម៉ឺន​នាក់​ បាន​ប្រែ​ក្លាយ​ឧទ្យាន​ Victoria ​នៃ​ក្រុង​ហុង​កុង​ឱ្យ​ទៅ​ជា​សមុទ្រ​មួយ​នៃ​ភ្លើង​ទៀន។​ ពិធី​ដង្ហែរ​សព​ជា​និមិត្តរូប​មួយ​បាន​ប្រព្រឹត្ត​ទៅ​កាត់​ហ្វូង​មនុស្ស វីដេអូ​នៃការ​បង្ក្រាប​ប្រកប​ដោយ​ការ​បង្ហូរឈាម​នេះ​បាន​ត្រូវ​បញ្ចាំង​នៅលើ​អេក្រង់​ធំៗ​នៅ​ក្រៅ​អាគារ​ ហើយ​ពួក​មេដឹកនាំ​នយោបាយ​បានស្រែក​បន្ទរ​ពាក្យ​ស្លោក​តាមប្រដាប់​បំពង​សំឡេង។

គឺ​មាន​តែ​នៅ​ក្នុង​ក្រុង​នេះមួយ​ទេ​ដែល​ជា​អតីត​ដែន​ដី​អាណានិគម​អង់គ្លេស​មាន​ស្វ័យភាព​ច្រើន​ ដែល​អាច​មាន​ការ​ប្រមូល​ផ្តុំ​មហា​ជន​បែបនេះ​បាន​នៅ​ខាង​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុងប្រទេស​ចិន​ដីគោក​វិញ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​រំឭក​ទាំង​អស់​ ហើយ​បាន​ត្រួត​ពិនិត្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​និងបណ្តាញ​ Internet​ មិន​ឱ្យ​និយាយ​អំពី​ព្រឹត្រិការណ៍​នេះ​ទេ។​

មនុស្ស​រាប់​ម៉ឺន​នាក់​បានមក​កាន់​កន្លែង​ប្រារព្ធ​ពិធី​នេះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ នៅ​កន្លែង​ចូល​មួយ​ទៅ​ក្នុង​ឧទ្យាន ​Victoria ​ដែល​នៅ​ទល់​មុខ​នឹង​តំបន់​ពាណិជ្ជកម្ម​មាន​មនុស្ស​កុះករ​ដែល​ជា​កន្លែង​មាន​ប្រជាប្រិយភាព​ជា​មួយ​ពួក​ទេសចរណ៍​ចិន ពួក​សកម្មជនបាន​កាន់​បដា​និង​ប្រដាប់​បំពង​សំឡេង​តម្រង់​ទៅ​រក​ពួក​អ្នកដើរ​ជិត​ទីនោះ។

ប្រជារាស្ត្រ​ក្រុងហុង​កុង​ ដែល​ខ្លះ​មាន​កូន​តូចៗ​ដាក់​នៅ​លើស្មា បាន​ឈប់​ដើម្បី​ចុះ​ហត្ថលេខា​លើញ្ញត្តិ ផ្តល់​ប្រាក់​អំណោយ​ឬទិញ​អាវ​យឺត​ មាន​បោះពុម្ព​លេខ​ ៦៤៨៩ នៅ​លើ​នោះ។

នៅ​ពេល​មានការ​វាយ​ស្គរ​ជា​សញ្ញា​ ហ្វូង​មនុស្ស​បាន​ឱន​ក្បាល​បន្ទាប​យ៉ាង​ខ្លាំងតាម​ប្រពៃណី​ចិន​ចំនួន​បី​ដង​ដើម្បី​ជូន​កិត្តិយស​ដល់​ក្រុមជន​ដែល​បាន​បាត់​បង់​ជីវីត​ក្នុង​ការ​បង្ក្រាប​នោះ។​ ពួក​គេ​បាន​ច្រៀង​ចម្រៀង​រំឭក​ព្រឹត្តិការណ៍​នេះ​ហើយ​ពួក​អ្នក​ចូល​រួមទាំង​អស់​បាន​លើក​ភ្លើង​ទៀន​ទៅ​លើ៕

XS
SM
MD
LG