ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅហុងកុង​ មនុស្សច្រើន​ម៉ឺននាក់​ប្រារព្ធ​ពិធី​ខួប​សោកនាដកម្ម​នៅ ​Tiananmen


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អន្តរជាតិ / អាស៊ី នៅហុងកុង​ មនុស្សច្រើន​ម៉ឺននាក់​ប្រារព្ធ​ពិធី​ខួប​សោកនាដកម្ម​នៅ ​Tiananmen បោះពុម្ព ចែក​​​រំលែក មនុស្ស​​រាប់​ម៉ឺន​នាក់​នៅ​ទីក្រុង​ហុងកុង​បាន​ប្រារព្ធ​ពិធី​រំឭក​ខួបទី២៥​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​បង្ក្រាប​នៅ​ទី​លាន​ Tiananmen នៅ​ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ២០១៤។

កាលពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ ​មាន​មនុស្សរាប់​ម៉ឺន​នាក់​នៅ​ទីក្រុង​ហុងកុង​បាន​ប្រារព្ធ​ពិធី​រំឭក​ខួបទី២៥​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​បង្ក្រាប​នៅ​ទី​លាន​ Tiananmen​ ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​ចិនបើក​កិច្ច​ពិភាក្សា​ស្តីពី​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៩​ ហើយ​ឲ្យ​គណបក្សកុម្មុយនិស្ត​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​នោះ។​

អ្នក​ចូលរួម​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លាក​សញ្ញា​មរណទុក្ខ​ ដែល​មាន​ឈ្មោះ​អ្នក​ដែល​បាន​ស្លាប់​កាលពី​២៥​ឆ្នាំមុន​ នៅទីក្រុង​ប៉េកាំង។​

មនុស្ស​មួយ​ចំនួន​មកពី​ប្រទេស​ចិន​ដីគោក​ ដែល​នៅ​ទីនោះ​ព័ត៌មាន​លម្អិតស្តីពី​ការ​ប្រឆាំង​តវ៉ា​ទាមទារ​លិទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​ប្រឆាំង​រដ្ឋាភិបាល​ ត្រូវ​បាន​ហាមឃាត់។​ មាន​តែ​នៅ​ទីក្រុង​ហុងកុង​នេះ​ទេ​ ដែល​គេ​អាច​ប្រារព្ធ​ពិធី​រំឭក​ខួប​នេះ​ជា​សាធារណៈ​បាន។​

យ៉ាង អាយុ​២៣ឆ្នាំ​ មក​ពីក្រុង​ក្វាងចូវ​ (Guangzhou) ​ខាងត្បូង​ប្រទេស​ចិន។ គាត់​ថ្លែង​ថា ​ទោះបី​មាន​ការបិទ​បាំង​ក៏​ដោយ​ ក៏​យុវជន​ក្មេងៗ​សុទ្ធតែ​បាន​ដឹង​រឿង​ដែល​បាន​កើត​ឡើង។ ក៏​ប៉ុន្តែ​ពួកគេ​អាច​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ជា​លក្ខណៈ​តូចតាច​ប៉ុណ្ណោះ។​

«ខ្ញុំ​គិតថា​ រដ្ឋាភិបាល​គួរតែ​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើ​កម្មវិធី​ផ្សេងៗ​ដើម្បី​ចងចាំ​ប្រវត្តិ​សាស្រ្ត ​និង​ទាមទារ​សិទ្ធិ​ស្របច្បាប់»។​

សិស្ស​វិទ្យាល័យ​ទាំងនេះមក​ពី​ទីក្រុង​ហុងកុង។​ គេ​ថ្លែង​ថា​ មក​ទីនេះ​គេ​បាន​ដឹង​អំពី​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ច្រើនជាង​រៀន​ក្នុង​ថ្នាក់។​

«យើង​បានដឹង​ពី​ការណ៍​ពិត​អំពី​ឧបទ្ទវហេតុ​ថ្ងៃទី៤​ខែ​មិថុនា​ ហើយ​យើង​ខិត​ខំ​ ទាំង​កាយ ទាំង​ចិត្ត​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ទីនេះ ​និងនៅ​មាតុភូមិ»។​

លោក ​Ng Siu Wing ​ជាវិស្វករ​ចូល​និវត្តន៍។ គាត់​ធ្វើ​ដំណើរ​ពី​កាណាដា​មក​ចូលរួម​ពិធី​នេះ។​

«ខ្ញុំ​គិត​ថា ​អ្នក​ទាំងអស់​នៅតែ​ចង់​បាន​ការណ៍​ពិត​ ចង់​បានប្រជាធិបតេយ្យ​ ហើយ​អ្នក​ដឹង​ហើយ ​គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្លាស់ប្តូរ»។​

ប៉ុន្មាន​សប្តាហ៍​មុន​ថៃ្ងខួប​នេះ​ អាជ្ញាធរ​ចិន​បានឃាត់ឃាំង ​និង​ចាប់ផ្តើម​តាមដាន​សកម្មជន​មួយ​ចំនួន​ រួមទាំង​សមាជិក​ក្រុម Tiananmen Mothers​ ផង​ដែរ។
Mak Hoi-Wah ​ជា​អ្នករៀបចំ​ពិធី។​ គាត់​ចងចាំ​អំពី​ក្រុម​នៃ​សាច់​ញាតិ​របស់​អ្នក​ដែល​ស្លាប់នៅ​ឆ្នាំ​១៩៨៩។

«សមាគមន៍ម្តាយ​ទាំង​នេះ​ស្វែងរក​យុត្តិធម៌​ និង​ការណ៍​ពិត​ឲ្យកូន​ប្រុស​ស្រី​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ និង​ដើម្បី​ចងចាំ​ប្រវត្តិសាស្ត្រ​នៃ​សោកនាដ​កម្ម​នោះ»។​

ពិធីនៅ​ឆ្នាំ​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​អាជ្ញាធរ​ហុងកុង​ និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ មាន​ការផ្លាស់ប្តូរ។​

អតីតអាណានិគម​អង់គ្លេស​នេះ​កំពុងសម្រេច​ចិត្តប្តូរ​របៀប​បោះឆ្នោត​ ជា​ការ​បោះ​ឆ្នោត​សកល។ ប៉ុន្តែ​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ចិន​កំពុង​ជំរុញ​ផែន​ការ​កំណត់ជម្រើស​ក្នុង​ការ​បោះ​ឆ្នោត​នេះ។​

​អ្នកចូលរួម​ក្នុង​ពិធីនេះ​ថ្លែង​ថា​ ដូច​និស្សិតកាលពី​២៥ឆ្នាំ​មុន​ដែរ​ ប្រជាជន​ហុងកុង​នៅតែ​ត្រូវ​ប្រយុទ្ធដើម្បីលទ្ធិ​ប្រជាធិបតេយ្យ៕​

នាង​ ស្រេង លក្ខិណា​ប្រែសម្រួល
XS
SM
MD
LG