ការរីករាលដាលនៃការបង្រ្កាបមេធាវីនិងសកម្មជនសិទ្ធិមនុស្សក្នុងរយៈពេលបីសប្តាហ៍កន្លងទៅនេះបានជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា លោកប្រធានាធិបតី Xi Jingping នឹងប្រើប្រាស់ច្បាប់ ជាឧបករណ៍សម្រាប់ បិទមាត់អ្នកប្រឆាំង និងអ្នកគាំទ្រពួកគេនៅក្នុងប្រព័ន្ធតុលាការ។
តាំងពីលោកបាន ឡើងកាន់តំណែងមក លោក ប្រធានាធិបតី Xi បានផ្ដោតទៅលើសារៈសំខាន់នៃនិតិរដ្ឋ និងការគ្រប់គ្រងផ្អែកលើច្បាប់។ រដ្ឋាភិបាល បាននិយាយថា ចំណុចសំខាន់មួយរបស់យុទ្ធនាការប្រឆាំងអំពើពុករលួយ គឺ ការធ្វើឲ្យសង្គមមានយុត្តិធម៌ និងការពារការរំលោភបំពាន ពីអ្នកមានអំណាច។ ឆ្នាំមុន លោកប្រធានាធិបតី បានយក របៀបវារៈសំខាន់ក្នុងកិច្ចប្រជុំបក្សថ្នាក់កំពូល ។
ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតី Xi បានបង្កើនការរឹតត្បិតក្នុងសង្គម និងការរីករាលដាលនៃការចាប់ខ្លួនមេធាវីចាប់តាំងពីលោកចូលកាន់អំណាច បានបង្ហាញភាពផ្ទុយទៅវិញ។ លោក Hsu Szechien ជាអ្នកវិទ្យាសាស្ត្រនយោបាយនៃ វិទ្យាស្ថានស្រាវជ្រាវ Academia Sincia នៅ តៃវ៉ាន់ បាននិយាយថា៖
«តាមការពិត នោះជាការគ្រប់គ្រងដោយយកច្បាប់មកប្រើប្រាស់ ។ លោក Xi Jingping ជាអ្នកគ្រប់គ្រងប្រើប្រាស់អំណាចនិតិបញ្ញត្តិ ឬ ប្រព័ន្ធច្បាប់ដើម្បីសម្រេចតាមឆន្ទៈគ្រប់គ្រងរបស់លោក ទៅលើការិយាធិបតេយ្យ និងទៅលើសង្គម ។ »
យុទ្ធវិធីនេះត្រូវគេមើលឃើញយ៉ាងច្បាស់លាស់ ក្នុងយុទ្ធនាការដែលកំពុងធ្វើឡើងជាបន្តដើម្បីប្រឆាំងនឹងមេធាវី និងសកម្មជនចិន ជាច្រើន ដែលធ្លាប់ការពារ អ្នកប្រឆាំង អ្នកនិពន្ធ និងវិចិត្រករ ល្បីៗរបស់ ប្រទេសនេះ។
ក្រុមមេធាវីសិទ្ធិមនុស្សរបស់ប្រទេសចិនបានថ្លែងថា មានមេធាវីនិងសកម្មជន ច្រើនជាង ២៥០នាក់ ត្រូវបានប៉ូលីសចាប់ខ្លួនដើម្បីសួរចម្លើយ តាំងពីដើមខែកក្កដាមក ដែលក្នុងចំណោមអ្នកទាំងនោះ១៥នាក់បានជាប់ទោសឧក្រិដ្ឋ។
អ្នកស្រី Maya Wang អ្នកស្រាវជ្រាវជនជាតិចិនរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬ Human Rights Watch ដែលមានទីស្នាក់ការនៅទីក្រុងNew York បាននិយាយថាសកម្មភាពទាំងនេះ នាំឲ្យឆ្នាំនេះ ជាឆ្នាំអាក្រក់បំផុតនៃកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន ក្នុងរយៈពេល២ទសវត្ស។
«លោក Xi ឡើងកាន់តំណែងដោយមានអារម្មណ៍ថាបក្សមានវិបត្តិមួយ ហើយលោកចង់ពង្រឹង គោលជំហររបស់បក្សដោយការប្រមូលអំណាច ។ ដូច្នេះ ការដកសកម្មជន ទាំងនេះជាផ្នែក១ នៃយុទ្ធសាស្រ្ត ពីព្រោះបក្សមិនចង់ឲ្យនរណាម្នាក់ប្រឆាំងនិងទស្សនៈរបស់ខ្លួនសម្រាប់ប្រទេសចិនឡើយ។
កាលពីខែតុលាឆ្នាំមុន មន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនិស្តបានជួបប្រជុំក្នុងកិច្ចប្រជុំ យ៉ាងសំខាន់១ដែលត្រូវបានពណ៌នាថានេះជាការរៀបចំ ផ្លូវឆ្ពោះទៅកាន់ប្រទេសដែលមាននិតិរដ្ឋ។ មន្ត្រីមួយចំនួនបានតាំងចិត្តដើម្បីកែប្រែប្រព័ន្ធតុលាការឲ្យកាន់តែមានឯករាជ្យជាងមុន និង ជំរុញកិច្ចការប្រឆាំងអំពីពុករលួយរបស់ប្រទេស។
ជិតមួយឆ្នាំក្រោយមក អ្នកវិភាគនិយាយថា កំណែទម្រង់នេះមិនបានធ្វើអ្វីច្រើនដើម្បីកែប្រែសង្គមចិនដែលបក្សកុម្មុយនិស្ត នៅតែជាបក្សដែលធំជាងច្បាប់ ។
សកម្មជនសិទ្ធិមនុស្សមួយក្រុមដែលសង្កេតមើលករណីចាប់ខ្លួនមេធាវី គឺក្រុមមេធាវីសិទ្ធិមនុស្សរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុង ហុងកុង បានថ្លែងថាករណីមួយចំនួនមិនទាន់មានបទចោទឧក្រិដ្ឋកម្ម ហើយនៅមិនទាន់មានព័ត៌មានថាតើជនជាប់ចោទនោះកំពុងស្ថិតនៅទីណាទេ។ ពួកគេក៏មិនបានទទួលសេវាកម្មផ្លូវច្បាប់ ដែលជាការបំពានយ៉ាងច្បាស់ លើនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសចិនខ្លួនឯង។
លោក Tang Jingling ជាមេធាវីសិទ្ធិមនុស្សដ៏ល្បីឈ្មោះម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីមួយឆ្នាំមុន ដោយសង្ស័យថា បានបង្កជម្លោះនិងបង្កភាពចលាចល ប៉ុន្តែក្រោយមកបានជាប់ចោទពីបទញុះញង់ធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល។ លោកបានឡើងតុលាការកាលពីអាទិត្យមុន ប៉ុន្តែលទ្ធផលពីករណីនេះនៅមិនទាន់បញ្ចេញនៅឡើយទេ ។
ជាធម្មតាសកម្មជន និង មេធាវី សិទ្ធិមនុស្ស ទទួលរងការជាប់ចោទ ទោសស្រាល គឺពីបទ បង្កជម្លោះនិងបង្កភាពចលាចល ឬទោសធ្ងន់គឺពីបទញុះញង់ធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល ។
ការដាក់ទោសស្រាល បានប្រើប្រាស់កាន់តែច្រើនដើម្បីរឹតត្បិតការនិយាយតាមអ៊ីនធឺណិត និង ការបញ្ចេញមតិតាមវិស័យសិល្បៈ ។
នៅពេលដែលមេធាវីជាប់ក្នុងមន្ទីរឃុំឃាំងនិងពេលឡើងតុលាការ ពួកគេទទួលរងការរំលោភបំពានផ្ទាល់ ពីភ្នាក់ងារសមត្ថកិច្ច ។
លោក Tang បាននិយាយថា នៅពេលលោកជាប់ក្នុងមន្ទីរឃុំឃាំង សមត្ថកិច្ចបានធ្វើទារុណកម្មលើរាងកាយលោក។
កាលពីសប្ដាហ៍មុនអ្នកកាសែត និង អ្នកការទូត ត្រូវបានគេរារាំងមិនឲ្យចូលរួមក្នុងការកាត់ទោសទីក្រុង Guangzhou ។ លោក Tang បានកាត់ទោសស្របពេលជាមួយគ្នាទៅនឹងការកាត់ទោសគ្រូបង្រៀន និងសកម្មជនអ្នកនិពន្ធ ដែលគេស្គាល់ថាជា ជនទាំងបីរបស់ Guangzhou ។ មេធាវីការពារក្តីរបស់ ពួកគេនិយាយថាខណៈពេលមានដំណើរការតុលាការមន្ត្រីសមត្ថកិច្ចមិនអនុញ្ញាតឲ្យពួកគេហៅសាក្សីនោះទេ។
ជនទាំងបីរបស់ Guangzhou បានជាប់ចោទពីបទញុះញង់ធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាលដែលជាទោស ដែលអាចដាក់ឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំបើរកឃើញថាមានទោស ។
លោក Pu Zhiqiang ជាមេធាវីសិទ្ធិមនុស្សដែលអាជ្ញាធរបានចាប់ខ្លួនកាលពីឆ្នាំមុន ក្នុងអម្លុងខួបអនុស្សាវរីយ៍លើកទី២៥នៃការបង្ក្រាបដ៏ឃោរឃៅទៅលើអ្នកតវ៉ានៅ ទីលាន Tiananmen ។ លោកត្រូវគេចាប់ខ្លួនអស់រយៈពេលមួយឆ្នាំមុន ទទួលការចោទប្រកាន់នៅខែឧសភា។ លោកកំពុងរង់ចាំការកាត់ទោសនៅពេលនេះ ។
បទចោទប្រកាន់លើលោក គឺការញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ និង ពីបទ បង្កជម្លោះនិងបង្កភាពចលាចល ដែលភាគច្រើនផ្អែកទៅការបញ្ចេញយោបល់របស់លោកតាម បណ្ដាញសង្គម ។
ខណៈ ពេលដែលលោកជាប់ឃុំឃាំង លោក Mo Shaopoing ជាមេធាវីលោក Pu បាននិយាយថាកូនក្តីរបស់លោកមិនបានទទួលការមើលថែទាំខាងផ្នែកសុខភាពឲ្យបានត្រឹមត្រូវ ហើយមិនបានទទួលបានការប្រឹក្សាយោបល់ពីមេធាវីច្រើនជាង២០ថ្ងៃ ។
«លោក PU ត្រូវបានគេដាក់ក្នុងបញ្ជីជាករណីពិសេស ដែលមិនដូចជាបទឧក្រិដ្ឋដទៃទៀត ដូច្នេះយើងជាមេធាវីមិនអាចចូលជួបជាមួយកូនក្ដីពេលណាក៏បាននោះទេ។យើងបានបញ្ជាក់យ៉ាងច្បាស់ក្នុងសំបុត្ររបស់មេធាវីថា ការធ្វើបែបនេះបំពានច្បាប់ ។ ប៉ុន្តែមន្ត្រីប៉ូលីសនិយាយប្រាប់យើងថា ពួកគេមានបញ្ហាលំបាកដែលមិនអាចនិយាយបាន។ មន្ត្រីសមត្ថកិច្ចទាំងនេះមិនបានផ្ដល់ហេតុផលណាមួយទេ។ »
បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋបានជួយបង្ខូចឈ្មោះមេធាវីទាំងនោះ ដែលបង្កឲ្យមានផលប៉ះពាល់គួរឲ្យរន្ធត់មួយ។អ្នកវិភាគនិយាយថា វាជាចម្បាំងដែលរដ្ឋាភិបាលមិនអាចឈ្នះក្នុងរយៈពេលវែង។
លោក Hsu នៃ វិទ្យាស្ថានAcademia Sincia និយាយថា៖ «វាបានធ្វើឲ្យមនុស្សសាមញ្ញ និងអង្គការ NGO មួយចំនួនភ័យខ្លាច តែខ្ញុំជឿថាភាពភ័យខ្លាចនេះមានប្រសិទ្ធភាពរយៈពេលខ្លី ដោយសារក្នុងចិត្តប្រជាជន វាជាអំពើដែលមិនអាចទទួលយកបាននេះទេ »។
ការរីករាលដាលនៃការចាប់ខ្លួនមេធាវីក្នុងប្រទេសចិនត្រូវបានអន្តរជាតិដឹងឮ ហើយបានធ្វើឲ្យអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ សហព័ន្ធអឺរ៉ុប និង សហរដ្ឋអាមេរិកថ្កោលទោស ។
សមាគមមេធាវីពីប្រទេសមួយចំនួនបានរួមគ្នាសរសេរលិខិតចំហរមួយសម្ដែងការព្រួយបារម្ភពីបញ្ហានេះ ជូនប្រធានាធិបតី Xi ។
ខណៈដែលប្រទេសចិនមិនសូវពេញចិត្តនិងការគាបសង្កត់របស់អន្តរជាតិ ក្រុមសិទ្ធិមនុស្សបានជំរុញឲ្យអន្តរជាតិបន្តសម្តែងការព្រួយបារម្ភលើសេរីភាពក្នុងការបញ្ចេញយោបល់ក្នុងប្រទេសចិន ។
អ្នកស្រី Maya Wang នៃអង្គការ Human Right Watch ថ្លែងថា៖ « ដើម្បីធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិននិងរដ្ឋាភិបាលប្រទេសផ្សេងៗលើពិភពលោក ទោះបីកិច្ចប្រតិបត្តិការនោះផ្ដោតលើសេដ្ឋកិច្ចក៏ដោយ រដ្ឋាភិបាលប្រទេសទាំងនេះត្រូវតែនិយាយពីបញ្ហានេះ។ ជាពិសេសនៅប៉ុន្មានខែខាងមុខនេះ លោក Xi Jinping នឹងទៅទស្សនៈកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិច ហើយខ្ញុំគិតថាមេដឹកនាំទាំងនោះ ត្រូវតែនិយាយរឿងនេះ ។
ប្រែសម្រួលដោយ មាន ឥស្សរាយស