បាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនពាន់នាក់បានធ្វើការតវ៉ានៅកណ្តាលទីក្រុងហុងកុងនៅថ្ងៃអាទិត្យដោយទាមទារឱ្យមេដឹកនាំក្រុងហុងកុងចុះចេញពីតំណែងនិងស៊ើបអង្កេតលើការប្រើប្រាស់កម្លាំងប៉ូលិសលើបាតុករ។
ការតវ៉ាបានចាប់ផ្តើមនៅល្ងាចថ្ងៃអាទិត្យនៅសួន Chater ដែលនៅសង្កាត់ហិរញ្ញវត្ថុក្នុងទីក្រុង។
ប៉ូលិសបានបដិសេធសំណើសុំដើរបាតុកម្មចម្ងាយពីរគីឡូម៉ែត្រឆ្ពោះទៅសួនរំលឹកដល់លោកស៊ុន យ៉ាតសេន ប៉ុន្តែយ៉ាងហោចណាស់មានបាតុករខ្លះបានជំរុលទៅមុខដែលអាចនឹងមានការប្រឈមមុខដាក់គ្នារវាងបាតុករនិងប៉ូលិស។
ការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិសកាលពីថ្ងៃសៅរ៍បាននាំឱ្យប៉ូលិសចាប់ខ្លួនមនុស្ស១១នាក់និងមានមនុស្សយ៉ាងហោចណាស់ជាង២០នាក់បានរងរបួសនៅសង្កាត់មួយដែលក្បែរព្រំដែនដីគោក។
ទីក្រុងហុងកុងជួបនឹងវិបត្តិនយោបាយដ៏អាក្រក់បំផុតចាប់តាំងពីប្រគល់ឱ្យប្រទេសចិនក្នុងឆ្នាំ១៩៩៧។ កាលពេលមុនមានបាតុករជាច្រើនលាននាក់បានធ្វើបាតុកម្មចំនួនពីរដងប្រឆាំងនឹងសេចក្តីព្រាងច្បាប់បត្យាប័ន រហូតដល់សេចក្តីព្រាងច្បាប់នោះត្រូវបានអភិបាលក្រុងហុងកុងប្រកាសព្យួរចោលដោយគ្មានពេលកំណត់។ សេចក្តីព្រាងច្បាប់នោះអនុញ្ញាតឱ្យអាជ្ញាធរបញ្ជូនជនសង្ស័យពីបទឧក្រិដ្ឋកម្មទៅទទួលការកាត់ទោសនៅប្រទេសចិន។ មានពលរដ្ឋជាច្រើនបានជះកំហឹងដាក់ប៉ូលិស។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកនិងគ្រាប់កំាភ្លើងជ័រប្រឆាំងនឹងបាតុករដែលមានតែឆ័ត្រនិងដបប្លាស្ទិកដើម្បីប្រឆាំងនឹងប៉ូលិសប៉ុណ្ណោះ។ ការប៉ះទង្គិចគ្នាបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស៕