បាតុករនៅហុងហុងបានធ្វើតវ៉ានៅតាមផ្សារទំនើបនានាកាលពីថ្ងៃសុក្រ មួយថ្ងៃក្រោយពីសភារបស់ចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់ចំពោះក្រុងហុងកុង។
ក្រុមបាតុករបានប្រមូលផ្តុះគ្នានៅពេលបាយថ្ងៃត្រង់នៅសង្កាត់ផ្សារទំនើបនិងហាងលក់ទំនិញថ្លៃៗរបស់ហុងកុង។
ក្រុមបាតុករដែលគោរពតាមវិធានការណែនាំរក្សាគម្លាតដើម្បីទប់ស្កាត់វីរុសកូរ៉ូណា បានកាន់បដាដែលសរសេរថា «រំដោះហុងកុង និងធ្វើបដិវត្តន៍ឥឡូវនេះ»។ បដាខ្លះទៀតត្រូវបានគេចងតាមយ៉ផ្ទះដោយមានសរសេរទាមទារឯករាជ្យក្រុងហុងកុងទៀត។
ក្រុមប៉ូលិសឈរយាមកាមនៅខាងក្រៅផ្សារទំនើបនោះប៉ុន្តែមិនបានអន្តរាគមន៍ទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ក្នុងសប្តាហ៍នេះបានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់សន្តិសុខថ្មីរបស់ចិនចំពោះហុងកុងនេះ។
ពលរដ្ឋហុងកុងជាច្រើនដែលបារម្ភពីផលប៉ះពាល់នៃច្បាប់ថ្មីនេះទៅលើសេរីភាពនិងហិរញ្ញវត្ថុនៃទីក្រុងនេះបានចាប់ផ្តើមលក់ភាគហ៊ុន និងប្តូរប្រាក់សន្សំរបស់ពួកគេឲ្យទៅជាប្រាក់ដុល្លារសហរដ្ឋអាមេរិក ហើយអ្នកខ្លះចាប់ផ្តើមពិចារណាធ្វើអន្តោប្រវេសន៍ចេញពីហុងកុង។ ទីផ្សារភាគហ៊ុននៅហុងកុងបានធ្លាក់ថ្លៃជាប់ៗគ្នាបីថ្ងៃកាលពីថ្ងៃសុក្រ៕