ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ប្រកាស​អំពី​វិធានការ​ខ្លាំងក្លា​ទាក់ទិន​នឹង​សំណើ​ច្បាប់​ហុងកុង​នៅ​សប្ដាហ៍​នេះ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលកម្មវិធីមួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលកម្មវិធីមួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​លើ​ការ​ឆ្លើយតប​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង ហើយ​វិធានការ​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​សប្ដាហ៍​នេះ។

រដ្ឋសភា​ប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ថា​នឹង​អនុម័ត​លើ​សំណើ​ច្បាប់​សន្តិសុខ​មួយ​ដែល​នឹង​កាត់​បន្ថយ​ឋានៈ​ស្វ័យត​ស្រប​ច្បាប់​របស់​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

នៅ​ក្នុង​សន្និសីទ​កាសែត​របស់​សេតវិមាន លោក Trump ត្រូវ​បាន​គេ​សួរ​ថា​តើ​លោក​មាន​គម្រោង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ចិន​ទាក់ទិន​នឹង​បញ្ហា​ទីក្រុង​ហុងកុង និង​ដាក់​កំហិត​ទិដ្ឋាការ​លើ​និស្សិត និង​អ្នក​ស្រាវជ្រាវ​មក​ពី​ប្រទេស​ចិន ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Trump បាន​ឆ្លើយ​ថា៖ «ឥឡូវ​នេះ យើង​កំពុងតែ​ពិចារណា​អំពី​វិធានការ​ដែល​ត្រូវ​ធ្វើ។... ខ្ញុំ​នឹង​និយាយ​អំពី​វិធានការ​នេះ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»។

រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក Trump នេះ ដោយ​បាន​ព្រមាន​ថា ខ្លួន​នឹង​សងសឹក​ប្រឆាំង​នឹង​វិធានការ​ថ្មី​ណា​មួយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «យើង​នឹង​មិន​ទទួល​យក​ការ​ជ្រៀតជ្រែក​ណា​មួយ​ពី​បរទេស​នោះ​ទេ។ ទាក់ទិន​នឹង​ទង្វើ​ខុស​ឆ្គង​របស់​មហា​អំណាច​បរទេស​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ក្នុង​បញ្ហា​ទីក្រុង​ហុងកុង​នេះ យើង​នឹង​ចាត់​វិធានការ​ចាំបាច់​នានា​ប្រឆាំង​តបត​វិញ​ជា​មិន​ខាន»៕

XS
SM
MD
LG