ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​​ហុងកុង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ​ ដើម្បី​បំបែក​ការ​តវ៉ា​ប្រឆាំង​ច្បាប់បត្យាប័ន


ប៉ូលិសបង្រ្កាបបាតុកម្មត្រៀមសម្ភារៈរបស់ខ្លួនអំឡុងពេលមានបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ននៅក្រុងហុងកុង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។​
ប៉ូលិសបង្រ្កាបបាតុកម្មត្រៀមសម្ភារៈរបស់ខ្លួនអំឡុងពេលមានបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ននៅក្រុងហុងកុង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។​

​នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​ដក​ថយ​​ទៅ​ជិត​ហាង​លក់​ដូរ​ទំនិញ​ ហើយ​បាន​ដើរ​តាម​ផ្លូវ ពួក​គេ​ជា​ច្រើន​បាន​និយាយថា ​ការ​ដោះ​ស្រាយ​របស់​ពួកគេ​មិនទាន់​បរាជ័យ​នៅ​ឡើយទេ។

បាតុកម្មដ៏ធំមួយ​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​ធំ​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង​ បាន​ក្លាយ​ទៅ​ជា​ហិង្សា​ កាល​ពី​ថ្ងៃ​ពុធ​ នៅពេល​ដែល​ប៉ូលិស​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​របស់​រដ្ឋាភិបាល ​ដើម្បី​ជំទាស់​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន។

ក្រុម​មន្រ្តី​ប៉ូលិស​ ដែល​ពាក់​មួក​ដែក​ និង​កាន់​ប្រដាប់​ការពារ​បាន​ឈរជា​ជួរ ​នៅ​តាម​ផ្លូវ​នានា​ បាន​បាញ់ឧស្ម័ន​បង្ហូទឹកភ្នែក ​គ្រាប់កាំភ្លើង​ជ័រ​ និង​បាន​ប្រើ​ទឹកម្ទេស​បាញ់​ភ្នែក​ ដើម្បីរុ​ញ​បាតុករ​ឲ្យ​ត្រឡប់​ទៅ​វិញ ​បាតុករ​ខ្លះនៃ​បាតុករ​ទាំង​នោះ​បាន​រុញ​របាំងការពារ ​និង​គប់​របស់របរ​ដាក់​ប៉ូលិស។ បាតុកម្ម​បាន​បង្ខំ​ឲ្យ​អង្គការ​នីតិបញ្ញតិ្ត​ពន្យារ​ពេល​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​ ដែល​នៅទី​នោះ ​ក្រុម​សមាជិក​សភា​មាន​គម្រោង​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នោះ។

​នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​ដក​ថយទៅ​ជិត​ហាង​លក់​ដូរ​ទំនិញ​ ហើយ​បាន​ដើរ​តាម​ផ្លូវ ពួក​គេ​ជា​ច្រើន​បាន​និយាយថា ​ការ​ដោះ​ស្រាយ​របស់​ពួកគេ​មិនទាន់​បរាជ័យ​នៅ​ឡើយទេ។

អ្នកស្រី Raven Tse ជា​បាតុករ​ម្នាក់​ដែល​បាន​ឈប់​សម្រាក​ការងារ​មួយ​ថ្ងៃ​ដើម្បី​ចូលរួម​បាតុកម្មនេះ ​បាន​និយាយថា៖ «យើង​កំពុង​ព្យាយាម​ការពារ​ក្រុង​ហុងកុង។ នេះជាផ្ទះ​របស់​យើង»។

អ្នកស្រី​បាន​និយាយថា ​អ្នក​ស្រី ខឹង ​ពិបាកចិត្ត និង​អន់​ចិត្ត​ចំពោះ​រដ្ឋា​ភិ​បាល «ដែលមិន​ព្រម​ស្តាប់ក្រុម​បាតុករ ​បន្ទាប់​ពី​បាតុករ​រាប់ពាន់​ម៉ឺននាក់​បាន​ចេញ​មក​តាម​ផ្លូវ​នានា​កាល​ពី​ចុង​សប្តាហ៍​»។

អ្នកស្រី Tse និង​អ្នកស្រី Tracy Lee ដែល​ជា​មិត្ត​ភក្តិ ​ដែល​អ្នក​ទាំងពីរបាន​ពាក់​ម៉ាស​និង​វ៉ែនតា​សម្រាប់​ការពារ​ភ្នែក ​បាន​និយាយថា ​ពួកគេ​មានការ​ភ័យ​ខ្លាច​អំពី​ច្បាប់​បត្យាប័ន​សម្រាប់​ទីក្រុង​ហុងកុង។

អ្នកស្រី Tse ​បាន​និយាយ​ថា៖ «សេរីភាព​ក្នុង​ការ​និយាយស្តី​របស់​យើងកាន់​តែ​តិច​ជាង​មុន។​ នេះ​ជាអ្វី​ដែល​ពិសេស​សម្រាប់​ទី​ក្រុងហុងកុង។ នេះ​ជា​អ្វី​ដែល​ពលរដ្ឋជា​ច្រើន​ចង់​មក​ទីក្រុងហុងកុង»។

ពេល​ដែល​មេឃ​ងងឹតគ្របដណ្តប់ក្នុង​ក្រុង​ហុងកុង ​ពួកបាតុករបាន​ត្រូវ​ប៉ូ​លិស​បង្ក្រាប​ ហើយ​បណ្តេញ​ចេញ​ពី​តំបន់​នានា​នៅជុំ​វិញ​ក្រុម​ប្រឹក្សា​នីតិ​ប្រតិបត្តិ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ជា​ច្រើន​នៅ​តែ​ស្ថិត​នៅ​ជុំ​វិញជិតទីកន្លែង​បាតុកម្ម អ្នក​ខ្លះ​ជា​បាតុករ​និស្សិត ខណៈ​ដែល​អ្នកផ្សេង​ទៀត ​ជា​ពលរដ្ឋ​ធម្មតា​ដែល​បង្ហាញការគាំទ្រ​របស់​ខ្លួន។

កាល​ពីដំបូង ​លោកស្រី Laurel Lee បាន​ប្រាប់ VOA ថា លោកស្រី​បាន​ចូលរួម​បាតុកម្ម​នេះ​នៅពេល​ដែល​ក្រុមជួយ​គាំទ្រ​បាន​ជួយ​អ្នក​ទាំង​នោះ​ដើម្បី​ប្រយុទ្ធ​នៅ​ជួ​រមុខ។

លោកស្រី Leeបាន​និយាយ​ទៀត​ថា៖ «​ខ្ញុំ​ធ្លាប់​ទទួល​បរាជ័យ ​ដូច្នេះ​ខ្ញុំ​មិនមានការ​អាក់​អន់​ចិត្ត​ទេ ​ប្រសិន​បើ​ពេល​នេះ យើង​ទទួល​បរាជ័យ​ម្តងទៀត​នោះ។ យើង​ប្រុង​ប្រៀប​ខ្លួន​ត្រឡប់​មក​វិញ​នៅពេល​ណា​មួយ»។

កាល​ពី​ថ្ងៃ​ពុធ ពាណិជ្ជករ​រាប់​រយនាក់​បានបិទ​ទ្វារ​របស់​ខ្លួន ដើម្បី​អនុញ្ញាតឲ្យ​បុគ្គ​លិក​ចូល​រួម​បាតុកម្ម​នោះ ​ខណៈ​ដែល​ពាណិជ្ជករ​ដទៃ​ទៀត​បាន​និយាយ​ថា ​ពួកគេ​នឹង​អនុញ្ញាត​ឲ្យមានធ្វើ​ការ​ផ្លាស់​ប្តូរ​ម៉ោង​ធ្វើ​ការ​បាន ​ឬ​សុំ​ច្បាប់​ឈឺ។

ការ​ធ្វើ​បត្យាប័ន​បញ្ជូន​មនុស្ស​ទៅ​កាន់​ប្រទេស​ចិន​ដី​គោក ដែល​ជា​អ្វី​ដែល​គេ​រំពឹង​ទុកជា​ពិសេស​នៅ​ក្នុង​សំណើ​ច្បាប់​នេះ​គឺ​ជា ​អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រុង​ហុងកុង ដែលមាន​តាំង​ពី​ក្រុមហ៊ុន​អាជីវកម្ម​អន្តរជាតិ​នានា​រហូត​ដល់​ក្រុម​អ្នក​ច្បាប់​ និង​សកម្មជន​ប្រជាធិបតេយ្យ​ជា​ដើម មាន​ការ​ព្រួយ​បារម្ភ។

បាតុកម្ម​នេះ​ធ្វើ​ឲ្យ​នឹកឃើញឡើងវិញ​យ៉ាង​ខ្លាំងនូវ​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ឆ្នាំ​ ២០១៤ ដោយ​លោក Claudia Mo សមាជិក​សភាគាំទ្រ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​បាន​ហៅថា «ឆ័ត្រ ២.0»។

លោកស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​ មិន​អាចធ្វើ​មិន​ដឹងឮ​ដោយ​និយាយ​ថា ​មិន​មាន​អ្វី​កើត​មាន​ឡើងច្រើននោះទេ។

ថ្វីបើ​មានការ​តវ៉ាប្រឆាំងយ៉ាង​ខ្លាំង​ក៏ដោយ លោក​ស្រី Lam បន្ត​គាំទ្រសេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​នោះ។

ការផ្លាស់ប្តូរ​ដល់ច្បាប់​ក្រុង​ហុងកុង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការរិះគន់​មក​ពី​សហ​គមន៍​អន្តរ​ជាតិ ​រួមមាន​ សហរដ្ឋ​អាមេរិក​ផងដែរ។ ចិន​បាន​ចោទ​ប្រកាន់សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ពី​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

ទីក្រុង​ហុងកុង ដែល​ត្រូវ​បានចក្រភព​អង់គ្លេស​ប្រគល់​ឲ្យប្រទេស​ចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧ ទទួល​បាន​សិទ្ធិ​ជា​តំបន់​ស្វយ័ត​ពិសេស​រយៈពេល ៥០ ឆ្នាំ។ ក៏​ប៉ុន្តែពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ហុងកុង​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​ចិន​កំពុង​ទន្ទ្រាន​បន្តិច​ម្ដងៗ​លើ​សិទ្ធិ​ស្វយ័ត​នេះ និង​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ទីក្រុង​នេះ។

ការតវ៉ា​ប្រឆាំង​របស់​ចលនា​ឆ័ត្រ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៤​ ទាម​ទារ​ឲ្យ​មានការ​បោះឆ្នោតផ្ទាល់ ​ដើម្បី​ជ្រើសរើសមេដឹកនាំ​កំពូល​របស់​ទីក្រុង​នោះ​បន្ទាប់​ពី​ចិន​មិន​រក្សា​ការ​សន្យាសិទ្ធិ​បោះ​ឆ្នោត​សាកល​នៅ​កំណត់​ឆ្នាំ​២០១៧។ ​ការ​តវ៉ា​ប្រឆាំង​បាន​បញ្ចប់​ដោយ​មិនមានការ​ផ្តល់​សម្បទាន​ណាមួយ​ពីរដ្ឋាភិបាល​ក្រុង​ហុង​កុង៕

XS
SM
MD
LG