ក្រុមអ្នកស្រុករស់នៅក្នុងទីក្រុងហុងកុងរាប់ម៉ឺននាក់ គ្រប់អាយុកាល និងគ្រប់មជ្ឈដ្ឋាន បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសេចក្តីស្នើច្បាប់ដែលអនុញ្ញតឲ្យមានការចាប់បញ្ជូនពលរដ្ឋទៅប្រទេសចិនដីគោកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ហើយនេះគឺជាបាតុកម្មដ៏ធំបំផុតនៅក្នុងទីក្រុង ដែលគេមិនដែលឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។
ក្រុមបាតុករបានកាន់បដា ថ្កោលទោសចំពោះសេចក្តីស្នើច្បាប់ ដែលអាចកែប្រែច្បាប់ទាក់ទងនឹងការរត់គេចខ្លួនរបស់ជនប្រព្រឹត្តបទល្មើសរបស់ដែនដីហុងកុង។
អ្នកចូលរួមបាតុកម្មខ្លះទៀត កាន់បដាដែលអំពាវនាវឲ្យមេដឹកនាំដែនដីហុងកុង ខារី ឡាំ (Carrie Lam) ចុះចេញពីមុខតំណែង ចំពោះការគាំទ្រសេចក្តីស្នើច្បាប់នេះ ទោះ ជាសេចក្តីស្នើច្បាប់នេះត្រូវរងការរិះគន់ពីក្រុមសង្គមអ្នកច្បាប់ដែនដីហុងកុង រហូតដល់សភាពាណិជ្ជកម្មអាមេរិកក្តី។
ក្រុមអ្នករិះគន់និយាយថា ប្រព័ន្ធច្បាប់ប្រទេសចិនដីគោក នឹងមិនអាចធានាសិទ្ធិដល់ជនជាប់ចោទ ដូចដែលច្បាប់នៅក្នុងដែនដីហុងកុង ដែលជាដែនដីស្វយ័តពាក់កណ្តាលនេះទេ។
អង្គការសិទ្ធិមនុស្សហៅថា Civil Human Rights Front ដែលជាអ្នករៀបចំបាតុកម្ម បានប៉ាន់ប្រមាណថា បាតុករមានជាង ១លាននាក់ ខណៈដែលប៉ូលិសហុងកុងនិយាយថា ចំនួនអ្នកចូលរួមបាតុកម្មខ្ពស់បំផុតប្រហែលជា ២៤ម៉ឺននាក់តែប៉ុណ្ណោះនៅលើដងផ្លូវ៕