នៅថ្ងៃពុធនេះ ប៉ូលិសនៅក្នុងទីក្រុងហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារនានារបស់រដ្ឋាភិបាល។ ក្រុមបាតុករទាំងនេះតវ៉ាប្រឆាំងនឹងសំណើច្បាប់បត្យាប័នថ្មីរបស់ទីក្រុងហុងកុង។
នៅព្រឹកថ្ងៃពុធនេះ រដ្ឋាភិបាលក្រុងហុងកុងបានប្រកាសថា សភានឹងពន្យារពេលការប្រជុំរបស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃពុធនេះ អំពីការដេញដោលរឿងសំណើច្បាប់ដ៏ប្រទាំងប្រទើសនេះ។ សំណើច្បាប់នេះនឹងផ្ដល់ភាពងាយស្រួលជាងមុនដល់អាជ្ញាធរនៅក្នុងការបញ្ជូនមនុស្សទៅកាន់ប្រទេសណាដែលទីក្រុងហុងកុងគ្មានកិច្ចព្រមព្រៀងរយៈពេលវែងជាមួយ ដូចជាប្រទេសចិនដីគោកជាដើម។កន្លែងអាជីវកម្មរាប់រយកន្លែងបានប្រកាសអំពីគោលបំណងរបស់ខ្លួននៅក្នុងការបិទហាង ដើម្បីអនុញ្ញាតឲ្យបុគ្គលិកទៅចូលរួមបាតុកម្មដែលគ្រោងទុករួចហើយ។
សភាក្រុងហុងកុងបានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថា ការប្រជុំនៅថ្ងៃពុធនេះត្រូវប្ដូរទៅធ្វើនៅថ្ងៃក្រោយវិញ។
អ្នកស្រី Carrie Lam ប្រធានប្រតិបត្តិទីក្រុងហុងកុង គាំទ្រចំពោះសំណើច្បាប់នេះ ដោយមិនខ្វល់អំពីការតវ៉ាទ្រង់ទ្រាយធំរបស់ពលរដ្ឋហុងកុងរាប់សែននាក់កាលពីថ្ងៃអាទិត្យកន្លងទៅនោះទេ។
ការធ្វើបត្យាប័នបញ្ជូនមនុស្សទៅកាន់ប្រទេសចិនដីគោក ដែលជាអ្វីដែលគេរំពឹងទុកជាពិសេសនៅក្នុងសំណើច្បាប់នេះ គឺជាអ្វីដែលធ្វើឲ្យពលរដ្ឋក្រុងហុងកុង ដែលមានតាំងពីក្រុមហ៊ុនអាជីវកម្មអន្តរជាតិនានារហូតដល់ក្រុមអ្នកច្បាប់ និងសកម្មជនប្រជាធិបតេយ្យជាដើម មានការព្រួយបារម្ភ។ សំណើច្បាប់នេះក៏រងការរិះគន់ផងដែរពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ។
ទីក្រុងហុងកុង ដែលត្រូវបានអង់គ្លេសប្រគល់ជូនប្រទេសចិនវិញកាលពីឆ្នាំ ១៩៩៧ ទទួលបានសិទ្ធិជាតំបន់ស្វយ័តពិសេសរយៈពេល ៥០ ឆ្នាំ។ ប៉ុន្តែ ពលរដ្ឋភាគច្រើននៅក្នុងទីក្រុងហុងកុងមានការព្រួយបារម្ភថា ប្រទេសចិនកំពុងទន្ទ្រានបន្តិចម្ដងៗលើសិទ្ធិស្វយ័តនេះ និងពង្រីកការគ្រប់គ្រងរបស់ខ្លួនលើទីក្រុងនេះ៕