ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​នយោបាយ​ហុងកុង​ដែល​ចង់​ជិះទូក​ទៅ​តៃវ៉ាន់​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ


រូបឯកសារ៖ សមាជិកសភាហុងកុងលោក James To និងលោក Eddie Chu អមដោយសាច់ញាតិរបស់សកម្មជនហុងកុង១២នាក់ ដែលត្រូវបានឃុំខ្លួនក្នុងខេត្ត Guangdong បន្ទាប់ពីព្យាយាមភៀសខ្លួនទៅកោះតៃវ៉ាន់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហុងកុង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិកសភាហុងកុងលោក James To និងលោក Eddie Chu អមដោយសាច់ញាតិរបស់សកម្មជនហុងកុង១២នាក់ ដែលត្រូវបានឃុំខ្លួនក្នុងខេត្ត Guangdong បន្ទាប់ពីព្យាយាមភៀសខ្លួនទៅកោះតៃវ៉ាន់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហុងកុង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

​ក្រុមសមាជិក​សភា​និងក្រុម​អ្នក​ជំនាញ​ និយាយ​ថា សកម្មជន​នយោបាយ​ហុងកុង​ដែល​បានត្រូវ​រាយការណ៍​ថា​គេច​ខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់​តាម​កាណូត​លឿន​បាន​នាំ​ឱ្យ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ និង​អង្គការ​តៃវ៉ាន់​ស្វះស្វែង​រក​វិធី ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ពួក​គេ​ ដោយ​ភាគី​ទាំង​ពីរ​ចង់ទប់ទល់​នឹង​ប្រទេស​ចិន​ ទោះណា​ជា​មាន​ការ​ហាមប្រាម​មួយ មិន​ឱ្យ​មាន​ការ​ចូល​ក្នុង​តៃវ៉ាន់​ដោយ​ខុស​ច្បាប់ ​និង​ការគ្មាន​ការ​ធានា​រ៉ាប់រង​ខាងផ្លូវ​ច្បាប់​អំពី​ការ​សុំ​សិទ្ធិ​ជ្រក​កោន​ក៏ដោយ។

ប្រទេស​ចិនចង់​រួបរួម​ជា​មួយ​កោះតៃវ៉ាន់ ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ ហើយ​ដែល​រារែក​មិន​ចង់​រួបរួម​ជាមួយ​ចិន ព្រមទាំង​ចង់​គ្រប់​គ្រង​ក្រុមបាតុករ​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ហុងកុង ដែល​ប្រឆាំង​នឹងប៉ូលិស​និងច្បាប់សន្តិសុខ​ថ្មី​ កាលពី​ឆ្នាំទៅ​មិញ។ កង្វល់​អំពី​ការ​បង្ក្រាប​មានត​ទៅ​ទៀតបានជំរុញ​ឱ្យ​សកម្មជន​ខ្លះ​នៅ​ហុងកុង ​រត់​គេចខ្លួន។

កាលពី​ខែ​កក្កដា​ បណ្តាញ​ព័ត៌មាន​តៃវ៉ាន់ China Times បាន​រាយការណ៍​ថា ​នាវា​នៃ​ក្រុមឆ្មាំឆ្នេរ​សមុទ្រ​តៃវ៉ាន់​បាន​បញ្ឈប់​កាណូត​មួយ​គ្រឿង ​ដែល​ដឹក​សកម្មជន​យោបាយ​ហុងកុង​ប្រាំ​នាក់។ ក្រុមប្រឹក្សា​កិច្ចការ​ប្រទេស​ចិន​ដី​គោក​នៃ​កោះ​តៃវ៉ាន់ ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ កាល​ពីថ្ងៃទី ​១៤ ខែកញ្ញា​ អំពីករណី​នេះទេ​ ដោយ​បាននិយាយ​ថា ​រដ្ឋាភិបាល​មាន ​«យន្តការ​មនុស្សធ៌ម​ហើយ»។

កាសែត​ South China Morning Post នៃ​ក្រុង​ហុងកុង​ បាន​ផ្សាយកាលពី​ខែ​សីហា​ថា​កាណូតលឿន​របស់​ហុងកុងមួយ​គ្រឿង​ទៀត ​ដែល​មាន​មនុស្ស ១២ ​នាក់ ​ជិះ​បានត្រូវ​អាជ្ញាធរ​សមុទ្រចិន​បញ្ឈប់​ នៅ​ពេល​កាណូត​នេះ​កំពុង​ធ្វើដំណើរ​សំដៅ​ទៅ​តៃវ៉ាន់។

លោក ​Lo Chih-cheng សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច​នៅ​តៃវ៉ាន់​ បាន​និយាយ​ថា ​ក្នុង​ចំណោមពលរដ្ឋហុងកុង​ដែល​ទទួលសិទ្ធិ​រស់​នៅ​កោះ​តៃវ៉ាន់​ តាំងពី​ខែ​មករា ​ឆ្នាំ ២០១៩​ មក ​គ្មាន​នរណា​ម្នាក់​ធ្វើដំណើរ​ដោយ​ខុស​ច្បាប់​ តាម​សមុទ្រ​ទេ។ លោកបានថ្លែង​ទៀត​ថា ​អាកាសធាតុ​ធ្វើ​ឱ្យ​ការឆ្លង​កាត់ច្រក​សមុទ្រ​តៃ​វ៉ាន់​ មាន​គ្រោះថ្នាក់​ក្នុង​កាណូត​តូច​ ហើយ​កងឆ្មាំ​សមុទ្រ​ប្រាកដ​ជា​បញ្ឈប់​នាវា​ណាមួយ ​ដែល​ចូលក្នុង​ដែនសមុទ្រ​របស់ពួក​គេ។

ប៉ុន្តែ​ប្រសិន​បើ​ពួក​គេទៅ​ដល់​តៃវ៉ាន់​ នោះពួក​គេនឹងទទួល​បាន​ជំនួយ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្រុងតៃប៉ិ បាន​ជួយអ្នក​ភៀសខ្លួន​នយោបាយ​ឯ​ទៀតៗ​ ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ ​២០១៩​ នៅ​ពេល​មាន​មហា​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន​នៅក្រុង​ហុងកុង។

លោក Wang Ting-yu ជា​សមាជិក​សភា​នៃគណបក្ស​គ្រប់គ្រង​តៃវ៉ាន់។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​វីអូអេ​ កាល​ពី​ថ្ងៃទី​១០ ខែកញ្ញាកន្លងទៅ ​លោក​បាន​និយាយថា៖

«ខ្ញុំ​គិតថា តៃវ៉ាន់​សង្ឃឹម​ថា ​បណ្តា​ប្រទេស​លោក​សេរី​ដោយ​មាន​រួម​ទាំង​តៃវ៉ាន់​ដែរ ​នឹង​ប្រឹងប្រែង​ជួយ​ពលរដ្ឋ​ហុងកុង​ ដែល​រក​ការ​ធ្វើទុក្ខ​បុកម្នេញ ​តែ​នៅ​ពេល​ធ្វើ​កិច្ចការ​នេះ យើង​មិនចាំ​បាច់ផ្សព្វផ្សាយ​ច្រើនទេ ហើយយើង​ក៏​មិន​ត្រូវការ​ឱ្យ​រដ្ឋាភិបាល​ដឹក​មុខ​ឡើយ‍»។

លោក Wang បាន​មាន​ប្រសាសន៍​ថា ​សកម្មជន​ហុងកុង​ឯទៀតៗ​បាន​ទៅដល់​តៃវ៉ាន់​ តាម​រយៈ​បណ្តាញ​ «ក្រៅផ្លួវការ»​ ហើយ​ជួនកាល​ ដោយ​មាន​ជំនួយ​ពី​អង្គភាព​នៅ​តៃវ៉ាន់។ លោក​បាននិយាយថា​ ​អ្នក​គាំទ្រ​ទាំងនេះ​លើក​ទឹកចិត្តសកម្មជនហុងកុង​ឱ្យ​មក​តៃវ៉ាន់​ដោយសុវត្ថិភាព ​និងគ្មាន​ឱ្យ​ខូចប្រយោជន៍​សន្តិសុខ​ផ្ទាល់​របស់​តៃ​វ៉ាន៉ទេ។ ពួក​គេ​ត្រូវបានត្រួត​ពិនិត្យ​ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​ ពួកគេជា​ជន​រងគ្រោះ​នយោបាយពិត​មែន។

លោក ​Wang បាន​និយាយ​ថា ​អង្គការ​មិន​គិត​កម្រៃខ្លះ​ដែល​បានធ្វើការ​បែប​នេះ «ដាក់​ពួកគេ​ក្នុង​ស្ថានភាព​មាន​គ្រោះថ្នាក់‍»។

លោក Wang មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​បណ្តាញ​អង្គភាព​ដែល​ពាក់ព័ន្ធ ឬ​ដំណើរការ​ត្រួត​ពិនិត្យ​ដែល​គេ​ប្រើប្រាស់​ទេ ដោយ​បារម្ភ​ថា​អាច​ធ្វើឱ្យ​ក្រុម​មន្ត្រី​ចិន​ដឹង។

​សកម្មជន​នយោបាយ​ហុងកុង​ពិចារណា​អំពី​តៃវ៉ាន់​នៅ​ពេល​នេះ​ ពីព្រោះច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​កាលពី​ថ្ងៃទី ៣០ ខែមិថុនា បាន​អនុញ្ញាត​ឱ្យ​មាន​ការដាក់ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ សម្រាប់​បទ​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ទាក់ទិន​នឹង​បាតុកម្ម​តាម​ផ្លូវ។ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៧​ មក ប្រទេស​ចិន​បាន​គ្រប់គ្រង​ហុងកុង​វិញ ​ដែល​ពីដើម​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស។

សម្រាប់​សកម្មជន​កោះតៃវ៉ាន់​នៅ​ជិត​ហុងកុង​ មាន​ប្រជារាស្ត្រ​ជា​ជនជាតិ​ចិន​ ហើយ​មាន​ការគ្រប់គ្រង​ដោយ​ខ្លួន​ឯង​តាម​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុង​ហុងកុង និង​កោះតៃវ៉ាន់ ​ឃ្លាត​ពី​គ្នា​ប្រមាណ​ ៧០០ ​គីឡូម៉ែត្រ ដោយ​មាន​ទឹក​សមុទ្រ​នៅ​កណ្តាល។ ប្រទេសចិន​បាន​អះអាង​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ ក៏ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ត្រូវ​គ្រប់គ្រង​ដាច់ពី​គ្នា​ ចាប់តាំង​ពីទសវត្សរ៍​ឆ្នាំ ១៩៤០​ មក។

រដ្ឋាភិបាល​តៃវ៉ាន់​មិនបាន​លើក​ទឹក​ចិត្ត​ឱ្យមាន​ការ​ចូល​ក្នុង​ដែនដី​ខ្លួន​ដោយ​ខុស​ច្បាប់​ទេ ​តែ​បាន​និយាយ​ថា ​ខ្លួន​នឹង​ពិចារណា​អំពីសំណើ​សុំ​សិទ្ធិ​ជ្រក​កោនខាង​នយោបាយ ​តាម​ករណី​នីមួយៗ​សម្រាប់ពលរដ្ឋ​ហុងកុង​ដែល​បានស្ថិតក្នុង​តៃវ៉ាន់​ហើយ​នោះ។

រូបផែនទីបង្ហាញទឹកដីចិន ក្រុងហុងកុង និងកោះតៃវ៉ាន់
រូបផែនទីបង្ហាញទឹកដីចិន ក្រុងហុងកុង និងកោះតៃវ៉ាន់


លោក​ Chiu Chui-cheng ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​តៃវ៉ាន់ ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន​ដី​គោក។ លោក​បាន​និយាយ​ថា៖

«រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ច្រើន​ដងមក​ហើយ​ថា ​តៃវ៉ាន់​គាំទ្រ​សេរីភាព​និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង តែ​តៃវ៉ាន់​ក៏​ជា​សង្គមមួយ​គោរព​ច្បាប់ដែរ»។

លោក​បានថ្លែង​ថា៖ «ដោយ​ផ្អែកលើ​ការពិចារណា​អំពី​សុវត្ថិភាព​ និង​គ្រោះថ្នាក់​តៃវ៉ាន់​ មិន​លើកទឹកចិត្ត​ដាច់ខាត​ឱ្យ​មានការ​ចូលមក​ក្នុងដែនដី​គេ​ ដោយ​ខុស​ច្បាប់​ទេ»។

តៃវ៉ាន់​គ្មាន​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​ ដូច​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​ដែល​មាន​លក្ខខ័ណ្ឌច្បាស់លាស់​សម្រាប់​ឱ្យពលរដ្ឋហុងកុង​ស្ថិតនៅ​តៃវ៉ាន់​ ដោយសារ​ហេតុផល​នយោបាយ។ កាលពី​ខែ​កក្កដា​រដ្ឋាភិបាល​តៃវ៉ាន់​បាន​បើក​ការិយាល័យ​មួយ​ ដើម្បី​ជួយ​ពលរដ្ឋ​ហុងកុង​ឱ្យ​ដាក់​សំណុំ​ពាក្យ​ដើម្បី​សុំ​រស់នៅ​តៃវ៉ាន់។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG