មេដឹកនាំទីក្រុងហុងកុង អ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលហុងកុងកំពុងត្រៀមរៀបចំធ្វើច្បាប់ស្តីពី«ព័ត៌មានក្លែងក្លាយ» ដើម្បីប្រឆាំងទប់ទល់នឹងការផ្សព្វផ្សាយ«ព័ត៌មានមិនពិត ការស្អប់ខ្ពើម និងការភូតកុហក» ខណៈការព្រួយបារម្ភកំពុងកើនឡើងពីសេរីភាពសារព័ត៌មាននៅក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters។
ក្រោមទិសដៅបង្គាប់បញ្ជារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនោះ ទីក្រុងហុងកុងបានផ្លាស់ប្តូរទៅរកការដឹកនាំផ្តាច់ការយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋាភិបាលចិនបានអនុម័តឲ្យប្រើប្រាស់នូវច្បាប់សន្តិសុខជាតិថ្មីមួយកាលឆ្នាំ២០២០ និងបានដាក់បញ្ជូលនូវទ្រឹស្តីមនោគមន៍ «ស្នេហាជាតិ» ទៅក្នុងទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃស្ទើរតែទាំងអស់របស់ទីក្រុងហុងកុង។
ការផ្លាស់ប្តូរដ៏សំខាន់មួយដែលត្រូវបានធ្វើឡើង គឺទៅលើបណ្តាញផ្សាយសាធារណៈវិទ្យុនិងទូរទស្សន៍ហុងកុងឈ្មោះ RTHK ដែលត្រូវដឹកនាំដោយគណៈគ្រប់គ្រងទើបតែងតាំងថ្មី ហើយដែលមិនមានបទពិសោធន៍ខាងប្រព័ន្ធផ្សព្វផ្សាយនោះ។ នេះត្រូវគេមើលឃើញថា ជាសញ្ញាមួយដែលរដ្ឋាភិបាលហុងកុង នឹងចាប់ដាក់ការរឹតបន្តឹងទៅលើវិស័យវិជ្ជាជីវៈសារព័ត៌មាន ដូចវិស័យផ្សេងៗមួយចំនួនទៀតដែរ រួមមានវិស័យអប់រំជាដើមនោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ មេដឹកនាំទីក្រុងហុងកុង អ្នកស្រី Lam គូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងហុងកុង កំពុងសិក្សាអំពី «ព័ត៌មានក្លែងក្លាយ» ប៉ុន្តែអ្នកស្រី មិនបានបញ្ជាក់ពីពេលវេលា ដែលច្បាប់នេះនឹងអាចកើតចេញជារូបរាងនោះទេ។
ការថ្លែងរបស់អ្នកស្រី Lam កើតមានឡើងមួយថ្ងៃ បន្ទាប់ពីបណ្តាញផ្សាយ RTHK សម្រេចមិនបន្តកិច្ចសន្យាការងារដល់អ្នកសារព័ត៌មានអ្នកស្រី Nabela Qoser ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកសួរសំណួរដ៏លំបាកៗ ដល់អ្នកស្រី Lam និងមន្ត្រីដទៃៗទៀត ក្នុងអំឡុងនៃការប្រឆាំងតវ៉ាមហាជនកាលពីឆ្នាំ២០១៩ នោះ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានដល់ទីក្រុងហុងកុងក្នុងលំដាប់ថ្នាក់លេខ៨០ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក៕