សកម្មជនប្រជាធិបតេយ្យហុងកុងចំនួន ៨ នាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនបន្ទាប់ពីត្រូវបានចាប់ខ្លួននៅឯសមុទ្រនោះ បានមកដល់ទីក្រុងហុងកុងវិញហើយ ហើយត្រូវបានឃុំខ្លួនភ្លាមៗនៅថ្ងៃច័ន្ទដែលបានធ្វើឱ្យមានការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសហគមន៍អន្តរជាតិចំពោះពួកគេ។
ពួកគេស្ថិតក្នុងចំណោមសកម្មជន ១២ នាក់ដែលប្រឈមនឹងការចោទប្រកាន់នៅទីក្រុងហុងកុងជុំវិញការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានអាជ្ញាធរចិនដីគោកស្ទាក់ចាប់កាលពីខែសីហាឆ្នាំ២០២០ នៅលើទូកមួយដែលធ្វើដំណើរទៅកោះតៃវ៉ាន់។
ពួកគេត្រូវបានបញ្ជូនទៅទីក្រុងហុងកុងកាលពីថ្ងៃច័ន្ទបន្ទាប់ពីជាប់ពន្ធនាគារនៅប្រទេសចិនពីបទឆ្លងព្រំដែនខុសច្បាប់ ហើយត្រូវបានឃុំខ្លួនពីបទចោទប្រកាន់កាលពីមុននៅពេលទៅដល់ទីក្រុងហុងកុង។
ថ្លែងក្នុងនាមក្រុមមួយតំណាងឲ្យជនជាប់ចោទ លោកស្រី Chow Hang-tung ដែលជាសកម្មជននិងជាមេធាវីបាននិយាយថា លោកស្រីមិនសប្បាយចិត្តចំពោះទម្រង់ប្រគល់ខ្លួនពួកគេនេះទេ។
លោកស្រី Chow បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅប៉ុស្តិ៍ប៉ូលិសហុងកុងដែលនៅជិតព្រំដែនប្រទេសចិនដីគោកថា៖ «អាជ្ញាធរមិនដែលទាក់ទងជាមួយគ្រួសាររបស់ពួកគេអំពីការចាប់ខ្លួននេះទេ ដូច្នេះសមាជិកគ្រួសារទាំងនោះត្រូវបានបង្ខំឱ្យមកទីនេះ ហើយរង់ចាំពេញមួយថ្ងៃរហូតដល់ពេលនេះ»។
លោកស្រីបានថ្លែងទៀតថា៖ «សូម្បីតែក្តីសង្ឃឹមតិចតួចដូចជា ការចង់ឃើញក្រុមគ្រួសាររបស់ពួកគេ គ្រវីដៃទៅពួកគេ ស្រែកហៅពួកគេ ក៏ពួកគេនៅតែមិនមានឱកាសឃើញកូនប្រុសរបស់ពួកគេដែររហូតមកដល់ពេលនេះ»។
លោក Johnny Patterson ប្រធានផ្នែកគោលនយោបាយរបស់ក្រុមឃ្លាំមើលសិទ្ធិមនុស្សទីក្រុងហុងកុងបាននិយាយថា៖ «ភាពតក់ស្លុតគួរឱ្យស្អប់ខ្ពើម» ដែលក្រុមនេះប្រឈមមុខ បង្ហាញអំពីស្ថានភាពអាក្រក់ថ្មីនៅហុងកុង។ វាជាបញ្ហារាលដាលហួសហេតុ»។
ក្នុងចំណោមអ្នកទាំង៨នាក់នោះមានលោក Andy Li ដែលត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិទូលំទូលាយដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រើលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីកាលពីខែមិថុនា ឆ្នាំ២០២០ ដែលក្រុមអ្នករិះគន់និយាយថា មានគោលបំណងកម្ចាត់អ្នកប្រឆាំង។
កាលពីខែធ្នូ តុលាការចិនបានកាត់ទោសមនុស្ស១០នាក់ក្នុងចំណោម១២នាក់ឱ្យជាប់ពន្ធនាគារពី៧ ខែទៅ ៣ ឆ្នាំ។ ជនជាប់ចោទឈ្មោះ Tang Kai-yin ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និង Quinn Moon ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ កំពុងជាប់នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងនៅឡើយ។
អនីតិជនពីរនាក់ដែលស្ថិតក្នុងចំណោមមនុស្ស១២នាក់នោះបានសារភាពថា មានកំហុសក្នុងការឆ្លងដែនខុសច្បាប់ និងត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុងហុងកុងវិញកាលពីខែធ្នូ៕