រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យម្សិលមិញ បាននិយាយថា លោកបានដឹងថា រដ្ឋាភិបាលចិនបានសម្លុតដើម្បីជ្រៀតជ្រែកការងាររបស់អ្នកកាសែតសហរដ្ឋអាមេរិកក្នុងទីក្រុងហុងកុង ហើយបាននិយាយទៀតថា ការសម្រេចណាមួយដែលប៉ះពាល់ស្វ័យភាពរបស់ក្រុងហុងកុងអាចប៉ះពាល់ការវាយតម្លៃឋានៈភាពរបស់ក្រុងហុងកុង។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោករដ្ឋមន្រ្តីការបរទេស Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «អ្នកកាសែតអាមេរិកាំងទាំងនោះជាសមាជិករបស់សារព័ត៌មានសេរីមិនមែនជាកម្មាភិបាលឃោសនាទេ ហើយសេចក្តីរាយការណ៍ដ៏មានតម្លៃរបស់ពួកគេដើម្បីផ្តល់ព័ត៌មានដល់ពលរដ្ឋចិន និងពិភពលោក»។
ចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុងទៅឲ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧ ហើយដែនដីនេះត្រូវបានសន្យាថា «មានកម្រិតស្វ័យភាពខ្ពស់» សម្រាប់រយៈពេល៥០ឆ្នាំជាអ្វីដែលបានបង្កើតឋានៈភាពពិសេសរបស់ដែនដីនោះនៅក្រោមច្បាប់សហរដ្ឋអាមេរិកដែលបានជួយទីក្រុងនោះឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។
លោក Pompeo បានប្រកាសកាលពីថ្ងៃទី៦ ខែឧសភាថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានពន្យារពេលរបាយការណ៍ទៅឲ្យសភាដើម្បីវាយតម្លៃថាតើ ទីក្រុងហុងកុងបានទទួលស្វ័យភាពល្មមគ្រប់គ្រាន់ពីចិនដើម្បីបន្តទទួលបានឋានៈភាពពិសេសពីសហរដ្ឋអាមេរិកដែរទៀតឬទេ។
ការតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលលោករដ្ឋមន្រ្តីការបរទេស Pompeo និងលោកប្រធានាធិបតីដូណាល់ ត្រាំ បានត្អូញត្អែរអំពីចំណាត់ការកាលពីដំបូងនៃការផ្ទុះឡើងនៃមេរោគកូរ៉ូណារបស់ចិន៕