ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ហុងកុង​លោក​ Joshua Wong ​ទទួល​កំហុស​ចំពោះ​ការ​ជួបជុំ​ខុស​ច្បាប់​ថ្ងៃ​​​៤​​មិថុនា​


រូបឯកសារ៖ សកម្មជនហុងកុងលោក Joshua Wong ថ្លែងទៅកាន់ពលរដ្ឋហុងកុងដែលបានប្រមូលផ្តុំគ្នារំឭក​​ដល់​ការ​បង្ក្រាប​បាតុករ ​ឆ្នាំ​ ១៩៨៩ ​នៅ​ទីលាន​ Tiananmen នៅសួន Victoria ក្រុងហុងកុង កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០។

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​គឺ​លោក ​Joshua Wong ​ស្ថិត​ក្នុង​ចំណោម​ម​នុស្ស​ចំនួន​បួន​នាក់​ ដែល​បាន​សារភាព​ទោស​កំហុស​កាល​ពី​ថ្ងៃ​សុក្រ ​ចំពោះ​ការ​ចូលរួម​ក្នុង​ការ​ជួប​ជុំ​ខុស​ច្បាប់ ​កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​មិថុនា ​ឆ្នាំ​មុន​ ដើម្បី​រំឭក​ដល់​ការ​បង្ក្រាប​បាតុករ ​ឆ្នាំ​ ១៩៨៩ ​នៅ​ទីលាន​ Tiananmen​(ធានអានមេន) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

កាល​នោះ​គឺ​ជា​លើក​ដំបូងដែល​ការ​ការ​រំឭកខួប​ត្រូវ​បាន​ហាមឃាត់​ នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​ ដោយប៉ូលិស​អះអាង​ថា ​ការ​ហាម​ឃាត់ជួបជុំឆ្នាំ​មុន​នោះ​ គឺ​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ​គេ​រំពឹង​ថា​ នឹង​មាន​ការ​រឹតត្បិត​ស្រដៀង​គ្នានៅ​ឆ្នាំ​នេះ។​

ទោះ​យ៉ាង​ណាក្តី ពេល​នោះ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​អុជ​ទៀន​នៅ​ទូទាំង​ទីក្រុង​ នៅ​ក្នុង​ព្រឹត្តិការណ៍ប្រមូលផ្តុំតវ៉ាដែល​ភាគ​ច្រើន​អហិង្សា ​កាល​ពី​ខែមិថុនា​ឆ្នាំមុន។

លោក Wong​ ដែល​ជាប់​ពន្ធនាគារ​រួច​ហើ​បន្ទាប់​ពី​លោកត្រូវ​បាន​គេរក​ឃើញ​ថា​មាន​កំហុស​ក្នុង​ការ​ចូលរួម​និង​រៀបចំ​ការ​ជួបជុំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុង​កំឡុង​ពេល​មហាបាតុកម្ម​អហិង្សា​ឆ្នាំ ​២០១៩​ បាន​សារភាព​កំហុស​នៅ​ក្នុងសវនាការរបស់​តុលាការ​សង្កាត់​មួយ។​

ពិធី​រំឭកខួប​ថ្ងៃ​ទី ​៤ ​ខែ​មិថុនា​ បាន​ធ្វើ​ឱ្យមានអារម្មណ៍​ពុះ​កញ្ជ្រោល​យ៉ាងខ្លាំង​កាល​ពី​ឆ្នាំមុននៅទីក្រុងហុងកុង ដែលជាអតីត​អាណានិគមរបស់​អង់គ្លេស ខណៈដែលរដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ពេល​នោះ​បាន​រៀបចំបង្កើតច្បាប់​សន្តិសុខ​ថ្មី ​ដែល​ដាក់​ទណ្ឌកម្ម​លើ​អ្វី​ដែល​ប្រទេស​ចិន​មើល​ឃើញ​ថា​ ជា​ការ​ធ្វើ​វិទ្ធង្សនា​ ការ​បំបែក​រដ្ឋ ​អំពើ​ភេរវកម្ម​ ឬ​ការ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ ដោយ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូតមួយ​ជីវិត៕

XS
SM
MD
LG