សភាប្រទេសចិន បានអនុម័តយល់ព្រមលើការផ្លាស់ប្តូរជាច្រើនទៅលើប្រព័ន្ធបោះឆ្នោតក្នុងក្រុងហុងកុងដែលនឹងរារាំងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងនេះ នៅក្នុងសភាក្រុងហុងកុង។
ការផ្លាស់ប្តូរមួយចំនួន ដែលត្រូវបានអនុម័តនៅថ្ងៃអង្គារនេះ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនហើយដែលត្រូវបានចុះហត្ថលេខាដើម្បីឲ្យក្លាយជាច្បាប់ដោយប្រធានាធិបតីចិន លោក Xi Jinping នោះ រួមមានការបង្កើតគណៈកម្មាធិការពិសេសដែលនឹងត្រួតពិនិត្យមើលនូវលក្ខណៈសម្បត្តិរបស់បេក្ខជនសភាក្រុងហុងកុងដើម្បីធានាថា ក្រុងហុងកុងនឹងត្រូវគ្រប់គ្រងដឹកនាំដោយ«អ្នកស្នេហាជាតិ»។
ច្បាប់ថ្មីនេះ ក៏នឹងកាត់បន្ថយផងដែរនូវចំនួនសមាជិកសភាដែលត្រូវបានជាប់ឆ្នោតដោយផ្ទាល់នៅក្នុងសភាក្រុងហុងកុងស្របពេលដែលចំនួនអាសនៈរបស់សភាមួយនេះ ក៏ត្រូវបានពង្រីកបន្ថែមពីចំនួន៧០ ទៅ៩០អាសនៈ។ ទន្ទឹមនឹងនេះដែរសមាជិកគណៈកម្មការបោះឆ្នោតក្រុងហុងកុងដែលជាអ្នកជ្រើសរើសប្រធានប្រតិបត្តិរបស់ក្រុងនេះ ត្រូវបានពង្រីកពីចំនួន១២០០នាក់ ដល់១៥០០នាក់។
ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះ ទទួលបានការអបអរសាទរពីប្រធានប្រតិបត្តិក្រុងហុងកុង អ្នកស្រី Carrie Lam ដោយអ្នកស្រីលើកឡើងថា ការមានអ្នកស្នេហាជាតិកាន់តែច្រើនក្នុងសភាហុងកុងបង្ហាញថា «ការយកសង្គមធ្វើជារឿងនយោបាយច្រើនហួសហេតុនិងជម្លោះផ្ទៃក្នុងដែលធ្វើឲ្យទីក្រុងបែកបាក់គ្នានោះ អាចត្រូវបញ្ចៀសបានដោយសន្តិវិធី»។
អ្នកស្រី Lam ក៏បានលើកឡើងផងដែរថា ការបោះឆ្នោតសភាក្រុងហុងកុងនៅក្រោមប្រព័ន្ធច្បាប់ថ្មីនេះ នឹងត្រូវប្រព្រឹត្តធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ ក្រុងហុងកុង មានគម្រោងត្រូវបោះឆ្នោតសភារបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ក៏ប៉ុន្តែត្រូវបានលើកពេល ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩៕