ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ទីក្រុង​ហុងកុង​ថា ​ចិន​គាំទ្រ​ការ​លុប​ចោល​សំណើ​ច្បាប់​បត្យាប័ន


លោក​ស្រី Carrie Lam ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ២០១៩។
លោក​ស្រី Carrie Lam ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ២០១៩។

ប្រមុខ​ប្រតិបត្តិ​ទីក្រុង​ហុងកុង​អ្នកស្រី​ Carrie Lam ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រទេស​ចិន «យល់ ​គោរព​ និង​គាំទ្រ»​ វិធានការ​របស់​រដ្ឋាភិបាល​អ្នកស្រី​នៅ​ក្នុង​ការ​លុប​ចោល​សំណើ​ច្បាប់​បត្យាប័ន។ សំណើ​ច្បាប់​បត្យាប័ន​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រជាធិបតេយ្យ​អស់​រយៈ​ពេល ៣ ខែ​កន្លង​មក​នៅ​ក្នុង​ទីក្រុង​ហុងកុង។

អ្នកស្រី ​Lam​ បាន​ប្រាប់​អ្នក​កាសែត​ថា ការ​ផ្ដោត​ដ៏​សំខាន់​បំផុត​នា​ពេល​ឥឡូវ​នេះ​គឺ​លើ​ការ​បញ្ឈប់​នូវ​អ្វី​ដែល​បាន​ក្លាយជា​ការ​តវ៉ា​ហិង្សា​កើន​ឡើង និង​ស្ដារ​ឡើង​នូវ​សន្តិភាព​សម្រាប់​ទីក្រុង​ហុងកុង។ អ្នកស្រី​និយាយ​ថា អ្នកស្រី​សង្ឃឹម​ថា អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ​យល់​ថា ​អំពើ​ហិង្សា​គឺ​ប៉ះ​ពាល់​ដល់​ទីក្រុង​ហុងកុង និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ។

អ្នកស្រី ​Lam​ បាន​ពិភាក្សា​អំពី​មធ្យោបាយ​ផ្សេងៗ ​ដែល​អ្នកស្រី​សង្ឃឹម​ថា​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​មូលហេតុ​នៃ​ការ​កើត​ឡើង​នូវ​រឿង​ក្ដៅ​ក្រហាយ​មិន​ពេញ​ចិត្ត​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ប៉ុន្តែ​អ្នកស្រី​មិន​បាន​បង្ហាញ​សញ្ញា​យល់​ព្រម​ណា​មួយ​ជាមួយ​នឹង​ការ​ទាមទារ​ទាំង​អស់​ដែល​ក្រុម​អ្នក​តវ៉ា​ចង់​បាន​នោះ​ទេ។

ការ​ទាមទារ ​៤​ ចំណុច​ផ្សេង​ទៀត​នៅ​ក្នុង​ចលនា​តវ៉ា​នេះ ​មាន​ដូចជា​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការ​បង្ក្រាប​ដោយ​ឃោរឃៅ​របស់​ប៉ូលិស​លើ​ក្រុម​អ្នក​តវ៉ា ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយ​គ្មាន​លក្ខខណ្ឌ ការ​មិន​កំណត់​ថា​ការ​តវ៉ា​នេះ​ជា ​«កុបកម្ម» និង​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ហុងកុង​ជ្រើសរើស​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។

ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា វិធានការ​របស់​អ្នកស្រី ​Lam​ នៅ​ក្នុង​ការ​ដក​សំណើ​ច្បាប់​បត្យាប័ន​នេះ​ចេញ​គឺ​ជា​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​ ឬ​ក៏​យឺត​ពេល​ពេក។ ក្រុម​អ្នក​តវ៉ា​មាន​គម្រោង​ធ្វើ​ការ​តវ៉ា​បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ៕

XS
SM
MD
LG