ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​កាន់​តែ​ធ្ងន់ធ្ងរ គ្រាដែល​ថ្ងៃ​បុណ្យ​ជាតិ​របស់​ចិន​នឹង​ធ្វើ​ឡើង


បាតុករ​លើក​ឆ័ត្រ​របស់​គាត់​នៅ​ពីមុខ​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ដែល​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​ក្រៅ​អាគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០១៤។

ការ​ប្រឈម​មុខ​គ្នា​រវាង​ប្រទេស​ចិន និង​ក្រុម​បាតុករ​នៅ​ទីក្រុង​ហុងកុង កាន់​តែ​ធ្ងន់ធ្ងរ​ ខណៈ​ដែល​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បន្ត​ធ្វើ​ឡើង​អស់​រយៈពេល​៥ថ្ងែ។ ភាគី​ទាំង​ពីរ​មិន​បាន​បង្ហាញ​ភាព​ចុះ​ញ៉ម​របស់​ខ្លួន​ឡើយ​ បើ​ទោះ​បី​ជា​ប្រទេស​ចិន​មាន​គម្រោង​នឹង​ប្រារព្ធ​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ នៅ​ថ្ងៃ​ពុធ​នេះ​ក៏​ដោយ។

មក​ដល់​ពេល​នេះ ប៉ូលិស​ទីក្រុង Hong Kong បាន​ដក​ថយ​អស់​រយៈពេល​មួយ​ថ្ងៃ​ហើយ ហើយ​ក្រុម​បាតុករ​កំពុង​តែ​បន្ត​រៀបចំ​ធ្វើ​បាតុកម្ម​ក្នុង​រយៈពេល​ដ៏​យូរ​ដែល​នេះ​អាច​បង្ករ​ជាការ​ត​ទល់​គ្នា​បន្ថែម​ទៀត។

ក្រុម​បាតុករ​ខ្លះ​បាន​ព្រួយ​បារម្ភ​ថា អាជ្ញាធរ​អាច​នឹង​ត្រឡប់​មក​ដាក់​កង​កម្លាំង​សារ​ជា​ថ្មី ម្តង​ទៀត​នៅ​ថ្ងៃអង្គារ​នេះ ក្នុង​គោល​បំណង​បោស​សំអាត​ដង​ផ្លូវ​ មុន​ពេល​ការ​ប្រារព្ធ​ពិធី​វិស្សមកាល​របស់​ចិន ខណៈពេល​ដែល​មាន​បាតុករ​ជា​ច្រើន​គ្រោង​នឹង​ចូលរួម​ក្នុង​បាតុកម្ម​នេះ។

ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​ទីក្រុង​ហុងកុង​បាន​លុប​ចោល​កម្មវិធី​បាញ់​កាំជ្រួញ​នៅ​ទីក្រុង​កំពង់ផែ​ដែល​ត្រូវបាន​គ្រោង​នឹង​រៀបចំ​ឡើង​ដើម្បី​រំឮក​វិស្សមកាល​ចិន​នេះ។

សមាជិក​របស់​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ឈ្មោះ​ថា Occupy Central បាន​ដាក់​ឱសាន​វាទ​មួយ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន។ ពួកគេ​ទាមទារ​ឲ្យ​លោក Leung Chun-ying មេដឹកនាំ​ទីក្រុង​ហុងកុង ឆ្លើយ​តប​នឹង​សំណើរ​របស់​គេ​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សាកល​ដ៏​ពិត​ប្រាកដ​នៅ​ថ្ងៃទី១ ខែតុលា នេះ ហើយ​នឹង​សូម​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

ប៉ុន្តែ លោក Leung Chun-ying និយាយ​ថា ការ​មានៈ​របស់​ក្រុម​បាតុករ​នឹង​មិន​អាច​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​របស់​ចិន​ដែល​បាន​អនុម័ត​កំណែ​ទម្រង់​ច្បាប់​បោះឆ្នោត​កាល​ពី​ខែ​មុន​បាន​ឡើយ។

លោក Leung និយាយ​ថា សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​មជ្ឈិម​ស្តី​អំពី​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃទី៣១ ខែសីហា កន្លង​ទៅ​នេះ ឆ្លុះ​បង្ហាញ​ថា រដ្ឋាភិបាល​មជ្ឈិម​នឹង​មិន​គោរព​ទៅ​តាម​ការ​គំរាម​កំហែង​ខុស​ច្បាប់​ដែល​បង្ករ​ឡើង​ដោយ​បុគ្គល​ណា​ម្នាក់​ឡើយ។ លោក​ក៏​បាន​និយាយ​ថា លោក​មិន​ជឿ​ថា​ តាម​រយៈ​ការ​បន្ត​ធ្វើ​សកម្មភាព​បាតុកម្ម​ខុស​ច្បាប់​នេះ ក្រុម​បាតុករ​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​មជ្ឈិមរំលាយ​ចោល​សេចក្តី​សម្រេច​របស់​ខ្លួន​ឡើយ។

លោក​សាស្ត្រចារ្យ David Zweig នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហុងកុង និយាយ​ថា ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧នេះ និង​ក្តី​ព្រួយ​បារម្ភ​ដែល​ថា​លោក Leung Chun-ying កំពុង​តែ​ដឹក​នាំ ទីក្រុង​កំពង់​ផែ​នេះ​ក្នុង​ទិស​ដៅ​ខុស​ គឺ​មិន​មែន​ជា​បញ្ហា​តែ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​បាតុកម្ម​នេះ​ឡើយ។

“ខ្ញុំ​យល់​ថា​ បញ្ហា​ផ្សេង​ទៀត​គឺ​ថា​ មនុស្ស​ជា​ច្រើន​មាន​ការ​ខឹង​សម្បា។ ប្រសិន​បើ​យើង​ក្រឡេក​មើល​តួរលេខ​វិញ ជា​ទូទៅ​នៅ​ទីក្រុង​ហុងកុង ជា​ពិសេស​នៅ​ខែ​មករា​ឆ្នាំ​នេះ យើង​ឃើញ​មាន​ការ​ខឹង​សម្បា​នឹង​រដ្ឋាភិបាល​មជ្ឈិម​ ការ​ខឹង​សម្បា​នឹង​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ក្តី​ព្រួយ​បារម្ភ​អំពី​ទស្សនវិស័យ​ការងារ​នា​ពេល​អនាគត និង​បញ្ហា​ផ្សេងៗ​ទៀត និង​ភាព​អន្ទះ​អន្ទែង​ជាទូទៅ​ ហើយ​បញ្ហា​ទាំង​អស់​នេះ​មាន​ស្ថានភាព​យ៉ាប់យ៉ឺន​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់​ ចាប់​តាំង​ពី​មាន​ការ​ដើរ​ហែរ​ក្បួន​ដ៏​ធំ​កាល​ពី​ឆ្នាំ២០០៣​មក”។

យោង​តាម​ការ​ស្ទាប​ស្ទង់មតិ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​សប្តាហ៍​មុន​នេះ​ដោយ​សាកល​វិទ្យាល័យ​ហុងកុង​របស់​ចិន ៤៦ភាគរយ​នៃប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង​ហុងកុង​បាន​ប្រឆាំង​នឹង​កិច្ច​ខំ​ប្រឹងប្រែង​បិទ​ផ្លូវ​ក្នុង​ទីក្រុង ខណៈ​ដែល​ប្រជាពលរដ្ឋ​ចំនួន​៣១ភាគរយ​ផ្សេង​បាន​គាំទ្រ​នឹង​ចលនា​នេះ។ ក្នុង​ចំណោម​អ្នក​គាំទ្រ​ក្រុម​បាតុករ Occupy Central ៤៧ភាគរយ​មាន​អាយុ​ក្រោម​២៤ឆ្នាំ។

បន្ថែម​លើ​ក្តី​ព្រួយ​បារម្ភ​របស់​គេ​អំពី​លទ្ធិប្រជាធិបតេយ្យ យុវជន​ជំនាន់​ក្រោយ​របស់​ទីក្រុង​ហុងកុង ក៏​បាន​ព្រួយ​បារម្ភ​អំពី​ការងារ​ដែល​ទទួល​បាន​ប្រាក់បៀវត្សរ៍​ទាប និង​ការ​កើន​ឡើង​នូវ​ការ​ប្រកួត​ប្រជែង​ពី​ជន​ជាតិ​ចិន​ដីគោក​ដែល​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ហរិញ្ញវត្ថុ​នេះដើម្បី​ស្វែងរក​ការងារ​ធ្វើ។

លោក Zweig និយាយ​ថា លោក​ព្រួយ​បារម្ភ​ថា​ភាគី​ទាំង​ពីរ​មិន​មាន​ឆន្ទះ​សម្រុះ​សម្រួល​គ្នា​ ដែល​នេះ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ប៉ះ​ទង្គិច​គ្នា។

“អ្នក​ដឹង​ហើយ​ថា​យើង​នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​៦៥ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី១ ខែតុលា ខាង​មុខ​នេះ ហើយ​ខ្ញុំ​ព្រួយ​បារម្ភ​ថា​លោក Xi Jinping ប្រធានាធិបតី​ចិន​អាច​នឹង​សម្រេច​ថា លោក​មិន​ចង់​ចូលរួម​អបអរ​ការ​ប្រារព្ធ​ពីធី​នេះ​ទេ ខណៈ​ដែល​សិស្ស​និស្សិត​បាន​នាំ​គ្នា​កាន់កាប់​ការិយាល័យ​រដ្ឋាភិបាល ឬ​ជុំវិញ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​ហុងកុង”។

នៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ចេញ​សេចក្តី​សម្រេច​លើ​ការ​បោះឆ្នោត​ឆ្នាំ២០១៧​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ទីក្រុង​ហុងកុង​អាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជ្រើស​តាំង​មេដឹកនាំ​របស់​ខ្លួន។ ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក៏​បាន​និយាយ​ថា មានបេក្ខជន​៣រូប​តែប៉ុណ្ណោះដែល​អាច​ប្រកួត​ប្រជែង​ ហើយ​ថា បេក្ខជន​ទាំង​៣រូប​នេះ​ត្រូវតែ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​គណៈកម្មការ​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ជា​មុន​សិន៕

ប្រែសម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG