ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ហាមឃាត់​ក្រុមហ៊ុន Huawei របស់​​ចិន​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បណ្ដាញ 5G ថ្មី នៅ​ក្នុង​ប្រទេស​ខ្លួន​


រូបឯកសារ៖ ទង់ជាតិប្រទេសអង់គ្លេស និងទូរសព្ទស្មាតហ្វូនម៉ូដែល Huawei ជាមួយនឹងស្លាកសញ្ញា 5G។
រូបឯកសារ៖ ទង់ជាតិប្រទេសអង់គ្លេស និងទូរសព្ទស្មាតហ្វូនម៉ូដែល Huawei ជាមួយនឹងស្លាកសញ្ញា 5G។

រដ្ឋាភិបាល​អង់គ្លេស​បាន​ហាមឃាត់​ក្រុមហ៊ុន​ចិន Huawei ដែល​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ មិនឲ្យ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ទូរសព្ទ​ចល័ត​ថ្មី 5G នៅ​ក្នុង​ប្រទេស​អង់គ្លេស​ទេ។ ​

លោក Oliver Dowden រដ្ឋមន្ត្រី​វប្បធម៌​នៃ​ប្រទេស​អង់គ្លេស បាន​ថ្លែង​ថា ក្រុមហ៊ុន​ប្រតិបត្តិការ​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស មាន​ពេល​រហូត​ដល់​ឆ្នាំ ២០២៧ ក្នុង​ការ​ដក​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ដែល​កំពុង​ប្រើប្រាស់​ក្នុង​បណ្ដាញ 5G នៅ​អង់គ្លេស ចេញ។

ការ​សម្រេច​របស់​អង់គ្លេស​នេះ​អាច​មាន​អត្ថន័យ​យ៉ាង​ច្រើន​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បង្ហាញ​ថា ក្រុមហ៊ុន Huawei ប្រហែល​ជា​បាត់បង់​ការ​គាំទ្រ​នៅ​បស្ចឹម​ប្រទេស។

លោក Dowden ថ្លែង​ថា ការ​ហាមឃាត់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​គំរាម​លុបចោល​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ជាមួយ​នឹង​អង់គ្លេស ដោយសារ​តែ​ព្រួយបារម្ភ​ថា ឧបករណ៍​របស់​ក្រុមហ៊ុន Huawei អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចិន​លួច​ចូល​ទៅ​ក្នុង​បណ្ដាញ​របស់​អង់គ្លេស​បាន។ ​

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ព្រមព្រៀង​កាល​ពី​ខែ​មករា ក្នុង​ការ​ផ្ដល់​ដល់​ក្រុមហ៊ុន Huawei នូវ​តួនាទី​មាន​កម្រិត​មួយ​ នៅ​ក្នុង​បណ្ដាញ​ទូរគមនាគមន៍​ល្បឿន​លឿន​របស់​អង់គ្លេស ប៉ុន្តែ​ការ​សម្រេច​នេះ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ការ​ទូត​ជាមួយ​នឹង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG