ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ខាង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​អាច​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី


មនុស្សម្នា​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នា​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ព្រមាន​ថា ការ​បោះ​ឆ្នោត​របស់​គណបក្ស​ដែល​មាន​ទំនោរ​រក​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​រដ្ឋសភា​ហុងកុង​នៅ​ពេល​ខាង​មុខ ប្រហែលជា​បាន​រំលោភ​លើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ចិន​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។

ពលរដ្ឋ​ហុងកុង​ជាង ៦ សែន​នាក់ បាន​ទៅ​បោះ​ឆ្នោត​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​ប្រហែល ២៥០ កន្លែង ដើម្បី​ជ្រើសរើស​បេក្ខជន​ខ្លាំង​ជាង​គេ​បំផុត​ដែល​មាន​ទំនោរ​រក​ប្រជាធិបតេយ្យ ដើម្បី​ទៅ​ប្រកួត​ជាមួយ​នឹង​បេក្ខជន​ដែល​មាន​ទំនោរ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋសភា​ហុងកុង​នៅ​ខែ​កញ្ញា​ខាង​មុខ។

សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដោយ​ការិយាល័យ​ទំនាក់ទំនង ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ចិន​ដី​គោក​នៅ​ហុងកុង បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា​ជា «ការ​បង្ក​ហេតុ​ធ្ងន់ធ្ងរ​ចំពោះ​ប្រព័ន្ធ​បោះ​ឆ្នោត​បច្ចុប្បន្ន»។

សេចក្ដី​ប្រកាស​នេះ​ក៏​បាន​រិះគន់​ផង​ដែរ​លើ​កិច្ច​ប្រឹងប្រែង​របស់​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​ថា​ជា​ការ​ប៉ុនប៉ង «ដើម្បី​ដណ្ដើម​អំណាច​គ្រប់គ្រង​លើ​ទីក្រុង​ហុងកុង និង​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌»៕

XS
SM
MD
LG