ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជាមួយដែលបញ្ចប់ឋានៈអនុគ្រោះពិសេសខាងសេដ្ឋកិច្ចរបស់ក្រុងហុងកុងក្រោមច្បាប់អាមេរិក ដោយលោក ត្រាំ បានយោងវិធានការរបស់លោកនេះទៅលើការសម្រេចរបស់ចិនក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ហុងកុង។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ត្រាំ ក៏បានចុះហត្ថលេខាលើច្បាប់ស្នើដោយសភាជាតិអាមេរិក ដើម្បីដាក់ទណ្ឌកម្មចំពោះធនាគារទាំងឡាយណា ដែលធ្វើពាណិជ្ជកម្មជាមួយមន្ត្រីចិន ដែលអនុវត្តច្បាប់សន្តិសុខហុងកុងផងដែរ។
ជាការឆ្លើយតប ក្រសួងការបរទេសចិននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មតបតនឹងបុគ្គលនិងស្ថាប័នរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបនឹងបទបញ្ជារបស់លោកត្រាំដែលបានដាក់ជាគោលដៅនូវធនាគារនានា ទោះបីសេចក្តីថ្លែងការណ៍មិនបាននិយាយយោងទៅលើបទបញ្ជានោះ។
ក្រសួងការបរទេសចិននិយាយក្នុងសម្តីដើមថា៖ «កិច្ចការហុងកុងជារឿងកិច្ចការផ្ទៃក្នុងប្រទេសចិនសុទ្ធសាធ ហើយមិនមានប្រទេសដទៃណាមានសិទ្ធិមកជ្រៀតជ្រែកទេ។»
បញ្ហាស្វ័យភាពហុងកុង បានក្លាយជាចំណុចកាន់តែរសើបក្នុងទំនាក់ទំនងរវាង សហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកំពុងមានភាពតានតឹងរួចទៅហើយទាក់ទងនឹងបញ្ហាផ្សេងទៀតដូចជាវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ការរំលោភសិទ្ធិមនុស្សរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ និងអតុល្យភាពខាងពាណិជ្ជកម្មទ្វេភាគី៕