ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកកំពុងតែតាមដានយ៉ាងប្រុងប្រយ័ត្នទៅលើស្ថានភាពនៅក្នុងទីក្រុងហុងកុង ដែលមានភាពតានតឹងយ៉ាងខ្លាំងនៅមុនខួបទី៧០ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់គណបក្សកុម្មុយនិស្ដចិននៅសប្ដាហ៍ក្រោយនេះ។
លោក ត្រាំ បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ពិភពលោករំពឹងយ៉ាងពេញទំហឹងថា រដ្ឋាភិបាលចិននឹងស្វាគមន៍ចំពោះសន្ធិសញ្ញារបស់ខ្លួនដែលបានចងក្រងឡើងជាមួយនឹងអង់គ្លេសនិងចុះហត្ថលេខាជាមួយនឹងអង្គការសហប្រជាជាតិ ដែលចិនប្ដេជ្ញាថានឹងការពារសេរីភាព ប្រព័ន្ធច្បាប់ និងបែបផែនប្រជាធិបតេយ្យរបស់ទីក្រុង ហុងកុង។
នៅមុនព្រឹត្តិការណ៍ថ្ងៃទី១ ខែតុលាខាងមុខនេះ អាជ្ញាធរចិនកំពុងតែចង់ទប់ស្កាត់កុំឲ្យអ្នកតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងបង្កើតភាពឆោឡោណាមួយក្រោយពីមានការតវ៉ានៅតាមដងផ្លូវនិងការប៉ះទង្គិចជាមួយនឹងប៉ូលិសអស់រយៈពេលរាប់ខែមកហើយនោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់បានថ្លែងប្រាប់តំណាងរាស្ត្រអាមេរិកកាលពីពេលថ្មីៗនេះថា អាមេរិកមានការព្រួយបារម្ភអំពីការបង្ក្រាបដោយហិង្សាដែលអាចកើតមានឡើងម្ដងទៀតទៅលើអ្នកតវ៉ា ដូចដែលធ្លាប់កើតឡើងចំពោះអ្នកតវ៉ានៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នោះ៕