ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ហៅ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង​ថា​ជា «ការ​មើលងាយ​ដល់​ប្រទេស​ទាំង​អស់»


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង​គឺ​ជា «ការ​ប្រមាថ​មើលងាយ​ដល់​ប្រទេស​ទាំង​អស់» និង​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ចាត់​វិធានការ​ដើម្បី​បញ្ចប់​ការ​អនុគ្រោះ​ពិសេស​សម្រាប់​ទីក្រុង​ហុងកុង។

លោក Pompeo និយាយ​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ អំពី​ខ​ចែង​ទាំង​ស្រុង​របស់​ច្បាប់​នេះ និង​អំពី​សុវត្ថិភាព​របស់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ»។

រដ្ឋសភា​ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​អង្គារ។ ច្បាប់​នេះ​ចែង​អំពី​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ​បទ​ឧក្រិដ្ឋ​មិន​ច្បាស់លាស់​មួយ​ចំនួន ​ដូចជា «ការ​ឃុបឃិត​ជាមួយ​នឹង​បរទេស» ជា​ដើម។ បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត​ ដូចជា​ការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ធ្វើ​ដំណើរ​សាធារណៈ​ជា​ដើម អាច​ចាត់ទុក​ថា​ជា​សកម្មភាព​ភេរវកម្ម​ដែល​អាច​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​បាន។

អ្នក​វិភាគ​ផ្នែក​ច្បាប់​បាន​និយាយ​ថា ច្បាប់​នេះ​បាន​បញ្ចប់​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​សេរីភាព​នយោបាយ ដែល​បាន​អនុញ្ញាត​ជា​យូរ​មក​ហើយ​ឲ្យ​ពលរដ្ឋ​ហុងកុង​អាច​បញ្ចេញ​ទស្សនៈ​នយោបាយ​របស់​ពួកគេ​ជា​សាធារណៈ​បាន និង​បាន​ជួយ​ប្រែ​ក្លាយ​ទីក្រុង​ហុងកុង​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ។

លោក Pompeo បញ្ជាក់​ដូច្នេះ​ថា៖ «មាត្រា​ទី ៣៨ នៃ​ច្បាប់​ថ្មី​នេះ ក៏​មាន​ចេតនា​ចង់​សំដៅ​លើ​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ខាង​ក្រៅ​ទីក្រុង​ហុងកុង ដោយ​អ្នក​ដែល​មិន​មែន​ជា​ពលរដ្ឋ​ហុងកុង​ផង​ដែរ ហើយ​ករណី​នេះ​ទំនងជា​បូក​រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ។ នេះ​គឺ​ជា​រឿង​ហួសហេតុ​ជ្រុល និង​ជា​ការ​ប្រមាថ​មើលងាយ​ដល់​ប្រទេស​ទាំង​អស់»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG