សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងម្នាក់ គឺជាមនុស្សចុងក្រោយបង្អស់ដែលបានលាតត្រដាងថា អាជ្ញាធរចិនបានសួរចម្លើយគ្រួសារ និងមិត្តភក្តិរបស់លោកនៅចិនដីគោក ដើម្បីបានព័ត៌មានអំពីលោក។
លោក Yat-Chin Wong អាយុ ១៩ ឆ្នាំ គឺជាអ្នកដឹកនាំក្រុម Student Politicism ដែលជាក្រុមនយោបាយមួយនៅក្នុងក្រុងហុងកុង ហើយគោលបំណងរបស់ក្រុមនេះគឺលើកកម្ពស់ «គុណតម្លៃសំខាន់ៗ ដូចជាប្រជាធិបតេយ្យ និងសេរីភាព និងក្តីស្រឡាញ់របស់យើងចំពោះក្រុងហុងកុង»។
យុវជនរូបនេះត្រូវបានចាប់ខ្លួនពីរដងកាលពីឆ្នាំមុន ខណៈដែលមន្ត្រីសន្តិសុខជាតិបានព្រមានសមាជិករបស់ក្រុមនេះអំពីការបន្តសកម្មភាពរបស់ពួកគេ។
លោក Wong ដែលបានរស់នៅក្នុងប្រទេសចិនកាលពីកុមារភាពនៅពេលលោកសិក្សានៅមឋមសិក្សា មុនពេលផ្លាស់ទៅរស់នៅក្នុងក្រុងហុងកុងបានលាតត្រដាងថា សាច់ញាតិរបស់លោកនៅក្នុងខេត្ត Sichuan ត្រូវបានគេហៅសួរចម្លើយនាពេលថ្មីៗនេះ។
លោក Wong បានប្រាប់ VOA ក្នុងសប្តាហ៍ទី ៤ នៃខែមករាថា៖ «គ្រួសាររបស់ខ្ញុំបានប្រាប់ខ្ញុំកាលពីប៉ុន្មានថ្ងៃមុនថា សាច់ញាតិរបស់ខ្ញុំ មិត្តភក្តិ និងសូម្បីតែមិត្តរួមថ្នាក់នៅសាលាបឋមសិក្សានៅក្នុងប្រទេសចិនត្រូវបានអាជ្ញាធរសាធារណៈសួរចម្លើយ។ ពួកគេចង់ដឹងពីផែនការ និងកន្លែងរស់នៅរបស់ខ្ញុំ។ ពួកគេបានប្រាប់សាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំមិនឱ្យទាក់ទងជាមួយនឹងខ្ញុំនោះទេ»។
បន្ទាប់ពីបានដឹងអំពីការសួរចម្លើយនេះ លោក Wong បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងគ្រួសារ និងមិត្តភក្តិរបស់លោក។
លោក Wong បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ចាប់តាំងពីអតីតកាល រហូតដល់អនាគត គោលជំហរ និងសកម្មភាពរបស់ខ្ញុំគឺជាជំហររបស់ខ្ញុំទាំងស្រុង មិនមានជាប់ពាក់ព័ន្ធជាមួយនឹងសាច់ញាតិណាមួយ និងគ្រួសារខ្ញុំនោះទេ»។
ប៉ុន្តែលោក Wong បាននិយាយថា លោកនៅតែបារម្ភថា គេអាចនឹងចាត់វិធានការបន្ថែមទៀត។
លោកបាននិយាយក្នុងន័យដើមថា៖ «ប្រទេសចិនបានគាបសង្កត់ប្រជាជនដែលមានគំនិតប្រឆាំងនឹងខ្លួន។ ខ្ញុំគិតថា រដ្ឋាភិបាលនៅតែអាចទាក់ទង សួរសំណួរ ឬសួរចម្លើយពួកគេ។ ខ្ញុំមិនបានជួប ឬទាក់ទងគ្រួសារនិងមិត្តភក្តិជាយូរមកហើយ។ ផ្ទុយទៅវិញ ខ្ញុំកាន់តែបារម្ភច្រើនជាងអំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលអាចកើតឡើងមកលើរូបខ្ញុំនៅក្នុងក្រុងហុងកុង»។
ក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេសប្រគល់ទៅឱ្យចិនវិញ នៅក្នុងឆ្នាំ ១៩៩៧ នៅក្រោមកិច្ចព្រមព្រៀង «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលសន្យាថា ហុងកុងនឹងរក្សា «ស្វ័យភាពកម្រិតខ្ពស់មួយ» រហូតដល់ឆ្នាំ ២០៤៧។ ប៉ុន្តែចាប់តាំងពីពេលប្រគល់នោះមក រដ្ឋាភិបាលក្រុងប៉េកាំងបានព្យាយាមរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនទៅលើទីក្រុងនេះបន្ថែមទៀត។
នៅក្នុងឆ្នាំ ២០១៩ ច្បាប់បត្យាប័នដែលឥឡូវនេះត្រូវបានលុបចោលវិញបានបង្កឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងនៅក្នុងក្រុងហុងកុង។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំងបានអនុវត្តច្បាប់សន្តិសុខជាតិសម្រាប់ក្រុងហុងកុង ដែលចូលជាធរមាន នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០។
ច្បាប់ដែលមានការបកស្រាយយ៉ាងទូលំទូលាយនេះហាមឃាត់មិនឱ្យមានការបំបែករដ្ឋ សកម្មភាពវិទ្ធង្សនា ភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស ហើយច្បាប់នេះអាចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលជាការកាត់ទោសអតិបរមាសម្រាប់បទល្មើសទាំងនេះ។ ចាប់តាំងពីពេលច្បាប់នេះចូលជាធរមានមក វាក្លាយជាកត្តាជំរុញមួយសម្រាប់ការផ្លាស់ប្តូរនៅក្នុងក្រុងហុងកុង។
បាតុកម្មនៅតាមដងផ្លូវបានបញ្ឈប់ ពាក្យស្លោកគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានហាមឃាត់ សកម្មជនត្រូវបានចាប់ខ្លួន ឬជាប់ពន្ធនាគារ ហើយសកម្មជនមួយចំនួនបានរស់ភៀសខ្លួនពីក្រុងហុងកុង។
ពេលវេលាសម្រាប់ការផ្លាស់ប្តូរ
លោក Wong បានបង្កើតក្រុម Student Politicism នៅក្នុងខែឧសភា ឆ្នាំ២០២០។ ដោយសារតែបាតុកម្មនៅតាមដងផ្លូវកំពុងធ្លាក់ចុះ លោកនិយាយថា លោកយល់ថា វាជាពេលវេលាមួយដើម្បីមានការផ្លាស់ប្តូរ។
លោកបានប្រាប់ VOA ថា៖ «តាមពិតទៅ ខ្ញុំដឹងថាវិធីសាស្ត្រចាស់សម្រាប់បាតុកម្ម ពោលគឺយកការទាមទារទៅតវ៉ានៅតាមដងផ្លូវមិនបានផលទៀតនោះទេ ដោយសារតែការគាបសង្កត់នយោបាយមានភាពខ្លាំងក្លាពេក»។
លោកបានពន្យល់ថា ក្រុមរបស់លោកបានធ្វើសកម្មភាពផ្សេងៗគ្នា ដូចជាការដាក់ស្តង់នៅតាមផ្លូវជារៀងរាល់ចុងសប្តាហ៍ រួមទាំងការគាំទ្រដល់អ្នកតវ៉ាដែលបានជាប់ពន្ធនាគារនៅក្នុងក្រុងហុងកុង និងការតវ៉ានៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២០។
កិច្ចប្រឹងប្រែងរបស់លោកនៅតែត្រូវមានការលះបង់។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងខែកញ្ញា និងម្តងទៀតនៅក្នុងខែវិច្ឆិកា។
លោកបាននិយាយក្នុងន័យដើមថា៖ «ការចាប់ខ្លួនលើកទី ១ គឺនៅថ្ងៃទី ៦ ខែកញ្ញា។ យើងគ្រាន់តែចែកម៉ាស់ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយខ្ញុំត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំខុសច្បាប់»។
លោកបានបន្ថែមថា៖ «មូលហេតុសម្រាប់ការចាប់ខ្លួនលើកទី ២ គឺដោយសារតែបាតុកម្ម ដែលខ្ញុំបានធ្វើដើម្បីគាំទ្រដល់យុវជនហុងកុង ១២ នាក់។ ពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យសរសេរសំបុត្រដើម្បីផ្ញើក្តីស្រឡាញ់ទៅកាន់យុវជនទាំង ១២ នាក់នោះ។ ខ្ញុំត្រូវបានចាប់ខ្លួន នៅពេលខ្ញុំកំពុងផ្ញើសំបុត្រនោះ»។
ការចាប់ខ្លួនទាំងពីរលើកមិនធ្វើឱ្យមានការស៊ើបអង្កេតបន្ថែមនោះទេ។ នេះបើយោងតាមការលើកឡើងរបស់លោក Wong។
ប៉ុន្តែនៅក្នុងខែធ្នូ លោក Wong និងសមាជិកក្រុមរបស់លោកត្រូវបានមន្ត្រីសន្តិសុខជាតិព្រមានថា ប្រសិនបើសកម្មភាពរបស់ពួកគេបង្ហាញការសង្ស័យណាមួយដែលលើកកម្ពស់ឯករាជ្យភាពរបស់ក្រុងហុងកុង ពួកគេនឹងត្រូវបានចាប់ខ្លួនភ្លាម។
វាមិនមែនជាលើកទី១ទេដែលច្បាប់សន្តិសុខជាតិដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានប្រើប្រាស់ប្រឆាំងនឹងសកម្មជនវ័យក្មេងនៅក្នុងក្រុងហុងកុង។
នៅក្នុងខែតុលា លោក Tony Chung ដែលជាអតីតដឹកនាំក្រុមគាំទ្រឯករាជ្យដែលមានឈ្មោះថា Studentlocalism ត្រូវបានមន្ត្រីសន្តិសុខជាតិឃាត់ខ្លួន។ លោក Chung ដែលមានអាយុ ១៩ ឆ្នាំដែរនោះកំពុងប្រឈមមុខនឹងបទចោទប្រកាន់ចំនួន៤ផ្សេងគ្នារួមមានការបំបែករដ្ឋ ការសម្អាតប្រាក់ និងការសមគំនិតដើម្បីផ្សព្វផ្សាយព័ត៌មានចលាចល។
បើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក លោក Chung កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ ប្រសិនបើលោកត្រូវបានកាត់ទោស ហើយសវនាការបន្ទាប់របស់លោកត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ ខែមករា។ សវនាការកាលពីលើកមុនបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៤ ខែ ដែលនោះមិនពាក់ព័ន្ធនឹងច្បាប់សន្តិសុខនោះទេ ប៉ុន្តែវាជាការប្រមាថទង់ជាតិចិន នៅក្នុងពេលតវ៉ានៅក្នុងខែឧសភា ឆ្នាំ ២០២០។
លោក Wong បានទទួលស្គាល់ថា ក្រុមរបស់លោកនឹងត្រូវបង្ខំចិត្ត «ធ្វើសកម្មភាពផ្សេងៗ» ដោយសារតែច្បាប់សន្តិសុខជាតិ។
លោកបាននិយាយក្នុងន័យដើមថា៖ «ខ្ញុំមិនកំពុងសិក្សានៅសាកលវិទ្យាល័យទេឥឡូវនេះ។ ខ្ញុំកំពុងប្រឡងឡើងវិញ សម្រាប់ការប្រឡងកាលពីឆ្នាំមុន។ ឆ្នាំមុន ខ្ញុំផ្តោតលើសកម្មភាពតវ៉ា។ ខ្ញុំជឿថា ខ្ញុំមានលទ្ធភាពទៅសិក្សានៅសាកលវិទ្យាល័យដូច្នេះខ្ញុំបានប្រឡងឡើងវិញ»។
លោកបានបន្ថែមថា៖ «សេរីភាពរបស់ហុងកុងកំពុងធ្លាក់ចុះបន្តិចម្តងៗនៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិន។ ហើយការប្រយុទ្ធប្រឆាំងរបស់យើងសម្រាប់ប្រជាធិបតេយ្យគឺស្ថិតនៅក្នុងភាពលំបាកខ្លាំងណាស់»៕