ពលរដ្ឋហុងកុងរាប់លាននាក់ដែលមានបំណងចាកចេញពីទីក្រុងហុងកុងនៅពេលដែលប្រទេសចិនអនុវត្តច្បាប់សន្តិសុខជាតិថ្មី ឥឡូវនេះអាចដាក់ពាក្យសុំសិទ្ធិរស់នៅនិងធ្វើការនៅក្នុងចក្រភពអង់គ្លេសបាន។
ចក្រភពអង់គ្លេស បានចាប់ផ្តើមទទួលពាក្យសុំកាលពីថ្ងៃអាទិត្យម្សិលមិញពីពលរដ្ឋហុងកុងដែលចង់តាំងទីលំនៅថ្មី និងធ្វើដំណើរដោយប្រើលិខិតឆ្លងដែនសម្រាប់ជនជាតិអង់គ្លេសនៅបរទេស (BNO)។
គោលនយោបាយនេះផ្តល់ឲ្យពលរដ្ឋហុងកុងនូវលទ្ធភាពដើម្បីផ្លាស់ទីទៅកាន់ចក្រភពអង់គ្លេស ដោយមានឱកាសចូលសញ្ជាតិអង់គ្លេសបានបន្ទាប់ពីរស់នៅទីនោះបាន ៥ ឆ្នាំ។
អ្នកស្រី Priti Patel រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស បានសរសេរនៅលើ Twitter ថា៖ «ទិដ្ឋាការ BNO សម្រាប់ពលរដ្ឋហុងកុង ឥឡូវនេះបើកសម្រាប់ការដាក់ពាក្យសុំ។ ពលរដ្ឋ BNO មានជម្រើសរស់នៅ ធ្វើការ និងសិក្សានៅក្នុងចក្រភពអង់គ្លេស ដោយមានសេរីភាពអាចកសាងជីវិតថ្មីបាន។ នេះជាថ្ងៃប្រកបដោយមោទនភាពមួយនៃទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏រឹងមាំរបស់យើង នៅពេលដែលយើងគោរពតាមការសន្យារបស់យើងចំពោះប្រជាពលរដ្ឋហុងកុង»។
រដ្ឋាភិបាលក្រុងប៉េកាំងបានមានប្រតិកម្មភ្លាមៗ បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានចេញផ្សាយនូវព័ត៌មានលម្អិតអំពីដំណើរការដាក់ពាក្យសុំកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងប៉េកាំងថា៖ «រដ្ឋាភិបាលចិននឹងលែងទទួលស្គាល់លិខិតឆ្លងដែន BNO ជាឯកសារធ្វើដំណើរដែលមានសុពលភាព ឬជាអត្តសញ្ញាណប័ណ្ណទៀតហើយ ហើយយើងរក្សាសិទ្ធិចាត់វិធានការបន្តទៀត»៕