ប្រធានទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បាននិយាយកាលថ្ងៃទី ១០ ខែមករាថា ការជួបជុំគ្នានៅថ្ងៃឈប់សម្រាកនិងការរីករាលដាលនៃវីរុសបំប្លែងខ្លួនដ៏សំខាន់បំផុត បាននាំឱ្យមានការឆ្លងជំងឺកូវីដ១៩ កើនឡើងនៅជុំវិញពិភពលោក កាលពីធ្នូកន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បាននិយាយថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ជិត ១ម៉ឺននាក់ កាលពីខែធ្នូ ខណៈការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងអំឡុងខែកន្លងទៅនេះ មានការកើនឡើងដល់ ៤២ភាគរយ នៅក្នុងប្រទេសជិត ៥០ ដែលភាគច្រើនស្ថិតនៅទ្វីបអឺរ៉ុបនិងអាមេរិក ដែលបានចែករំលែកព័ត៌មាននេះ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការធំរបស់អង្គការសុខភាពពិភពលោក WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «ទោះបីចំនួនអ្នកស្លាប់ ១ម៉ឺននាក់ ក្នុងមួយខែ នៅតិចខ្លាំងជាងចំនួនដែលធ្លាប់ឡើងដល់កម្រិតកំពូលនៃការឆ្លងជំងឺរាតត្បាតនេះក៏ដោយ ក៏ការស្លាប់ដែលអាចបញ្ជៀសបានយ៉ាងច្រើនបែបនេះ មិនអាចទទួលយកបានឡើយ»។
លោកបន្តទៀតថា ករណីនៃជំងឺនេះច្បាស់ជាបានកើនឡើងនៅកន្លែងដទៃទៀត ដែលមិនត្រូវបានរាយការណ៍ឱ្យដឹង ហើយលោកបានអំពាវនាវដល់រដ្ឋាភិបាលនានាត្រូវតាមដានត្រួតពិនិត្យ និងបន្តផ្តល់ការព្យាបាលនិងផ្តល់វ៉ាក់សាំងការពារផងដែរ។
លោក Tedros និយាយថា វីរុសបំប្លែងថ្មី JN.1 ឥឡូវនេះជាវីរុសដែលកំពុងមានសកម្មភាពខ្លាំងនៅលើពិភពលោក។ នេះជាប្រភេទវីរុសអូមីក្រុង ដូច្នេះវ៉ាក់សាំងការពារដែលមាននាពេលបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាព។
អ្នកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសនៃអង្គការសុខភាពពិភពលោកសម្រាប់ជំងឺកូវីដ១៩ បានលើកឡើងពីជំងឺផ្លូវដង្ហើមដែលមានការកើនឡើងនៅជុំវិញពិភពលោក ដោយមិនគ្រាន់តែបណ្តាលមកពីជំងឺកូវីដ១៩ មួយមុខប៉ុណ្ណោះទេ តែក៏បណ្តាលមកពីជំងឺផ្តាសាយ វីរុសផ្លូវដង្ហើម និងជំងឺរលាកសួតជាដើមផងដែរ។ អ្នកស្រីបន្ថែមទៀតថា យើងរំពឹងថា ជំងឺទាំងនោះនឹងបន្តក្នុងខែមករារហូតដល់ខែរដូវរងារក្នុងតំបន់អឌ្ឍគោលខាងជើង។ អ្នកស្រីក៏កត់សម្គាល់ផងដែរពីការកើនឡើងនៃជំងឺកូវីដ១៩ ក្នុងតំបន់អឌ្ឍគោលភាគខាងត្បូង ដែលពេលនេះជារដូវក្តៅនៅឡើយ។
ក្នុងពេលដែលការក្អក កណ្តាស គ្រុនឬការអស់កម្លាំងខ្លាំងក្នុងរដូវត្រជាក់ ជារឿងធម្មតានោះ អ្នកស្រី Van Kerkhove បាននិយាយដោយសំដៅទៅលើឆ្នាំនេះជាពិសេសថា៖ «យើងសង្កេតឃើញវីរុស ឬបាក់តេរីផ្សេងៗ ដែលបង្កើតឱ្យមានជំងឺជាច្រើនប្រភេទកើតឡើងព្រមៗគ្នា» ។
មន្ត្រីអង្គការសុខភាពពិភពលោកបានណែនាំឱ្យមនុស្សម្នានាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺតាមដែលអាចធ្វើបាន ឱ្យពាក់ម៉ាស់ និងធ្វើឱ្យទីកន្លែងក្នុងអគារ ឬបន្ទប់បិទជិតមានខ្យល់ចេញចូលល្អ។
វេជ្ជបណ្ឌិត Michael Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកនិយាយថា៖ «វ៉ាក់សាំងប្រហែលជាមិនអាចជួយយើងមិនឱ្យឆ្លងជំងឺបានទេ តែវ៉ាក់សាំងពិតជាអាចជួយយើងបានក្នុងការកាត់បន្ថយការឈឺចូលព្យាបាលក្នុងមន្ទីរពេទ្យ ឬធ្វើឱ្យយើងស្លាប់៕
វេទិកាបញ្ចេញមតិ