បើទោះបីជាវប្បធម៌បរទេសមានឥទ្ធពលនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែវាមិនអាចគ្របដណ្តប់លើរបាំព្រះរាជទ្រព្យខ្មែរបានឡើយ។ របាំនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រវត្តិសាស្ត្រអន្តរជាតិ ដែលកំពុងចងក្រងឯកសារអំពីរបាំនេះ និងអំពីប្រវត្តិអ្នករបាំដ៏ចំណាស់ម្នាក់។
វប្បធម៌បរទេសបានហូរចូលប្រទេសកម្ពុជាច្រើន តែវាមិនអាចអូសទាញអារម្មណ៍ពលរដ្ឋខ្មែរ ឲ្យឃ្លាតឆ្ងាយប្រពៃណីរបស់ខ្លួនបានឡើយ ជាពិសេសរបាំក្បាច់ខ្មែរបុរាណ ក្នុងនោះមានរបាំអប្សរា និងរបាំព្រះរាជទ្រព្យជាដើម។
អង្គការ Unesco បានដាក់របាំព្រះរាជទ្រព្យជាសម្បត្តិបេតិកភណ្ឌភិភពលោកនៅឆ្នាំ២០០៣ ដោយសារភាពទន់ភ្លន់នៃក្បាច់រាំរបាំនេះ។ ហើយបច្ចុប្បន្ននេះ អ្នកប្រវត្តិសាស្ត្រអន្តរជាតិកំពុងចងក្រងឯកសារអំពីប្រវត្តិរបាំព្រះរាជទព្យខ្មែរ ដូច្នេះអ្នករបាំជើងចាស់ក៏ជាតួអង្គសំខាន់ក្នុងការចងក្រងនេះដែរ។
លោកយាយ ឯម ធាយ ជាអ្នករបាំ និងជាគ្រូបង្រៀនរបាំព្រះរាជ្យទ្រព្យដែលរួចជីវិតពីសម័យខ្មែរក្រហម។ លោកយាយមានកំណើតនៅក្នុងព្រះបរមរាជវាំងនៅក្នុងទសវត្សរ៍១៩៣០ នៅពេលដែលឪពុកម្តាយលោកយាយធ្វើការនៅក្នុងព្រះបរមរាជវាំង។ លោកយាយបានសម្រេចចិត្តចាប់យករបាំព្រះរាជ្យទ្រព្យជាអាជីពតាំងពីលោកយាយមានអាយុតិចជាងដប់ឆ្នាំ។ ហើយក្រោយមកលោកយាយបានបង្រៀនរបាំនេះទៅក្មេងៗជំនាន់ក្រោយ។
ដោយឃើញភាពប៉ិនប្រសព្វរបស់លោកយាយ លោក Arjay Stevens ជនជាតិអាល្លឺម៉ង់ ដែលជាអ្នកថតរូប បានចាប់ផ្តើមថតអំពីសកម្មភាពផ្សេងៗរបស់លោកយាយដើម្បីចងក្រងជាសៀវភៅកម្រងរូបភាព។ លោក Arjay Steven បានចាប់ផ្តើមថតរូបលោកយាយនៅក្នុងឆ្នាំ២០០២ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោកបានជួបលោកយាយនៅក្នុងឆ្នាំ១៩៩៧ ក្នុងប្រទេសកម្ពុជា។
លោកយាយធ្លាប់ធ្វើជាគ្រូនៅមហោស្រពសិល្បៈជាតិ និងនៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ព្រមទាំងជាអ្នករបាំបុរាណចូលនិវត្តន៍ ហើយមានប្រភពចេញពីព្រះបរមរាជវាំងផងដែរ។
សៀវភៅកម្រងរូបភាពដែលលោក Arjay Stevens បានចំណាយពេលចងក្រងអស់រយៈពេលជាងដប់ឆ្នាំដើម្បីរៀបរៀងឡើងនោះ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃអាទិត្យកន្លងទៅនេះនៅសារមន្ទីរជាតិ។ សៀវភៅកម្រងរូបភាព ដែលមានជាង១០០ទំព័រនេះ ត្រូវបានសរសេរជាភាសា ខ្មែរ ភាសាបារាំង ភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេស។
លោក Arjay Stevens បាននិយាយប្រាប់ VOA អំពីលោកយាយ ឯម ធាយ យ៉ាងដូច្នេះថា៖
«ការរាំ និងការច្រៀងគឺជាអាយុជីវិតរបស់អ្នកគ្រូ។ គាត់នៅតែប្តេជ្ញាចិត្តតស៊ូដើម្បីឲ្យសិល្បៈរបាំខ្មែររស់ឡើងវិញ និងបន្តដល់ក្មេងជំនាន់ក្រោយៗទៀត ទោះបីជាអ្នកគ្រូរស់នៅក្នុងនាមជាសិល្បករ ដែលមានជីវភាពលំបាកលំបិនយ៉ាងណាក៏ដោយ។ ទោះបីជាអ្នកគ្រូមានវ័យ៨៥ឆ្នាំក៏ដោយ ក៏អ្នកគ្រូមិនបោះបង់ចោលអាជីពនេះរហូតមកដល់សព្វថ្ងៃ»។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា លោកយាយ ឯម ធាយ ជាគ្រូរបាំបុរាណដ៏ឆ្នើមដែលបានទទួលងារជា«មរតកមនុស្សរស់» ដែលផ្តល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការ UNESCO។
លោកបានមានប្រសាសន៍ថា៖
«លោកស្រីព្រឹទ្ធាចារ្យ ឯម ធាយ ដែលជាគ្រូរបាំបុរាណដ៏ឆ្នើម បានទទួលងារ'មរតកមនុស្សរស់' ដែលរដ្ឋាភិបាលបានចាត់ទុកថា ជាមរតកដ៏កម្រ»។
សៀវភៅកម្រងរូបភាពនេះត្រូវដាក់បង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណានៅចុងសប្តាហ៍នេះ៕