ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធាចារ្យ​ពេជ្រ ទុំក្រវិល​លា​ចាក​លោក​ដោយ​បន្សល់​ស្នាដៃ​និង​ក្តី​គោរព​ឥត​គណនា

  • ម៉ែន គឹមសេង

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​វប្បធម៌​​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៥​ បង្ហាញ​អំពី​​​ព័ត៌មាន​នៃ​​មរណភាព​របស់​លោក ពេជ្រ ទុំក្រវិល។ (screenshot)

អតីត​សហការី​និង​អ្នក​នៅ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​វប្បធម៌​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​បាត់​បង់ជីវិត​អ្នក​រក្សា​និង​ស្រាវជ្រាវវប្បធម៌​ខ្មែរ​ដ៏​ល្បីល្បាញ​គឺ​លោក​ព្រឹទ្ធាចារ្យ​ ​ឈន ទត ហៅ​ពេជ្រ ទុំក្រវិល​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​រោគាពាធ។​

​លោក​ព្រឹទ្ធាចារ្យ ឈន ទត ហៅ ពេជ្រ​ទុំ ​ក្រវិល ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌​បាន​ទទួល​មរណភាពនៅ​វេលា​ម៉ោង​១១និង​៣១​នាទី​ថ្ងៃ​សុក្រ​នៅ​ក្នុង​អាយុ៧២​ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រួសារ។​

លោក​ឈន សំអាត ប្អូនប្រុស​ពៅ​របស់​លោក​ពេជ្រ ទុំ​ក្រវិល​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​លោក​បាន​លែង​ដឹង​ខ្លួន​ជា​យូរ​មក​ហើយ​មុន​នឹង​ក្រុម​គ្រួសារ​សម្រេច​សុំ​ពេទ្យ​ចាកចេញ​យក​គាត់​មក​លំនៅដ្ឋាន​វិញ៖

«បេះដូង​គាត់​ខ្សោយ​តង់ស្យុង​នៅ​សល់​បួន​ជាង​ប្រាំ​វា​អស់​ហើយ​ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​មើល​គាត់​រហូត​ចឹង​ទៅ។ ខ្ញុំ​មើល​ចុង​ក្រោយ​ប្រហែល​ជា​បី​ខែ​នៅ​ក្នុង​ពេទ្យ...​ពីមុន​មក​គាត់​ដឹង​ខ្លួន​ម្តង ម្តង​ទៅ​បាត់​គឺ រស់​ដោយ​សារ​អុកស៊ីសែន‍»។​

លោក​ពេជ្រ ទុំក្រវិល បាន​បង្កើត​ស្នាដៃ​ជាច្រើន​ដោយ​រួម​មាន​ការ​ចងក្រង​និង​សម្តែង​រឿង​ល្ខោន​«ទុំទាវ‍»​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​ដោយ​លោក​ដើរ​តួ​ជា​នេន​ទុំ​ដោយ​ខ្លួន​ឯង។ លោក​បាន​សរសេរ​សម្រួល​ជា​ល្ខោន​យីកេ​រឿង«ម៉ាក់ថឺង‍» និពន្ធ​សៀវភៅ​កំណាព្យ រឿងល្ខោន​និង​របាំ​ខ្មែរ​ជា​ច្រើន​មាន​ដូច​ជា​រឿង​ដំណើរ​ជាតិ​កម្ពុជា និង​លោហិត​ជាតិ​កម្ពុជា​ជាដើម។

មិត្តភក្តិ​និង​សហការីរបស់​លោក​ជាច្រើន​យល់​ថា​ការ​បាត់​បង់​អ្នក​ដែល​មាន​ជំនាញ​វប្បធម៌​កំពូល​នេះ​គឺ​ជាគួរ​ឱ្យ​សោកស្តាយ​និង​ជា​ការបាត់បង់ដ៏​ធំមួយលើ​វិស័យ​វប្បធម៌​ខ្មែរ។

លោក​សាស្រ្តាចារ្យ ព្រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​ជា​អ្នក​ដែល​បាន​ស្គាល់​លោក​ពេជ្រ ទុំ ក្រវិល​ តាំងពី​ទសវត្សរ៍​១៩៦០​បាន​បញ្ជាក់​ថា៖

«គាត់​មាន​ស្នាដៃ​ច្រើន​ហើយ​គាត់​មិន​ចេះ​ចប់​ទេ។ គាត់​នៅ តែ​ជួយ​មើល​ប្អូនៗ​ដូច​ជា​ខ្ញុំ​ហ្នឹង​ជា​អ្នក​ដំឡើង​បង្កើត​ស្នាដៃ​ថ្មី​គាត់​ឱ្យ​យោបល់​។ គាត់​បាន​ជួយ​ឱ្យ​ជា​មតិ​ខ្លះ​និង​ជួយ​ចូលរួម​ការងារ​គ្រប់​យ៉ាង​ជាមួយ​គ្នា។ មួយ​ជីវិត​គាត់​គាត់​ចង់​តែ​នៅ​សរសេរ​សៀវភៅ​ហ្នឹង‍»។​

លោក​ពេជ្រ ទុំក្រវិល​ត្រូវ​បាន​គេ​ផ្តល់​រហ័សនាម​ថា​ជា​«តា​ឥសី‍»​ដោយសារ​តែ​ចរឹក​សណ្តោស​របស់​លោក​ចំពោះ​សហការី​បើ​ទោះបី​ជា​លោក​ខឹង​យ៉ាង​ណា​ក៏ដោយ​គឺ លោក​តែងតែ​ញញឹម​ជានិច្ច។ នេះ​បើ​តាម​ការ​រំលឹក​ឡើង​វិញ​របស់​លោក​ព្រឿង ឈៀង។​

លោក​បាន​បន្ថែម​ទៀត​ថា៖

«គាត់​មាន​មោទនភាព​ណាស់។ គាត់​អត់​ចង់​បាន​អ្វី​ទេ​គាត់​ប្រាប់​ខ្ញុំ​ថា​ធ្វើ​ម៉េច​ឈៀង​ឯង​កុំ​ឱ្យ​កូន​ខ្មែរ​យើង​បាត់​ឯកសារ​ចាស់ៗ​។ គាត់​ជា​មនុស្ស​មួយ​ដែល​ពួក​យើង​ឱ្យ​តម្លៃ​ណាស់​ ជា​មនុស្សឆ្នើម។ ជា​សិល្បករ​ឆ្នើម​ដែល​មាន​មនសិការ​នៅ​លើ​សិល្បៈ​វប្បធម៌​ជាពិសេស​ស្នេហ៍​ជាតិ‍»។

លោក​ក៏បាន​ចូលរួម​រៀបចំ ​ឯកសារ​ដើម្បី ​បញ្ចូល​ល្ខោន​ស្បែក​ធំ​របស់ខ្មែរ​ជា​បេតិកភណ្ឌ​រូបិយ៍​នៅ​ក្នុង​អង្គការ​យូណេស្កូ​ផង​ដែរ។

ក្រៅពី​ ចំណេះដឹង​ដែល​លោក​មាន​គឺ​ការ​លះបង់​របស់​លោក​លើ​ការងារ​សិល្បៈ​និង​វប្បធម៌​ដែល​ធ្វើ​ឱ្យ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ចងចាំ​លោក​ជានិច្ច។​

លោក​សួន ប៊ុនរិទ្ធ​នាយក​អង្គការ​អម្រិតាសិល្បៈ​ដែល​ធ្លាប់​ធ្វើ​ការ​ជួយ​បោះពុម្ភ​ផ្សាយ​ស្នាដៃ​មួយ​ចំនួន​របស់​លោក​ពេជ្រទុំ ក្រវិល​បាន​លើក​ឡើង​ថា៖

«ខ្ញុំ​គិតថា​ជា​ការ​បាត់​បង់​ធ្ងន់​សម្រាប់​ជាតិ​ទាំងមូល​ព្រោះ​លោក​មាន​គុណ​ខ្លាំង​ណាស់​នៅ​ក្នុង​វិស័យ​វប្បធម៌​សិល្បៈ​ខ្មែរ​ហ្នឹង​។លោក​បាន​បន្សល់​ទុក​ស្នាដៃ​ច្រើន​មែន​ទែន​ហើយ​សំណាង​មិន​ល្អ​សុខភាព​លោក​មាន​បញ្ហា​ហើយ​ធ្វើ​ឱ្យ​មានការ​បាត់​បង់​ដ៏​ធំធេង​។ ខ្ញុំ​មិន​ដឹង​ថា​តើ​អ្នក​ណា​គេ​អាច​នឹង​ស្នងតំណែង​ឬក៏​បាន​ទទួលនូវ​មរតក​ចំណេះ​ដឹង​ដែល​លោក​គ្រូ​គាត់​មាន​ហើយ​អាច​លះបង់​ដូច​លោក​គ្រូ​ពេជ្រទុំ ក្រវិល​ គឺ​ខ្ញុំ​រក​អ្នកណា​មក​ប្រៀបធៀប​មិន​បាន​ក្រៅពី​លោកតា​ឆេងផុន​និង​ព្រឹទ្ធាចារ្យ​ពេជ្រទុំ ក្រវិល​នេះ​គឺ​ពីរ​អង្គ​នេះ​សំខាន់​មែន​ទែន​សម្រាប់​ខ្មែរ​យើង‍»។​

លោកសួន ​ប៊ុនរិទ្ធ​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​នឹង​លោក​ពេជ្រ​ទុំ ក្រវិល​លើ​ការរៀបចំ​រឿង​ល្ខោន​ជាច្រើនដូចជារឿងសមោទ័យ និង​កំណាព្យ​រឿង​មហាភារតយុទ្ធ​ដ៏​ល្បី ​និង​ជួយ​បោះពុម្ភ​ផ្សាយ​បណ្តា​ស្នាដៃ​ចុងក្រោយ​របស់​គាត់ដូច​ជា​កំណាព្យរឿង​ចង្រិត​ដែកជាដើម។

សាកសព​របស់​លោក​ពេជ្រ ទុំក្រវិលកំពុង​ដាក់​ដម្កល់​ធ្វើ​បុណ្យ​នៅ ​សង្កាត់​ទួល​សង្កែ​មុន​នឹង​ត្រូវ​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ព្រែក​ក្តាម​នៅ​ថ្ងៃច័ន្ទ៕

XS
SM
MD
LG