នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ត្រូវបានចាត់តាំងឲ្យដឹកនាំក្រុមការងារចម្រុះ ទទួលនិងដោះស្រាយបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះលោក ហ៊ុន សែន និងភរិយារបស់លោកគឺលោកស្រី ប៊ុន រ៉ានី។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលត្រូវបានផ្សព្វផ្សាយតាមអង្គភាពព័ត៌មានក្នុងស្រុកមួយដែលស្និទ្ធនឹងរដ្ឋាភិបាល។
ការបង្កើតក្រុមការងារចម្រុះនេះ ធ្វើឡើងនៅគ្រាមន្ត្រីសិទ្ធិមនុស្សនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសបានឲ្យដឹងថាជម្លោះដីធ្លីជាច្រើន នៅមិនទាន់ត្រូវបានដោះស្រាយ ហើយជម្លោះខ្លះ មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន។
សេចក្ដីសម្រេចរបស់លោក ហ៊ុន សែន ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នឹងត្រូវធ្វើការជាមួយក្រុមមន្ត្រីជាច្រើន ដែលភាគច្រើនមកពីកងទ័ពជាតិនិងកងកម្លាំងការពារលោក ហ៊ុន សែន ហើយនិងស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ឯក ស ថេត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលខេត្តកណ្ដាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្តកណ្ដាលឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន មេធាវីប្រចាំបញ្ជាការដ្ឋានអង្គរក្សលោក ស៊ុយ ឈុនហាក់ និងមន្ត្រីតំណាងមកពីស្ថាប័នរដ្ឋជាច្រើននាក់ទៀត សរុបចំនួន២២នាក់។
ប្រការ២នៃសេចក្ដីសម្រេចរបស់លោកហ៊ុន សែនដដែល បានឲ្យដឹងទៀតថា ក្រុមការងារចម្រុះក្រោមការបញ្ជារបស់លោក ហ៊ីង ប៊ុនហៀង មានភារកិច្ចទប់ស្កាត់ ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា។
ក្រុមការងារចម្រុះដឹកនាំដោយលោក ហ៊ីង ប៊ុនហៀង ក៏មានភារកិច្ចផ្សេងទៀតដោយត្រូវ «សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាមានបាតុករ ច្រើននាក់ដែលមានបំណងមកដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗ ជូនលោកហ៊ុន សែន និងភរិយាលោក»។
ក្រុមការងារចម្រុះខាងលើនេះ ក៏នឹងព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ាឲ្យយល់ពីភារកិច្ចរបស់ការងារចម្រុះ និងច្បាប់ជាធរមានផ្សេងៗ ហើយទទួលពាក្យបណ្ដឹងផ្សេងៗនៅមុខភូមិគ្រឹះលោក ហ៊ុន សែន នៅវិមានឯករាជ្យរាជធានីភ្នំពេញនិងតាខ្មៅ នៅខេត្តកណ្ដាលរួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ដើម្បីសម្រេច ឬធ្វើរបាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
VOA មិនអាចសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅថ្ងៃព្រហស្បតិ៍នេះបានទេ ដោយលោកបានលើកទូរស័ព្ទរួច ហើយក៏ទម្លាក់ទៅវិញ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថារដ្ឋាភិបាលគួរតែពង្រឹងយន្តការដោះស្រាយបណ្ដឹងតវ៉ារបស់ពលរដ្ឋនៅតាមមូលដ្ឋានជាជាងការបង្កើតក្រុមការងារចម្រុះនេះ ដែលលោកនៅមានមន្ទិលពីប្រសិទ្ធភាពការងារ ហើយក៏បារម្ភអំពីការផ្ទុះហិង្សា ដោយសារសមាសភាពភាគច្រើននៃក្រុមការងារនេះគឺជាកងកម្លាំងប្រដាប់អាវុធ។
«យើងឃើញហើយនៅក្នុងអត្ថន័យថា ទីមួយ គឺដើម្បីទទួលពាក្យបណ្តឹង និងដោះស្រាយ នៅក្នុងប្រការផ្សេងចែងថា ដើម្បីទប់ស្កាត់ ជៀសវាងកុំឲ្យមានមនុស្សច្រើនហ្នឹងឡើងមកតវ៉ា អានេះបានន័យថាម៉េច? បានន័យថា បើសិនជាមានការទប់ស្កាត់ មានការអីចឹង អាចជៀសមិនផុតទេ អំពីបញ្ហានៃការបង្ក្រាប នៃការធ្វើឲ្យមានបាតុភាពកើតឡើង អ៊ីចឹងខ្ញុំគិតថា អាចំណុចនេះ វាអត់សូវល្អទេ បើជាចំណុចល្អគឺ ត្រូវតែពង្រឹងយន្តការនៅអាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹង ឲ្យដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព អានោះវាជាល្អ»។
លោក អំ សំអាត ថ្លែងបន្ថែមអំពីការចាត់តាំងកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមជាមួយក្រុមការងារចម្រុះនេះយ៉ាងដូច្នេះ៖
«បើយើងមើលភាគច្រើននៅក្នុងគណៈកម្មការចម្រុះនេះ ភាគច្រើនសុទ្ធតែកងកម្លាំងដែលជានាយឧត្ដមសេនីយ៍ និងឧត្ដមសេនីយ៍ដែលជាកងកម្លាំងទៅទៀត អ៊ីចឹងតើ គណៈកម្មការចម្រុះនោះគោលបំណងដើម្បីដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ឬក៏ដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានការឡើងមកតវ៉ាច្រើននោះបាទ»។
ការចាត់តាំងលោក ហ៊ីង ប៊ុនហៀង ឲ្យទទួលភារកិច្ចដោះស្រាយពាក្យបណ្ដឹងរបស់ពលរដ្ឋនេះ កើតមានឡើង នៅគ្រានាយទាហានជាន់ខ្ពស់កម្ពុជារូបនេះ រងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងវាយប្រហារលើជនរងគ្រោះជាច្រើនក្នុងនោះមានពលរដ្ឋអាមេរិកាំងម្នាក់ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែល VOA ទទួលបានកាលពីខែមិថុនា ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដោយផ្អែកលើច្បាប់សិទ្ធិមនុស្ស Global Magnitskyឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិជនណាដែលរំលោភសិទ្ធិមនុស្សឬប្រព្រឹត្តអំពើពុករលួយ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា លោកហ៊ីង ប៊ុនហៀង និងបញ្ជាការដ្ឋានអង្គរក្សមានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុជាច្រើនដែលក្រុមយោធាត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងក្រុមបាតុករនិងគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៧ មកក្នុងនោះមានការគប់គ្រាប់បែកដែលមានពលរដ្ឋអាមេរិកាំងម្នាក់បានរងរបួស។
បញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើពលរដ្ឋកម្ពុជាដែលគ្មានអាវុធក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនោះមានការវាយប្រហារកាលពីឆ្នាំ២០១៣ នៅក្បែរវត្តភ្នំនិងឆ្នាំ២០១៥នៅមុខរដ្ឋសភាជាតិកម្ពុជា។ នេះបើតាមការរៀបរាប់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក៕