ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ប្រេដ​ អាដាម​ ហ៊ាន​ប្រឈម​នឹង​លោក​ ហ៊ុន សែន​ដែល​ថា​ របាយការណ៍​អំពី​មេទ័ព​ទាំង​១២​​ជា​របាយ​ការណ៍​មិនពិត


លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។ (រូបថត AP)
លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។ (រូបថត AP)

បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ការពារ​មេ​ទ័ព​ទាំង​១២​នាក់​ថា ជា​មនុស្ស​ស្អាត​ស្អំ​ មិន​ដូចការ​ចោទ​ប្រកាន់​ក្នុង​​របាយ​ការណ៍​ចេញ​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ លោក ប្រេដ​ អាដាម ​នាយក​អង្គការ​នេះ​​​ប្រចាំ​តំបន់​អាស៊ី

ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​(Human Rights Watch)​ ​ថ្លែង​ការពារ​របាយ​ការណ៍​របស់​ខ្លួន​និង​ហ៊ាន​បង្ហាញ​ភស្តុតាង​ ​តទល់​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ធ្វើ​ឡើង​ដោយមេទ័ព​ទាំង​១២​រូប​របស់​លោក។​

ការ​អះអាង​របស់លោក​ ប្រេដ​ អាដាម​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ ​បន្ទាប់​ពី​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ការពារ​មេទ័ព​របស់​លោក​ ដោយអះអាង​ថា​ ​មេទ័ព​ជំនិត​ទាំង​១២រូបរបស់​លោក​គឺ​«ជា​មនុស្ស​ស្អាត​ស្អំ»។​

លោក​ ​ប្រេដ​ អាដាម​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​របាយ​ការណ៍​ដែល​ចេញ​ដោយ​អង្គការ​របស់​លោក​ដែល​បង្ហាញ​ថា​ មេ​ទ័ព​ទាំង​១២រូប​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ​គឺ​«ជា​ការណ៍​ពិត»​ ​ហើយ​ថា​ លោក​ ​ហ៊ុន សែន​ ​បរាជ័យ​ក្នុង​ការ​ការពារ​ពួក​គេ​ ​ដោយ​ថា ​លោក ហ៊ុន សែន​ ព្យាយាម​រិះគន់​អង្គការ​របស់​លោកដើម្បី​បង្វែរ​ប្រធាន​បទ ​ដែល​រក​ឃើញ​ថា​ ​ពួក​គេ​ពិត​ជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​មែននោះ។​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ រូប​នេះ​ក៏​បាន​និយាយបន្ថែម ​ដោយ​ជំរុញ​ឲ្យ​លោក​ ​ហ៊ុន សែន បង្ហាញ​ភស្តុតាង​ដែល​ថា ​មេ​ទ័ព​ទាំង​១២​រូប​របស់​លោក​ពិត​ជា​ស្អាត​ស្អំ​ដូច​ការ​អះអាង​របស់​លោក។​

លោក​ ​ប្រេដ​ អាដាម​ ​បញ្ជាក់​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«ឯកសារ​ជាង​២០០​ទំព័រ​នេះ​ត្រូវ​បាន​ចង​ក្រង​យ៉ាង​ល្អ។​ ​ខ្ញុំ​ហ៊ាន​តទល់​នឹងលោក​ ​ហ៊ុន សែន ​ដែល​និយាយ​ថា ​ឯកសារ​នេះ​មិន​ត្រឹម​ត្រូវ។ ​ពួក​យើង​អាច​បន្ថែម​នូវ​ឧទាហរណ៍​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​មេ​ទ័ព​ទាំង​១២​នាក់ និង​ដោយ​លោក​ ​ហ៊ុន សែន​ ​ខ្លួន​ឯង ​ព្រម​ទាំង​ដោយ​មេ​ទ័ព​ជា​ច្រើន​នាក់​ទៀត​ក្នុង​វិស័យ​យោធា»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​(Human Rights Watch)​ កាលពី​ថ្ងៃ​ទី២៨ ​ខែមិថុនា ឆ្នាំ​២០១៨ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួនចំនួន​២១៣​ទំព័រ ​ដែល​មាន​ចំណង​ជើង​ថា ​«រឿង​ទុច្ចរិត​របស់​ឧត្តម​សេនីយ៍​ទាំង​១២​នាក់​របស់​កម្ពុជា៖​ ​ប្រវត្តិសាស្រ្ត​យូរ​អង្វែង​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​ឧត្តម​សេនីយ៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន»។

របាយ​ការណ៍​នោះ​បាន​បញ្ជាក់​ថា​ មេទ័ព​កម្ពុជា​ទាំង​នោះ​បាន​កាន់​តួនាទី​នាំ​មុខ​ទ្រង់ទ្រាយ​ធំៗ​នៃ​អំពើ​ហិង្សា​ខាង​នយោបាយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ថ្មីៗ​នេះ។​ ​ក្នុង​នោះ​មាន​យុទ្ធនាការ​បោះ​ឆ្នោត ដែល​មាន​ការសម្លាប់​ក្នុង​ឆ្នាំ​១៩៩៣​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នៅ​ឆ្នាំ​១៩៩៧​លើការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ជំទាស់ ​និង​ការ​វាយ​យក​អំណាច​យោធា​យ៉ាង​ហិង្សា​របស់​លោក​ ​ហ៊ុន សែន​ ​នា​ពេល​ក្រោយ​មក​ទៀត ​នៅ​ក្នុង​ឆ្នាំ​នោះ ​និង​ការ​សម្លាប់​ខាង​នយោបាយ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។​

ក្រោយ​ការ​ចេញ​របាយ​ការណ៍​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ថ្លែង​ការពារ​មេ​ទ័ព​ទាំង​១២​នាក់នោះ​ ដោយ​និយាយថា​ ​ពួក​គេ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ណាមួយ​នោះ​ទេ។​ ​លោក​ ​ហ៊ុន សែន​ ​ចាត់​ទុក​ថា ​របាយ​ការណ៍​នោះ​ជាការ​ចោទ​ប្រកាន់​គ្មានមូលដ្ឋាន ​និង​ថា ​មិន​មាន​ហេតុ​ផល​ណាមួយ​ដែល​ចាំបាច់​ត្រូវ​ស៊ើប​អង្កេត​ឡើយ។

ក្រៅ​ពី​ថ្លែង​ការពារ​មេ​ទ័ព​ទាំង​១២រូប​នោះ​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ ដែល​តែង​ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហៅ​ថា​ ​«ជាមេ​ដឹក​នាំ​ផ្តាច់​ការ»​ ​ក៏​បាន​ចំអក​ឲ្យ​លោក ​ប៊្រេដ អាដាម ​ប្រធាន​អង្គការ​អន្តរជាតិ​មួយ​នេះ ដោយ​និយាយថា ការ​ធ្វើ​របាយ​ការណ៍​វាយ​ប្រហារ​មេ​ទ័ព​កម្ពុជា​ត្រឹម​តែ​១២​រូបនោះគឺ​ មិន​ទាន់​គ្រប់​ចំនួន​នៅ​ឡើយ។ ​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មិត្ត​ភាព​កម្ពុជា-ចិន​សែន​សុខ​ លោក​ ​ហ៊ុន សែន​ ​ដែល​ជាមេ​ទ័ព​ពាក់ផ្កាយ​មាស​៥​ផុត​លេខ​ បានបញ្ជាក់​ថា៖​

«សូម​ផ្តាំ​ទៅ ប្រេដ​ អាដាម ​អើយ!​ មេ​ទាហាន​នៅ​កម្ពុជា​គេថា​ តិច​ណាស់!​ ទាល់តែ​ដាក់​ទាំង​អស់ ​អាហ្នឹង​បាន​វាគ្រប់!​ ព្រោះ​មិនមាននាយ​ទាហាន​ត្រឹម​១២​នាក់​នោះ​ទេ ​ដែល​ស្មោះ​ត្រង់​ជា​មួយ ហ៊ុន សែន ស្មោះ​ត្រង់​ជា​មួយ​រាជ​រដ្ឋាភិបាល។ មេទាហាន​មួយ​ប្រទេស​ឯណោះ!​ គេ​នៅ​ខ្វះ ​គេសុំ​ឲ្យ​អ្នក​ឯង​ដាក់​ទាំង​អស់​១១​ម៉ឺន​នាក់ដាក់​ទាំង​អស់​មក»!

លោក​ ​ហ៊ុន សែន​ ​ក៏​បានថ្លែង​រិះគន់​អ្នក​វិភាគ​មួយ​ចំនួន​ដោយ​មិន​ចំ​ឈ្មោះ​ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះដើម្បីបង្ហាញ​ពីការ​ពិត​ថា៖​

«អីចឹង​ហ្អែង​ចោទ​អញ​រហូត! ​អញ​ស្រាវជ្រាវ​រហូត​ទៅ?​ ​អត់​បាន​ធ្វើ​ការ​អី...។​ បើ​ទ័ព​មិន​ការពារ​រាជ​រដ្ឋាភិបាល​ទេ មិ​ន​មែន​ទ័ព​ទេ។ នរណា​អ្នក​ចិញ្ចឹម​ទ័ព?​ ទ័ព​ជា​ឧបករណ៍​ការពារ​រដ្ឋ។ ​ប៉ូលិស​ជា​ឧបករណ៍​ការពារ​រដ្ឋ។ ត្រូវ​ស្តាប់​ឲ្យ​បាន!​ បើ​មិន​យល់​ទេ ​ទៅ​រៀន​ម្តង​ទៀត​ទៅ ​អា​បណ្ឌិត​ឆ្កួត»!​

នៅ​មុន​ប្រតិកម្ម​របស់​លោក​ ​ហ៊ុន សែន​ ​មេ​ទ័ព​មួយ​ចំនួន​ដែល​ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​(Human Rights Watch)​ ​ចាត់​ទុក​ថា ​ជា​មេ​ទ័ព​ទុច្ចរិត​ទាំង​១២​នោះ​ ​បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ​ថា ជា​របាយ​ការណ៍​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពីការណ៍​ពិត​នៅ​កម្ពុជា។​

នៅ​ថ្ងៃ​ចន្ទ​ ​ក្រសួង​មហា​ផ្ទៃក៏​បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​វាយ​បក​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដោយ​និយាយ​ថា​ ជា​របាយ​ការណ៍​ក្លែង​ក្លាយ​ ដែល​បង្កប់​ឧបាយកល​ដ៏​ពិស​ពុល។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រសួង​មហា​ផ្ទៃ​ប្រកាស​ថ្កោលទោស​ចំពោះ​អង្គការ​យូមែនរ៉ាយវ៉ច ​(HRW) ​ដែល​មាន​បុគ្គល​ឈ្មោះ​ ប្រេដ​ អាដាម​ ជា​ប្រធាន ​ហើយ​ចាត់​ទុក​ថា ​ការ​ផលិត​របាយ​ការណ៍​នេះ​ជា​ទង្វើ​មិន​អាច​អត់ឱន​ឲ្យ​បាន​ និង​ទាមទារ​ឲ្យ​បុគ្គល​នេះ​ឈប់​ជ្រៀត​ជ្រែក​អធិបតេយ្យភាព​របស់​កម្ពុជា ​តាម​រយៈការ​ផលិត​របាយ​ការណ៍​ក្លែង​ក្លាយ​ ​ដែល​បង្កប់ឧបាយកល​ដ៏​ពិសពុល​ក្នុង​បំណង​ញុះញង់​ ​ប្រកប​ដោយ​គំនុំ​បុគ្គល និង​មាន​និន្នាការ​គាំទ្រ​ជនក្បត់​ជាតិ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា»។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្សប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ​ បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​មេ​ទ័ព​ទាំង​១២រូប​ ​គឺ​ជា​ឥស្សរជន​របស់​កម្ពុជា​ដែល​បាន​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍។​ ​លោក​បន្ថែម​ថា​ ​លោក​ ប្រេដ​ អាដាម​ ​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស ​តែ​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​យល់​ថា ​ប៊្រេដ អាដាម​ នេះ​ដែល​វាយ​តម្លៃ​ថា ​ឥស្សរជន​ទាំង​១២​រូប​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឬ​មួយ​ក៏​ប្រឆាំង​មនុស្ស​ជាតិ​អី​ តាម​គាត់​ថា​នោះ​ ​ខ្ញុំ​យល់​ថា​ ​ប្រេដ​ អាដាម​ ​ក៏​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​ដែរ។​ ​យក​សិទ្ធិ​មនុស្ស​មក​ដើម្បីរំលោភ​លើ​សិទ្ធិ​មនុស្ស​ដោយ​ខ្លួន​ឯង»។​

របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​ដែល​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ង​របស់​មេ​ទ័ព​ខ្មែរ​ទាំង​១២រូប​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ប្រធាន​អង្គ​រក្ស​នាយក​រដ្ឋ​មន្ត្រី​គឺ​លោក​នាយ​ឧត្តម​សេនីយ៍​ ​ហ៊ីង ប៊ុនហៀង​ ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ច្បាប់​ ​Magnitsky Act​ ​របស់​អាមេរិក។​ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មានប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្ត្រី​ដែល​ស្និត​នឹង​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន៕

XS
SM
MD
LG