នៅថ្ងៃចន្ទនេះ លោកហ៊ីង ប៊ុនហៀង មេបញ្ជាការនៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធថា លោកមិនបាននិយាយពីការត្រៀមខ្លួនវាយប្រហារអាមេរិក ដូចក្នុងវីដេអូដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់កងអង្គរក្សនោះទេ។
ក្នុងវីដេអូមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់កងអង្គរក្សកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកត្រូវប្តេជ្ញាការពាររដ្ឋាភិបាល និងការពារថ្នាក់ដឹកនាំកំពូលនៅកម្ពុជា។ តាមរយៈវីដេអូនោះ លោកក៏បានថ្លែងរិះគន់សហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្មលើលោកផងដែរ។
លោកឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងវីដេអូថា៖
«ទស្សនៈរបស់ខ្ញុំគិតចង់រាប់អានជាមួយអាមេរិកណាស់ មិនមែនមិនចង់រាប់អានទេ។ ប៉ុន្តែក៏ត្រៀមវាយអាមេរិកដែរ បើអាមេរិកធ្វើអ្វីមួយទាំងងងើលខុសច្បាប់ យើងក៏ត្រៀមកម្លាំងវ៉ៃគាត់ដែរ អត់មានអ្វីត្រូវចាវជាមួយអាមេរិកទេ។ ហើយមកបង្កកទ្រព្យសម្បត្តិ? ហើយទៅជឿតាមពួកប្រឆាំងមួយក្ដាប់តូចហ្នឹង។ ហើយគាត់បិតាប្រជាធិបតេយ្យ បើគាត់ជាបិតាប្រជាធិបតេយ្យត្រូវមើលឲ្យបានច្បាស់លាស់ថា តើគួរដាក់គំនាបមកលើបុគ្គលដូចខ្ញុំទេ? បើខ្ញុំគ្មានមុខរបររកស៊ីអ្វីផង។ ខ្ញុំជាកងទ័ពមួយជីវិត។ ខ្ញុំគឺការពារជាតិមាតុភូមិ ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលដែលក្រសួងការពារជាតិប្រគល់តួនាទីនេះឲ្យខ្ញុំ»។
លោកហ៊ីង ប៊ុនហៀង គឺជាមេបញ្ជាការកម្ពុជាមួយរូបដែលទើបត្រូវបានសហរដ្ឋអាមេរិកប្រកាសបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក ដោយថា លោកមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា និងការវាយប្រហារលើជនរងគ្រោះជាច្រើននាពេលកន្លងទៅ។
ក្រោយវីដេអូដែលលោកហ៊ីង ប៊ុនហៀង ថ្លែងពីការត្រៀមចង់វាយជាមួយអាមេរិកត្រូវបានបង្ហោះ និងចែកចាយបន្តលើអ៊ីនធឺណិត គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានថ្លែងចំអក និងសម្តែងការមិនពេញចិត្តលើការនិយាយរបស់លោកហ៊ីង ប៊ុនហៀង។
យ៉ាងណាក៏ដោយ លោកហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា លោកមិនបាននិយាយថា ត្រៀមខ្លួនវាយប្រហារអាមេរិកនោះទេ។ លោកបន្ថែមថា ក្នុងវីដេអូនោះ លោកចង់សំដៅលើការវាយប្រហារលើជនខិលខូចមួយចំនួនដែលកំពុងរស់នៅសហរដ្ឋអាមេរិក មិនមែនវាយប្រហារសហរដ្ឋអាមេរិកនោះទេ។
លោកហ៊ីង ប៊ុនហៀង ប្រាប់ VOA ថា៖
«ទៅវាយសហរដ្ឋអាមេរិកយ៉ាងម៉េច? យើងមានអីទៅវាយគេកើត? គេមហាអំណាច ទៅវាយគេកើត? អាហ្នឹងពួកខិលខូច ជនខិលខូចដែលនៅសហរដ្ឋអាមេរិកដែលច្រើននិយាយបំផ្លើសការណ៍ពិត ដូចជាដាក់ទណ្ឌកម្មដាក់អីជាដើម។ល។ អាហ្នឹងក្មួយឃើញស្រាប់ហើយ ដាក់ទណ្ឌកម្មលើឯកឧត្តមហ៊ីង ប៊ុនហៀង គាត់មានរកស៊ីស្អីគាត់។ [...] យើងចង់និយាយថា បុគ្គលដែលខិលខូច ត្រៀមវាយពួកអាខូចហ្នឹង និយាយបំផ្លើស នាំពាក្យបំផ្លើស បង្កាច់បង្ខូចគេ។ អាហ្នឹងនិយាយបុគ្គល»។
បន្ទាប់ពីដាក់ទណ្ឌកម្មលើលោកហ៊ីង ប៊ុនហៀង សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏បានប្រកាសពីការពង្រីកបន្ថែមនូវការដាក់កំហិតទិដ្ឋាការលើបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹង «ការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានក្លាយទៅជាគណបក្សតែមួយគត់ ដែលនឹងដឹកនាំរដ្ឋាភិបាលនិងរដ្ឋសភាថ្មី ក្រោយទទួលបានជ័យជំនះពីការបោះឆ្នោតកាលពីចុងខែកក្កដា ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ៕